website_news:2017012402

ពលករខ្មែរដែលក្រុមចោរសមុទ្រសូម៉ាលី ចាប់បង្ខាំងកំពុងត្រូវការលំនឹងជីវិត

(http://www.khmertimeskh.com/news) ម៉ៃ ទិត្យថារ៉ា MONDAY, 23 JANUARY 2017

ភ្នំពេញ៖(ខ្មែរថាមស៍)លោកញ៉ែមសុខសាន្តអាយុ៣៧ឆ្នាំរស់នៅខេត្តកំពង់ឆ្នាំងដែលជាពលករខ្មែរម្នាក់ក្នុងចំណោម៤នាក់ដែលត្រូវបានក្រុមចោរសមុទ្រសូម៉ាលីចាប់បង្ខាំងទុកអស់រយៈពេលជិត៥ឆ្នាំដើម្បីទាមទារលុយ២០លានដុល្លារដែលបានវិលត្រឡប់មកស្រុកកំណើតវិញកាលពីខែវិច្ឆិកាកន្លងមកពុំទាន់មានមុខរបរអ្វីចិញ្ចឹមជីវិតនៅឡើយ ដោយកំពុងរង់ចាំចូលរៀនជាជាងធ្វើម៉ូតូដើម្បីចាប់យកអាជីពថ្មីចិញ្ចឹមគ្រួសារ។

អង្គុយនៅក្នុងអង្រឹងក្រោមដើមក្រខុប លោក សុខសាន្ត បានថ្លែងថា ចាប់តាំងពីបានវិលត្រឡប់មកដល់ស្រុកកំណើតវិញនោះ គឺរូបលោកក៏ដូចជាអ្នកផ្សេង ៣នាក់ទៀត នៅពុំទាន់មានការងារធ្វើនោះទេ ដោយសារតែរង់ចាំខាងអង្គការនាំទៅរៀនបច្ចេកទេសដែលម្នាក់ៗបានជ្រើសរើស គឺជាងជួសជុល ម៉ូតូ និងឡាន។ លោកបាន ថ្លែង ថា៖ «សព្វថ្ងៃពុំទាន់បានចាប់អាជីពនោះទេគឺនៅតែផ្ទះ ស៊ីដេកៗ ដោយសាររង់ចាំខាងអង្គការគេជួយឲ្យរៀនជួសជុលម៉ូតូដើម្បីមានជំនាញសម្រាប់ចិញ្ចឹមគ្រួសារ ពីព្រោះរៀនជំនាញជួសជុលម៉ូតូនៅពេលចេះយើងបើករកស៊ីអស់ដើមទន់តិច»។ បុរសដែលជាចំណាប់ខ្មាំងរបស់ក្រុមចោរសមុទ្រសូម៉ាលីរូបនោះបានកាន់លិខិតឆ្លងដែនទៅរកការងារធ្វើក្រៅប្រទេសគឺគ្រាន់តែដើម្បីមានលុយផ្គត់ផ្គង់គ្រួសារ និងធ្វើផ្ទះសម្បែងល្មមសម្រាប់រស់នៅសមរម្យតែប៉ុណ្ណោះ។លោកបានថ្លែងថាលោកគិតថានៅស្រុកខ្មែរ ធ្វើការបានលុយតិចសុខចិត្តទៅរកការងារនៅក្រៅប្រទេសក្រែងលោបានលុយច្រើនចិញ្ចឹមគ្រួសារនិងធ្វើផ្ទះនឹងគេមិននឹកស្មានថា បានក្លាយខ្លួនទៅជាចំណាប់ខ្មាំងរបស់ចោរអុីចឹងនោះទេ។ លោកបានថ្លែងថា៖ «ក្នុងមួយជីវិតរបស់ខ្ញុំមិនដែលនឹកស្មានថា បានស្គាល់ចោរសមុទ្រនោះទេ ពីព្រោះអីស្គាល់ចោរសមុទ្រតែតាមក្នុងរឿងវីដេអូ។ ហើយនៅពេលដែលគេប្លន់ គឺដូចនៅក្នុងរឿងតែម្តង គឺបាញ់ សាហាវដូចនៅក្នុងរឿង»។

និយាយរំឭកដល់ចំណុចនេះបុរសមានរាងស្គមស្តើងសក់ខ្លីក៏បានរៀបរាប់អំពីដំណើរជីវិតរបស់លោកដែលចាប់ផ្តើមសម្រេចចិត្តទៅធ្វើការនៅក្រៅប្រទេសថា លោកបានទៅធ្វើការតាមរយៈក្រុមហ៊ុន GiantOcean InternationalFishery ហើយការសម្រេចចិត្តទៅនោះដោយសារតែបងរបស់លោកជាអ្នកដែលប្រកបរបររកស៊ីជាអ្នកនាំមនុស្សទៅធ្វើការនៅម៉ាឡេស៊ីដូច្នេះបងរបស់គាត់សម្រេចឲ្យរូបគាត់ ទៅធ្វើការរយៈពេល ៣ឆ្នាំ នៅជប៉ុន។ លោកបានថ្លែងថា៖ «គាត់ថា ទៅធ្វើការ ៣ឆ្នាំនៅក្រៅប្រទេសទៅ ៣ឆ្នាំដូចបីខែ ម្យ៉ាងទៀតខ្ញុំនៅផ្ទះធ្វើសំណង់ជួនមានការងារធ្វើជួនក៏អត់។ ខ្ញុំក៏សម្រេចចិត្តទៅធ្វើការតាមការណែនាំរបស់បង»។ លោកបានថ្លែងថានៅពេលដែលលោកឈានជើងមកដល់ការិយាល័យរបស់ក្រុមហ៊ុននៅទីក្រុងភ្នំពេញជាមួយប្អូនជីដូនមួយហើយខាងក្រុមហ៊ុនគេក៏បានបើកកុំព្យូទ័រឲ្យមើលថាត្រូវទៅធ្វើការខាងកប៉ាល់ដែលមានថៅកែជាជនជាតិតៃវ៉ាន់។ ប៉ុន្តែប្អូនជីដូនមួយរបស់លោកបានសម្រេចចិត្តត្រឡប់មកផ្ទះវិញ តែសម្រាប់រូបលោកដោយសារតែមកដល់ទីក្រុងភ្នំពេញ រួចទៅក៏សម្រេចចិត្តធ្វើការងារនោះ។ លោកថ្លែងថា៖ «ខ្ញុំទៅបានដោយសារតែរាល់ការធ្វើលិខិតឆ្លងដែនឯកសារផ្សេងៗ ខាងក្រុមហ៊ុនជាអ្នកចេញ នៅពេលធ្វើដំណើរចេញពីប្រទេសកម្ពុជា ខាងក្រុមហ៊ុនឲ្យខ្ចី១០០ដុល្លារប៉ុន្តែនៅពេលដែលធ្វើការបានមួយឆ្នាំកន្លះក្រុមហ៊ុនកាត់យកវិញចំនួន ៣៦០ដុល្លារ»។

បុរសដែលធ្វើដំណើរនៅក្រៅប្រទេសជាលើកដំបូងបានរៀបរាប់បន្តថានៅថ្ងៃទី១៦ខែតុលាឆ្នាំ២០១០ខាងក្រុមហ៊ុនក៏ឲ្យលោកធ្វើដំណើរតាមយន្តហោះដែលមានគ្នាសរុប១០នាក់ទៅប្រទេសម៉ាឡេស៊ីរួចក៏ជិះរថភ្លើងបន្តទៅប្រទេសសិង្ហបុរី។ រួចក៏ធ្វើដំណើរទៅធ្វើការនៅប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីធ្វើការជាអ្នកនេសាទ។ លោកបានថ្លែងថា៖ «ខ្ញុំបានចេញទៅនេសាទ ២លើកដោយក្នុងមួយលើកត្រូវចំណាយពេលនៅលើសមុទ្រ៦ខែ។ ហើយក្នុងមួយខែទទួលបានប្រាក់ខែ១៥០ដុល្លារ។ ខាងក្រុមហ៊ុនគេទុកឲ្យ១០ដុល្លារចាយក្រៅប្រទេសដាក់កុងធនាគារ ១០០ដុល្លារនិងផ្ញើឲ្យប្រពន្ធ ៥០ដុល្លារក្នុងមួយខែ ប៉ុន្តែគិតថ្លៃសេវាអស់ ក្នុងមួយខែប្រពន្ធទទួលបាន២៥ដុល្លារទេ»។

នៅក្នុងភូមិដ៏ស្ងាត់ជ្រងំយូរៗម្តងមានសំឡេងឆ្កែព្រូសបុរសចំណាប់ខ្មាំងរូបនោះនៅបន្តរំឭករឿងកន្លងមកថាក្រុមចោរសមុទ្រសូម៉ាលី បានធ្វើបាបខ្លាំង ជាងរបបខ្មែរក្រហម ទៅទៀត។ ក្នុងចំណោមចំណាប់ខ្មាំង ២៩នាក់ នោះមាន ៣នាក់ស្លាប់ដោយសារឈឺ ហើយក្នុងមួយថ្ងៃឲ្យផឹកទឹក តែមួយលីត្រ។ លោកបានថ្លែងថា៖ «ក្រុមចោរសមុទ្រ ឲ្យរស់នៅលើសមុទ្រ ១ឆ្នាំ បន្ទាប់មកទៀតមករស់នៅក្នុងព្រៃអស់រយៈពេល ៤ឆ្នាំ ៧ខែ ពួកចោរបានដូរកន្លែង ៣៩កន្លែង ហើយការនៅក្នុងព្រៃដោយក្រាលតង់ អាកាសធាតុត្រជាក់នៅពេលយប់ ខ្ញុំបានកាប់រូងសម្រាប់ដេក មិនខុសពីកណ្តុរនោះទេ។បើនិយាយពីការហូបចុកវិញ ប៉ះអីហូបហ្នឹង ហើយខ្ញុំអត់ងូតទឹក ១ឆ្នាំ។ ខ្ញុំងូតទឹកនៅពេលភ្លៀង ខ្ញុំមិនដែលបានបោកខោអាវពេញមួយឆ្នាំ ពេលខ្លះខ្ញុំហូបទឹកនោមខ្លួនឯងដើម្បីរស់។ អ្នកខ្លះឈឺ ស្លាប់ មានបញ្ហាឈឺវាមិនទិញថ្នាំឲ្យទេ គឺទុកឲ្យឈឺរហូតដល់ស្លាប់»។ លោកថ្លែងថា ចាប់តាំងពីគេចាប់ជំរិត ខាងចោរគេឲ្យលោកទូរស័ព្ទមកគ្រួសារ ៣លើកដែរ។លើកទី១លោកបានទូរស័ព្ទមកប្រាប់បងរបស់លោកថាលោកត្រូវបានចោរចាប់ជំរិតហើយផ្តាំមើលប្រពន្ធកូនផង មិនដឹងមានជីវិតបានទៅវិញ ឬអត់ទេ។ លើកទី២ ប្រាប់ថា ក្រុមចោរគេទារ ១លានដុល្លារ ហើយលើកទី៣ ប្រាប់ប្រពន្ធថា កុំបារម្ភអី ខាងអង្គការកំពុងតែចរចាដើម្បីជួយឲ្យមានសេរីភាពវិញ។ លោកបានថ្លែងថា៖ «ខ្ញុំមិនដែលនឹកស្រមៃថា ខ្ញុំមានជីវិតមកប្រទេសខ្មែរ វិញជួបបងប្អូន ប្រពន្ធកូននោះទេ។ ខ្ញុំគិតថា មួយជីវិតនេះមិនអាចវិលត្រឡប់មកប្រទេសខ្មែរ វិញទេ។ ខ្ញុំនៅតែនឹកឃើញគ្រប់រឿង ខ្ញុំមិនអាចបំភ្លេចបានទេ»។

អង្គុយមិនឆ្ងាយប៉ុន្មានពីប្តីនិងពេលខ្លះយកដៃគក់ទ្រូងនៅពេលដែលស្តាប់ប្តីរៀបរាប់អំពីជីវិតជាចំណាប់ខ្មាំងចោរសមុទ្រអ្នកស្រី គង់ សុភាព អាយុ៤៧ឆ្នាំ បានថ្លែងថា រយៈពេលប្តីទៅធ្វើការ ៩ខែ នៅក្រៅប្រទេសគឺខាងក្រុមហ៊ុនគេបើកលុយឲ្យ ៣ខែម្តង ដែលក្នុងរយៈពេល ៣ខែទទួលបាន ២៥ដុល្លារតែប៉ុណ្ណោះ សរុប គឺទទួលបានតែ ៤៥ដុល្លារប៉ុណ្ណោះ ពីការងារប្តីនៅក្រៅប្រទេសមុនចោរចាប់យកធ្វើជាចំណាប់ខ្មាំង។ អ្នកស្រីបានថ្លែងទៀតថា នៅពេលបាត់ដំណឹងប្តីអ្នកស្រីបានធ្វើដំណើរមកទីក្រុងភ្នំពេញដើម្បីសួរដំណឹង ប៉ុន្តែជាអុសលក្រុមហ៊ុនបានបិទ អ្នកស្រីក៏បានដាក់ពាក្យបណ្តឹងទៅអង្គការក្រៅរដ្ឋាភិបាល និងរដ្ឋអំណាច ប៉ុន្តែពុំដែលបានទទួលដំណឹងអ្វីទាំងអស់។អ្នកស្រីបានថ្លែងថា៖ «រហូតដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៤ ខ្ញុំទទួលដំណឹងថា ប្តីនៅរស់ ប៉ុន្តែមិនដឹងថា អាចត្រឡប់មកផ្ទះវិញបាន ឬអត់នោះទេ ព្រោះគាត់ត្រូវបានចោរសមុទ្រចាប់។ នៅពេលទទួលដំណឹងថា ប្តីនៅរស់បើអាចជិះឡានទៅដល់ខ្ញុំជិះទៅភ្លាម តែនេះត្រូវជិះយន្តហោះ ហើយក៏មិនដឹងប្តីនៅម្តុំណាទៀតផងដូច្នេះមានតែអង្គុយដុតធូបបន់ស្រន់ឲ្យប្តីមានសុវត្ថិភាពនិងវិលត្រឡប់មកស្រុកវិញតែប៉ុណ្ណោះ»។

គួរបញ្ជាក់ផងដែរថា ជនរងគ្រោះទាំង ៤នាក់ដែលត្រូវបានជួយសង្គ្រោះនោះមានឈ្មោះ ញ៉ែម សុខសាន្ត រស់នៅភូមិដក់ពង ឃុំឃុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ឈ្មោះ ឯមភូម៉ានីរស់នៅភូមិត្រពាំងបី ឃុំផ្សារឆ្នាំង ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ឈ្មោះ ឃន វណ្ណធី រស់នៅភូមិសំរោង ឃុំបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងឈ្មោះ គីម គឹមហេង រស់នៅភូមិកញ្ជ្រាជ ឃុំកញ្ជ្រាជ ស្រុកឆ្លូង ខេត្តក្រចេះ។ ការចាប់ពួកគេជាចំណាប់ខ្មាំងបានកើតឡើងកាលពីខែមីនា ឆ្នាំ២០១២ នៅពេលកប៉ាល់នេសាទ Naham 3 ត្រូវបានប្លន់នៅដែនសមុទ្រភាគខាងត្បូង នៃប្រជុំកោះ Seychelles នៃទ្វីបអាហ្វ្រិក។នាវានេសាទ FV Naham 3ដែលមានទង់ជាតិនៃប្រទេសអូម៉ង់ (Oman) ផ្ទុកអ្នកនេសាទសមុទ្រចំនួន ២៩នាក់ នេះបើតាមប្រធានការិយាល័យអង្គការសហប្រជាជាតិ ស្ដីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម លោក Alan Cole ដែលមានមូលដ្ឋាននៅប្រទេសកេនយ៉ា។ បើយោងតាមការអះអាងរបស់ក្រុម The Hostage Support Partners ប្រកាសថា ខ្លួនបានរំដោះចំណាប់ខ្មាំងចំនួន ២៦ដែលនៅរស់រានមានជីវិតដែលមកពីប្រទេសវៀតណាម ឥណ្ឌូណេស៊ី ប្រទេសហ្វីលីពីន ប្រទេសចិន ដែនកោះតៃវ៉ាន់ ក្នុងនោះមានជនជាតិកម្ពុជា ចំនួន ៤រូបផងដែរ។ គួរបញ្ជាក់ផងដែរថាទាក់ទងទៅនឹងការជួញដូរកម្លាំងពលករនេះកាលពីខែមេសាឆ្នាំ២០១៤សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ផ្ដន្ទាទោសកំបាំងមុខ ជនជាតិ ចិនតៃវ៉ាន់ ៥នាក់ និងចំពោះមុខម្នាក់ដែលជាប្រធាន និងជាថ្នាក់ដឹកនាំ នៃក្រុមហ៊ុន Giant Ocean International Fishery ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ១០ឆ្នាំ ពាក់ព័ន្ធនឹងការជួញដូរពលករខ្មែរ ចំនួន ១២៨នាក់ ឲ្យទៅធ្វើការនៅក្រៅប្រទេសកាលពីអំឡុងឆ្នាំ២០១០ និង២០១២។ពលករខ្មែរទាំង១២៨នាក់នេះត្រូវក្រុមហ៊ុនសន្យាបញ្ជូនឲ្យទៅធ្វើជាពលករនៅប្រទេសម៉ាឡេស៊ី និង ជប៉ុនតែក្រោយមកត្រូវបានគេបញ្ជូនឲ្យទៅធ្វើជាទាសករនៅលើទូកនេសាទនៅក្នុងលំហសមុទ្រនៅ ប្រទេសហ្វីលីពីន ចិន ហុងកុង ឥណ្ឌា អាហ្វ្រិកខាងត្បូង និងអូស្ត្រាលី។ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍ នៃអគ្គលេខាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ពុំអាចទំនាក់ទំនងដើម្បីធ្វើអត្ថាធិប្បាយបានទេ ប៉ុន្តែលោកស្រីថ្លែងឲ្យដឹងកន្លងមកថា៖ «ក្រសួង កំពុងស្វះស្វែងរកក្រុមហ៊ុន ឬមេខ្យល់ ដែលបានជួញដូរពលករខ្មែរ ទាំង ៤រូបទៅនេសាទនៅក្រៅប្រទេស រហូតជួបគ្រោះអកុសលបែបនេះ»។

លោក គីម រតនា នាយកអង្គការការីតាសកម្ពុជា បានថ្លែងថា ចំពោះពលករខ្មែរម្នាក់ក្នុងចំណោម ៤នាក់ដែលត្រូវបានក្រុមចោរសមុទ្រសូម៉ាលី ចាប់បង្ខាំងទុកអស់រយៈពេលជិត ៥ឆ្នាំ អង្គការរបស់លោកកំពុងតែសិក្សាអំពីគ្រួសាររបស់ពួកគាត់បន្ទាប់ពីពួកគាត់ពីរនាក់នៅ ខេត្តកំពង់ឆ្នាំង បានដាក់ពាក្យស្នើសុំរៀនជួសជុលម៉ូតូ។ លោកថ្លែងថា៖«យើងមិនត្រឹមតែផ្តល់ជំនាញវិជ្ជាជីវៈដល់ពួកគាត់នោះទេគឺយើងនឹងបើកមុខរបរដល់ពួកគាត់នៅពេលដែលគាត់រៀនចប់»។

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស (Central)លោកមឿនតុលាបានថ្លែងថា មានកត្តាជាច្រើនដែលបណ្តាលឲ្យពលរដ្ឋកម្ពុជា នៅតែបន្តចំណាកស្រុក គឺដោយសារតែភាពក្រីក្រ ភាពគ្មានការងារធ្វើនៅក្នុងស្រុកដោយសារតែរដ្ឋាភិបាលពុំទាន់បានគិតគូរដល់ និងកង្វះខាតផ្នែកទទួលព័ត៌មាន។ ម្យ៉ាងទៀតនីតិវិធីរបស់រដ្ឋស្មុគស្មាញ និងតម្លៃខ្ពស់ធ្វើឲ្យពលរដ្ឋសម្រេចចិត្តទៅធ្វើការតាមរយៈមេខ្យល់។ លោកបានថ្លែងថា៖«ប្រសិនបើរដ្ឋាភិបាលបង្កើនការងារតាមរយៈជំរុញវិស័យកសិកម្មនោះពលរដ្ឋនឹងមានការងារធ្វើច្រើន ហើយគាត់មិនសម្រេចចិត្តប្រថុយប្រថានក្នុងការធ្វើចំណាកស្រុក»។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញថា ក្នុងឆ្នាំ២០១៦ (គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ) ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅក្រៅប្រទេស បានជួយដោះស្រាយបញ្ហាជូនពលរដ្ឋ ពលករ-ពលការិនី និងស្ត្រីខ្មែរដែលរងគ្រោះដោយការធ្វើបាបពីថៅកែ ការជួញដូរ និងផលលំបាកក្នុងការងារ ឲ្យបានត្រលប់មកកាន់គេហដ្ឋានពួកគេវិញ បានចំនួន ៨១៦នាក់។ ក្រសួងការបរទេស បានបញ្ជាក់ពីចំនួនពលករ-ពលការិនីខ្មែរ ដែលត្រូវបានជួយសម្រួល និងរៀបចំបញ្ជូនត្រលប់មកប្រទេសខ្លួនវិញ ដូចជាប្រទេសថៃ ចំនួន ១៣៩នាក់ (ក្នុងនោះ ១១០នាក់ រស់នៅ និងធ្វើការខុសច្បាប់ ២នាក់ប្រព្រឹត្តបទល្មើសក្លែងត្រា ២២នាក់កាប់ឈើខុសច្បាប់ និង៥នាក់រងការបំពានពីនិយោជក) ប្រទេសវៀតណាម ចំនួន ២៣១នាក់ ប្រទេសឡាវ ចំនួន ២នាក់ ប្រទេសម៉ាឡេស៊ី ចំនួន ២៧២នាក់ ប្រទេសឥណ្ឌូណេស៊ី ចំនួន ៧៨នាក់ ប្រទេសសិង្ហបុរី ចំនួន ៦នាក់ ប្រទេសហ្វីលីពីន ចំនួន ៤នាក់ ប្រទេសចិន ចំនួន ៦៤នាក់ ប្រទេសជប៉ុន ចំនួន ១៦នាក់ ប្រទេសអូស្ត្រាលី ចំនួន ១នាក់ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ចំនួន ១នាក់ និងប្រទេសរុស្សុី ចំនួន ២នាក់។

គួរបញ្ជាក់ផងដែរថា ក្រុមពលករប្រទេសកម្ពុជា ប្រមាណជាង ៦០ម៉ឺននាក់ កំពុងធ្វើការនៅបណ្តាប្រទេសមួយចំនួនដូចជា ម៉ាឡេស៊ី ថៃ សិង្ហបុរី ជប៉ុន និងប្រទេសកូរ៉េ ជាដើម ដែលប្រទេសទាំងនេះបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងប្រទេសកម្ពុជា សម្រាប់នាំពលករទៅធ្វើការនៅទីនោះ។ អង្គុយក្បែរកូនស្រីអាយុ ១៤ឆ្នាំ ដែលកាលលោកចាកចេញទៅធ្វើការនៅក្រៅប្រទេសអាយុទើបតែ ៦ឆ្នាំនោះ លោក ញ៉ែម សុខសាន្ត បានថ្លែងថា៖ «សម្រាប់ទៅថ្ងៃខាងមុខសង្ឃឹម យកអាជីពធ្វើជាជាងម៉ូតូ ដោយបើកហាងម៉ូតូនៅផ្ទះ»៕

website_news/2017012402.txt · Last modified: 2017/09/07 12:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki