website_news:2017012403

ក្រោយអង្វរតាមហ្វេសប៊ុកឱ្យគេជួយ ឥឡូវប៉ូលិសជប៉ុនសង្គ្រោះស្ត្រីកម្ពុជាច្រើននាក់ដែលពួកជួញដូរមនុស្សល្បួងឱ្យធ្វើស្រីខូច

(http://khmeread.com/posts) January 23, 2017 04:27PM

យោងតាមប្រភព Daily Mail បានឱ្យថា ប៉ូលិសជប៉ុននិយាយនៅថ្ងៃចន្ទទី២៣មករានេះថា ពួកគេបានចាប់ខ្លួនមនុស្សបីនាក់ក្នុងករណីជួញដូរផ្លូវភេទ ដែលពាក់ព័ន្ធស្ត្រីកម្ពុជា និង រកឃើញស្ត្រីថៃ ១០ នាក់ទៀត ដែលអាចជាជនរងគ្រោះនៃក្រុមជួញដូរផ្លូវភេទដូចគ្នានេះដែរ។

បុរសជប៉ុនពីរនាក់ និងស្ត្រីថៃម្នាក់ត្រូវបានឃុំខ្លួន បន្ទាប់ពីតាមការចោទប្រកាន់បានបង្ខំស្ត្រីកម្ពុជា ៧ នាក់ អាយុខ្ទង់ ២០ ទៅ ៣៦ ឆ្នាំ ធ្វើជាអ្នករកស៊ីផ្លូវភេទ។

ស្ត្រីទាំងនេះត្រូវបានសង្គ្រោះពីភោជនីយដ្ឋានមួយក្នុងអាណាខេត្តគុនម៉ា ភាគពាយ័ព្យទីក្រុងតូក្យូកាលពីខែមុន បន្ទាប់ពីជនរងគ្រោះម្នាក់បានអង្វរសុំឱ្យជួយតាមហ្វេសប៊ុកទាំងអស់សង្ឃឹម។

ប៉ូលិសបានឆ្មក់ចូលភោជនីយដ្ឋាន និងផ្ទះរបស់ជនសង្ស័យ កន្លែងដែលពួកគេរកឃើញស្ត្រី ១០ នាក់ទៀតមកពីថៃ អាយុចន្លោះ ២១ ទៅ ៣៤ ឆ្នាំ។

ស្ត្រីថៃជាច្រើនត្រូវបានឃុំខ្លួនសម្រាប់ការរំលោភទិដ្ឋាការ។ នេះបើតាមសម្តីអ្នកនាំពាក្យប៉ូលិស ដែលនិយាយក្នុងសេចក្តីប្រកាសលើកទីមួយអំពីការចាប់ខ្លួនមនុស្សទាំងបីនាក់។

អ្នកនាំពាក្យនោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា “ប៉ុន្តែនៅពេលណាដែលពួកគេត្រូវបានកំណត់ថាជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស ពួកគេនឹងត្រូវដោះលែងភ្លាម”។

ជប៉ុនជាគោលដៅទាក់ទាញជាយូរមកហើយសម្រាប់ស្ត្រីអាស៊ីអាគ្នេយ ដែលស្វែងរកប្រាក់ឈ្នួលខ្ពស់ តែបានឃើញខ្លួនឯងត្រូវគេបង្ខំរកស៊ីផ្លូវភេទ ឬ ធ្វើការប្រើកម្លាំងជាប់កិច្ចសន្យា ដោយគ្មានប្រាក់ខែ។

ស្ត្រីកម្ពុជាទាំង ៧ នាក់ត្រូវបានអូសទាញឱ្យមកធ្វើការនៅភោជនីយដ្ឋានជប៉ុនកាលពីខែវិច្ឆិកា ជាមួយការសន្យាផ្តល់ប្រាក់បៀរវត្សរ៍ខ្ពស់ដោយម្ចាស់ជនជាតិជប៉ុន ដេលរៀបចំទិដ្ឋាការ និង ថ្លៃហោះហើរសម្រាប់ពួកគេ។ នេះបើយោងតាមក្រសួងការបរទេសកម្ពុជា។

ជនរងគ្រោះបានប្រាប់ប៉ូលិសថា ពួកគេត្រូវបានសន្យាផ្តល់ប្រាក់បៀរវត្សរ៍ ៣.០០០ ក្នុងមួយខែ ប៉ុន្តែក្រោយមកត្រូវបានបង្ខំឱ្យបម្រើការខាងផ្លូវភេទ៕

website_news/2017012403.txt · Last modified: 2017/09/07 12:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki