website_news:2017012501

ទាល់តែឮទូរស័ព្ទទៅសមត្ថកិច្ច ទើបប្រគល់ឲ្យគ្រប់ចំនួន

(https://www.khmerload.com/news) អង្គារ ២៤ មករា, ២០១៧ ១៥:៥៤

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីជាពលករម្នាក់ បានឱបកូនស្រីសម្រក់ទឹកភ្នែកខណៈប្តីរបស់នាងតាមសុំប្រាក់ថ្លៃ ជូនផ្លូវពីគេវិញគេឲ្យមិនគ្រប់ ។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ក្នុងបរិវេណវត្តបាលិលេយ្យ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ពលកររងគ្រោះខាងលើ ប្តីឈ្មោះ លឿត ឡាំ អាយុ៣០ឆ្នាំ ប្រពន្ធឈ្មោះ ថន មុយគា អាយុ២៩ឆ្នាំ និងកូនស្រីម្នាក់អាយុ៣ឆ្នាំ មកពីភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។ ស្ត្រីពលករខាងលើបានរៀបរាប់ ទាំងសម្រក់ទឹកភ្នែកថា នាងនិងប្តីបាននាំកូនស្រីចេញពីស្រុកប្រុងទៅ ក្រុងបាងកកធ្វើការផ្នែកកាត់ដេរ ។ នាងបន្តថា អ្វីដែលនាង និងក្រុមគ្រួសារខឹងនោះគឺ ក្រោយចុះពីរថយន្ត នៅមុខវត្តបាលិលេយ្យ ជាចំណុចកើតហេតុ បែរជាមានម៉ូតូឌុប ចាប់ប្រទាញប្រទង់ដឹក យកទៅច្រករបៀងខុសច្បាប់មួយហើយយកប្រាក់អស់ ១៥០០បាត បន្ទាប់មកគេឲ្យអង្គុយក្នុងអូរព្រំដែន ហើយអ្នកដឹកនោះចេញមកវិញបាត់ ។ គ្រួសាររងគ្រោះខាងលើបន្តថា ដោយសារខ្លាចចាញ់បោកគេ ក៏នាំគ្នាហៅម៉ូតូអ្នកផ្សេងដឹកមកកន្លែងដើមវិញ ដីម្បីទារប្រាក់វិញ តែពេលដល់កន្លែងដើមហើយបែរជាមិនឃើញអ្នកម៉ូតូឌុបនោះទេ លុះទូរស័ព្ទសុំប្រាក់វិញ បែរជាឲ្យតែ ១០០០បាតតាមរយៈអ្នកផ្សេង គឺខាត៥០០បាត មួយប៉ប្រិចភ្នែក ដោយគេថា៥០០បាតនោះជាថ្លៃដឹកយកទៅព្រំដែន ។

យ៉ាងណាក៏ដោយ ករណីខាងលើនេះគ្រួសាររងគ្រោះបានទទួលប្រាក់៥០០បាតវិញបន្ថែមទៀត បន្ទាប់ពីអ្នកយកប្រាក់មកឲ្យជំនួសនោះឮគ្រួសាររងគ្រោះរាយការណ៍ទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។

លោកវរសេនីយ៍ទោ ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាកម្លាំងក្រោមឱវាទចុះដល់កន្លែងកើតហេតុ ដើម្បីជួយដល់ពលកររងគ្រោះ និងដើម្បីក្របួចជនសង្ស័យតែយឺត ពេលបន្តិចទៅហើយ ដោយសារអ្នកជូនផ្លូវ យកប្រាក់ពលកររងគ្រោះមិនហ៊ានមកកន្លែងកើតហេតុ ឯអ្នកយកប្រាក់ឲ្យជំនួស ក៏គេចទៅបាត់មុនពេលសមត្ថកិច្ចទៅដល់ ៕

website_news/2017012501.txt · Last modified: 2017/08/24 15:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki