website_news:2017012603

ពលរដ្ឋខ្មែររងគ្រោះ១៦នាក់ ធ្វើការលើទូកនេសាទនៅឥណ្ឌូនេស៊ី ត្រូវបានជួយសង្គ្រោះមកកម្ពុជាវិញ

(http://www.cen.com.kh/local) (ថ្ងៃទី 25 មករា 2017, ម៉ោង 04:57:PM) | ដោយ: ឧត្តម

ភ្នំពេញ: លោកជុំ សុន្ទរី អ្នកនាំពាក្យនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី សហការជាមួយអាជ្ញាធរឥណ្ឌូនេស៊ី និងអង្គការ អន្តរជាតិទេសន្តរប្រវេសន៍(IOM) បានរៀបចំមាតុភូមិនិវត្តន៍ ជូនពលរដ្ឋខ្មែររងគ្រោះចំនួន១៦នាក់ (ក្នុងចំណោម១៨នាក់) ដែលជាពលករលើទូកនេសាទឈ្មោះ KM.JHF 6525 T បន្ទាប់ពីពួកគេត្រូវបានឃាត់ខ្លួនមួយរយៈនៅការិយាល័យអន្តោប្រវេសន៍ប្រចាំទីក្រុង Tanjung Pinang ប្រទេសឥណ្ឌូនេស៊ី និងក្រោយពីស្ថានទូតនិងអង្គការIOM បានបញ្ចប់ការសាកសួរ ដើម្បីកំណត់អត្តសញ្ញាណ រួចមក។ លោកបានបញ្ជាក់ថា ពលរដ្ឋខ្មែររងគ្រោះទាំង១៦នាក់ ត្រូវមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមការរៀបចំ និងកាលបរិច្ឆេទដោយឡែកពីគ្នា ដោយក្រុមទី១ មានចំនួន៨នាក់ បានមកដល់នៅថ្ងៃទី២៤ មករា ឆ្នាំ២០១៧ វេលាម៉ោង១៩:៣៥ នាទី និងក្រុមទី២ មានចំនួន៨នាក់ នឹងមកដល់នៅថ្ងៃទី៣០ មករា ឆ្នាំ២០១៧ វេលាម៉ោង១៩:៣៥ នាទី។ ក្រៅពីនេះ តាមការណែនាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី កំពុងទាមទារប្រាក់ខែនិងផលប្រយោជន៍ផ្សេងៗទៀតពីម្ចាស់ទូកនេសាទ ជូនពលករខ្មែរទាំង១៨នាក់ផងដែរ។ ពលករទាំងអស់មានសុខភាពល្អធម្មតា ទទួលបានកន្លែងស្នាក់នៅសមរម្យ និងអាហារបរិភោគគ្រប់គ្រាន់ អំឡុងពេលជាប់ឃុំនៅការិយាល័យអន្តោប្រវេសន៍ប្រចាំទីក្រុង Tanjung Pinang ។

សូមរំលឹកថា ពលរដ្ឋខ្មែរទាំង១៨នាក់ មានអាយុចន្លោះពី១៧ឆ្នាំទៅ៥៨ឆ្នាំ មកពីខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កំពត និងកំពង់ធំ បានចូលក្នុងប្រទេសថៃ នៅចុងខែមិថុនា ឆ្នាំ២០១៦ ស្នាក់នៅក្នុងខេត្តប៉ាតានី ជាមួយមិត្តភក្តិនិងបងប្អូន ហើយបន្ទាប់មក ត្រូវបានម្ចាស់ទូកនេសាទនាំទៅនេសាទនៅខេត្ត Endau ប្រទេសម៉ាឡេស៊ី។ ម្ចាស់ទូកនេសាទ បានសន្យាជាមួយពួកគាត់ថា នឹងផ្តល់ប្រាក់ខែយ៉ាងតិច៥ពាន់បាត ក្នុង១ខែ ឬច្រើនជាងនេះ ប្រសិនបើរកត្រីបានច្រើន និងធ្វើការនេសាទនៅក្នុងដែនសមុទ្រម៉ាឡេស៊ីតែ ប៉ុណ្ណោះ។ ពួកគេត្រូវធ្វើការយ៉ាងតិច១៥ម៉ោងក្នុង១ថ្ងៃ ហើយការសម្រាកនិងអាហារបរិភោគ មិនបានគ្រប់គ្រាន់ឡើយ។ ក្រោយពីនេសាទបានជាង២០ថ្ងៃ ទូកនេសាទដែលមានឈ្មោះ KM.JHF 6525 T នោះ បាន ចូលនេសាទដោយគ្មានការអនុញ្ញាតក្នុងដែនទឹកឥណ្ឌូនេស៊ី រួចត្រូវបានឃាត់ដោយឆ្មាំសមុទ្រឥណ្ឌូនេស៊ី។

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ពលករខ្មែរទាំង១៨នាក់ ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីឃុំខ្លួនបណ្តោះអាសន្ន នៅការិយាល័យអន្តោប្រវេសន៍ Immigration Class III Tarempa ប្រចាំកោះRiau។ បន្ទាប់មក នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ពលករខ្មែរចំនួន១៦នាក់ (ក្នុងចំណោម១៨នាក់) ត្រូវបានបញ្ជូនបន្តទៅការិយាល័យអន្តោប្រវេសន៍ប្រចាំទីក្រុង Tanjung Pinang តាមសំណើសុំរបស់ស្ថានទូត និងអង្គការIOM ដើម្បីសម្រួលក្នុងការធ្វើដំណើរទៅសម្ភាសនិងកំណត់អត្តសញ្ញាណ ខណៈដែលពលករ២នាក់ផ្សេងទៀត ត្រូវបានការិយាល័យអន្តោប្រវេសន៍ប្រចាំកោះ Riau ស្នើទុកសម្រាប់ធ្វើជាសាក្សី ដើម្បីកាត់ទោសម្ចាស់ទូកនេសាទ។ ចាប់ពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ តំណាងស្ថានទូតនិងអង្គការ IOM បានធ្វើការសម្ភាសន៍ផ្ទាល់ជាមួយពលករខ្មែរទាំង១៦នាក់ និងកំណត់បានថា ពួកគេពិតជាជនរងគ្រោះជនជាតិខ្មែរ ប្រាកដមែន។

ចំណែកពលរដ្ឋខ្មែររងគ្រោះ២នាក់ផ្សេងទៀត ត្រូវបានសម្ភាសនិងកំណត់អត្តសញ្ញាណរួចហើយ រង់ចាំការត្រឡប់មកកម្ពុជាវិញក្នុងពេលឆាប់ៗខាងមុខនេះ ក្រោមការសម្របសម្រួលរបស់ស្ថានទូត អាជ្ញាធរ ឥណ្ឌូនេស៊ី និងអង្គការIOM នៅទីក្រុងហ្សាកាតា៕

website_news/2017012603.txt · Last modified: 2017/09/07 12:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki