website_news:2017012605

គណៈកម្មការឲ្យពលករនៅថៃ ប្រយ័ត្នពីការយកកម្រៃលើស

(http://www.postkhmer.com) Thu, 26 January 2017 សែន ដាវីត

ភ្នំពេញៈ គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃកាលពីម្សិលមិញបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបានសំណូមពរឲ្យពលករខ្មែរ ដែលនៅទីនោះប្រុងប្រយ័ត្នចំពោះជនឱកាសនិយមរឿងយកថ្លៃសេវាលើសកម្រៃ។

តាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា គណៈកម្មការបានអំពាវនាវដល់បងប្អូនពលករខ្មែរត្រូវបង្កើនស្មារតីប្រុងប្រយ័ត្ន និងសូមសាកសួរព័ត៌មានឲ្យបានច្បាស់អំពីប្រភេទតម្លៃសេវាដែលត្រូវបង់ទៅភាគីកម្ពុជា និងទៅភាគីថៃដើម្បីចៀសវាងនិយោជក ឬតំណាងនិយោជកខិលខូចមួយចំនួន ឬជនឱកាសនិយមភូតកុហកដោយពេលជួបភាគីថៃថាត្រូវបង់សេវាលើសមកភាគីកម្ពុជាតែនៅពេលជួបភាគីកម្ពុជាបែរជាលើកឡើងថាត្រូវបង់លើសទៅខាងភាគីថៃ។ សេចក្ដីប្រកាសនោះក៏បានលើកឡើងដែរថាដើម្បីទប់ស្កាត់បាតុភាពនេះភាគីថៃ និងកម្ពុជាបានឯកភាពគ្នាបង្កើនល្បឿនក្នុងការផ្តល់សំណុំលិខិតដែលសុំភាពស្របច្បាប់នេះ ដោយគណៈកម្មការបាននិងកំពុងស្នើសុំការអនុញ្ញាតពីភាគីថៃដើម្បីឲ្យមន្រ្តីគណៈកម្មការអាចធ្វើដំណើរទៅផ្ដល់សំណុំលិខិតទាំងនេះដល់នៅកន្លែងធ្វើការរបស់ពលករកម្ពុជាផ្ទាល់តែម្តង ឬមួយបើកផ្តល់ឲ្យពួកគេនៅតាមបណ្តាស្រុកនៃខេត្តដែលមានពលករកម្ពុជាកំពុងធ្វើការនោះតែម្ដង។

កាលពីថ្ងៃទី ១៧ ខែមករាថ្មីៗនេះ ពលករខ្មែរដែលធ្វើការនៅប្រទេសថៃឈ្មោះ ជ័យ តេជៈ អាយុ ៣៦ ឆ្នាំដែលតំណាងឲ្យពលករ-ពលការិនីប្រមាណជា ៥០០ នាក់បានដាក់លិខិតទៅប៉ូលិសថៃស្នើសុំធ្វើកូដកម្មប្រឆាំងមន្រ្តីកម្ពុជា ដែលថាពួកគេមិនបានបង់ប្រាក់ថ្លៃលិខិតឆ្លងដែនគ្រប់ចំនួន។ ប៉ុន្តែបញ្ហានេះត្រូវបានពលករឈ្មោះ ជ័យ តេជៈ រៀបរាប់នៅក្នុងលិខិតនោះថា ពលករបានបង់ប្រាក់គ្រប់ចំនួនរួចរាល់ហើយ ដើម្បីទាមទារលិខិតឆ្លងដែន ដែលពួកគេធ្វើតាំងពីឆ្នាំ ២០១៤ មកនោះ។ ទោះបីយ៉ាងណាលោកថាករណីនេះត្រូវបានមន្រ្តីឲ្យបង់ប្រាក់បន្ថែមទៀតទើបអាចទទួលបានលិខិតឆ្លងដែនដែលជាហេតុធ្វើឲ្យពួកគេកើតទុក្ខមិនសុខចិត្ត។

ចំណែកខាងគណៈកម្មការផ្តល់ភាពស្របច្បាប់បានបញ្ជាក់ថាបច្ចុប្បន្នគណៈកម្មការបានបោះពុម្ពលិខិតឆ្លងដែនលិខិតធ្វើដំណើរសម្រាប់ពលករកម្ពុជាទៅធ្វើការនៅបរទេស និងប័ណ្ណពលករកម្ពុជាបានចំនួន ២៣១៦២៦ នាក់ និងបានត្រៀមទទួលស្វាគមន៍ជានិច្ចក្នុងការផ្តល់សំណុំលិខិតទាំងនេះជូនដល់ពលករកម្ពុជាទៅតាមនីតិវិធីដែលបានឯកភាពរវាងភាគីថៃ និងកម្ពុជាតែសាមីពលករត្រូវបង់សេវាផ្តល់នេះចំនួន ៩៥០ បាតជូនគណៈកម្មការ និងចំនួន ៥០០ បាតជូនដល់ការិយាល័យអន្តោប្រវេសន៍ថៃ៕

website_news/2017012605.txt · Last modified: 2017/09/07 12:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki