website_news:2017012701

ពលករខ្មែរ៤នាក់ត្រូវជនជាតិថៃបាញ់ស្លាប់ពីរនាក់ និងរបួសធ្ងន់ម្នាក់

(http://www.ppd-news.net) 26-January-2017 / ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ៖ពលករខ្មែរដែលចូលទៅស៊ីឈ្នួលកាប់អំពៅ ត្រូវបានក្មេងស្ទាវដែលជាជនជាតិថៃ បាញ់ប្រហារឆៅៗ បណ្តាលអោយស្លាប់ពីរនាក់ របួសធ្ងន់ដែលកំពុងស្ថិតក្នុងដង្ហើមចង្រិតម្នាក់ និងបានរត់រួចម្នាក់ ដែលរហូតមកទល់នឹងពេលនេះយុវជនដែលរត់រួចនៅតែមិនទាន់យល់អំពីមូលហេតុនៃការបាញ់ប្រហារនេះទាល់តែសោះ ដោយសារតែពួកគេទាំង៥នាក់គឺជាមិត្តភក្តិនឹងគ្នាផង ហើយធ្លាប់ផឹកស៊ីជាមួយគ្នាផង។

តាមរបាយការណ៍របស់ក្រុមតម្រួតថៃបានអោយដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៤ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៦ល្ងាច ត្រង់ចំណុចក្នុងចំការអំពៅមួយកន្លែងស្ថិតក្នុងភូមិទី១០ឃុំផ្លាប់ផ្លាឆៃស្រុក អ៊ូថង ខេត្តសុផាន់បុរី ប្រទេសថៃ។ របាយការណ៍បានបន្តថា ក្រោយពីទទួលបាននូវសេចក្តីរាយការណ៍រួចមកកំលាំងតម្រួតបានចេញប្រតិបត្តិការទៅកាន់ទីតាំងខាងលើ ដោយជំហានដំបូងគឺបានប្រទះឃើញសពយុវជនម្នាក់ដែលគេអះអាងថា មានឈ្មោះ ភឹង អាយុ៣០ឆ្នាំជាកម្មករស៊ីឈ្នួលកាប់ដើមអំពៅ គឺដេកស្លាប់ក្នុងថ្លុកឈាមដោយមានស្នាមត្រូវនឹងគ្រាប់កាំភ្លើងចំនួន១គ្រាប់ត្រូវចំក្បាល។ នៅចំងាយប្រមាណ៣០០ម៉ែត្រពីសពនោះក្រមតម្រួតថៃក៏បានប្រទះឃើញសពមនុស្សម្នាក់ទៀតឈ្មោះ ណាង ភេទប្រុស អាយុ២០ឆ្នាំជាកម្មករខ្មែរ ដែលដេកស្លាប់នៅក្នុងចំការអំពៅ គឺមានស្នាមត្រូវចំឆ្អឹងជំនីខាងស្តាំចំនួនពីរគ្រាប់រីឯម្នាក់ទៀតដែលកំពុងស្ថិតក្នុងដង្ហើមចង្រិតដោយសារតែមានក្បាលគ្រាប់ចំនួនមួយគ្រាប់បានបៀមជាប់នៅត្រង់ពោះទឹក ដែលជននោះមានឈ្មោះ ចក់ ភេទប្រុសអាយុ២៣ឆ្នាំដោយភ្លាមៗនោះដែរក្រុមតម្រួតបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។

តាមការរៀបរាប់ពីយុវជនម្នាក់ដែលបានរត់រួចពីសេចក្តីស្លាប់ បាននិយាយរឿងរ៉ាវទាំងអស់នេះប្រាប់ទៅសមត្ថកិច្ចថានៅមុនពេលកើតហេតុគឺខ្លួនបានធ្វើដំណើរទៅផ្ទះយុវជនម្នាក់ ដែលជាជនជាតិថៃឈ្មោះបែងអាយុប្រហែល២៦ឆ្នាំ ដើម្បីបញ្ជាក់បករាប់ថាឈើដែលឈ្មោះបែង ចង់យកទៅលក់អោយឪពុករបស់ឈ្មោះ ភឹង គឺគាត់ឈប់ទិញហើយរួចខ្លួនក៏បានវិលត្រឡប់មកកាន់ទីកន្លែងស្នាក់នៅវិញ ។ ភ្លាមៗនោះដែរស្រាប់តែគេឃើញឈ្មោះ បែង ជិះម៉ូតូម៉ាកហុងដាវេវ ពណ៌ទឹកសមុទ្រពាក់ស្លាកលេខ២១១៥ដោយគេបានជិះមកស្ទាក់ពីមុខរួចបានដកកាំភ្លើងខ្លីចេញពីចង្កេះមកភ្ជង់ដោយធ្វើកាយវិការដូចជាចង់បាញ់មកលើពួកខ្លួន ប៉ុន្តែខ្លួនបានគិតថា ប្រហែលជាគេធ្វើលេងទេព្រោះសុទ្ធតែជាមនុស្សស្គាល់គ្នាផងហើយក៏ធ្លាប់ផឹកស៊ីជាមួយគ្នាផង ។ មិនដូចជាការគិតនោះទេស្រាប់តែឃើញគេបាញ់មែនទែនទៅលើមិត្តភក្តិរបស់ខ្លួនទើបនាំគ្នារត់ចូលចំការអំពៅរៀងៗខ្លួន ដោយជនជាតិថៃរូបនេះនៅតែព្យាយាមតាមបាញ់ប្រហាររហូតចំបក្ខពួកធ្វើអយរបួស និងស្លាប់ ៣នាក់ ឯខ្លួនក៏បានរត់រួច ដោយបានទៅរាយការណ៍អោយសមត្ថកិច្ចមកជួយអន្តរាគមន៍ដោយនៅពេលនោះដែរជនដៃដល់ក៏បានគេចខ្លួនបាត់ស្រមោលដែរ ។ ហើយខ្លួនក៏នៅមិនទាន់យល់ទាល់តែសោះអំពីការតាមបាញ់ប្រហារគ្នាឯងបែបនេះមិនដឹងថាមកពីមូលហេតុអ្វីនោះឡើយ ។ ប៉ុន្តែតាមការស្រាវជ្រាវរបស់សមត្ថកិច្ចគឺបានបញ្ជាក់ថាជនសង្ស័យរូបនេះគឺជាមនុស្សចូលចិត្តផឹកស្រាដោយនៅពេលដែលគេស្រវឹងខ្លាំងម្តងៗ តែងតែបាត់បង់ម្ចាស់ការដោយគ្រប់គ្រងសតិខ្លួនឯងមិនបានឡើយ ។ប៉ុន្តែក្រោយពេលកើតហេតុមិនបានប៉ុន្មានផងជនសង្ស័យក៏ត្រូវបានកំលាំងតាមប្រមាញ់រហូតឈានដល់ការឃាត់ខ្លួនដើម្បីយកមកផ្តន់ទាទោសតាមផ្លូវច្បាប់៕

website_news/2017012701.txt · Last modified: 2017/08/24 15:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki