website_news:2017013002

ជួយសង្គ្រោះពលករខ្មែររងគ្រោះចំនួន០៤នាក់ ដោយការជួញដូរកម្លាំងពលកម្មនៅថៃ

(http://www.rasmeinews.com) ដោយ ៖មុនីរ័ត្ន ថ្ងៃទី 28 មករា 2017 ម៉ោង 08:02:AM

(ភ្នំពេញ)៖ លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានសម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍របស់ពលករខ្មែរចំនួន៤នាក់ (មកពីខេត្តកំពត កំពង់ចាម កំពង់ស្ពឺ និងស្វាយរៀង) ដែលរងគ្រោះដោយការជួញដូរកម្លាំងពលកម្មនៅលើទូកនេសាទ ហើយដែលត្រូវបានអាជ្ញាធរថៃជួយសង្គ្រោះ និងបញ្ជូនទៅស្នាក់នៅបណ្តោះអាសន្ននៅ “មជ្ឈមណ្ឌលគាំពារសុខុមាលភាព” ខេត្ត Ranong ប្រទេសថៃ។ លោកបានបញ្ជាក់ថា ពលករទាំង៤នាក់ បានមកដល់កម្ពុជាតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៧ ។

សូមបញ្ជាក់ថា ពលករទាំង៤នាក់នេះ ស្ថិតក្នុងចំណោមពលករ១៥នាក់ដែលរងគ្រោះដោយការជួញដូរកម្លាំងពលកម្មនៅលើទូកនេសាទថៃ ដោយក្នុងនោះ ពលករចំនួន៨នាក់ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦។ ចំណែកពលករ៣នាក់ទៀត កំពុងបន្តស្នាក់នៅក្នុងប្រទេសថៃនៅឡើយ៕

website_news/2017013002.txt · Last modified: 2017/09/07 13:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki