website_news:2017013003

មន្ត្រីទូតខ្មែរនៅថៃថាកំពុងអន្តរាគមន៍លើករណីជនជាតិថៃបាញ់សម្លាប់ពលករខ្មែរ២នាក់

(http://www.rfa.org/khmer/news) ដោយ ខែ សុណង 2017-01-27

អាជ្ញាធរខ្មែរប្រចាំប្រទេសថៃ កំពុងធ្វើកិច្ចអន្តរាគមន៍លើករណីជនជាតិថៃ បាញ់សម្លាប់ពលករខ្មែរ ២នាក់ និងម្នាក់រងរបួសធ្ងន់ កាលពីព្រលប់ថ្ងៃទី២៤ ខែមករា នៅស្រុកអ៊ូថង (Authong) ខេត្តសុផាន់បុរី (Suphanburi) ភាគខាងលិចក្រុងបាងកក ប្រទេសថៃ។ ពួកគេទាំងនោះ ជាពលករស៊ីឈ្នួលកាប់អំពៅឲ្យថៅកែថៃ។

មន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃ អះអាងថា ភាគីកម្ពុជា បានយកចិត្តទុកដាក់ចំពោះករណីជនជាតិថៃ បាញ់ពលករខ្មែរ ២នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់។

ទីប្រឹក្សាទទួលបន្ទុកពលករស្ថានទូតខ្មែរប្រចាំប្រទេសថៃ លោក ជា ឡាំម៉ាទីន មានប្រសាសន៍ នៅថ្ងៃទី២៧ មករា ថា ខាងស្ថានទូតបានចាត់មន្ត្រីចុះទៅដល់កន្លែងកើតហេតុ ដើម្បីស្វែងរកយុត្តិធម៌ដល់ពលរដ្ឋខ្មែរ ប៉ុន្តែលោកមិនបានប្រាប់លម្អិតថា នឹងធ្វើអ្វីខ្លះនោះទេ៖ «ស្ថានទូតយើងកំពុងធ្វើការលើរឿងហ្នឹងហើយ ឥឡូវនេះភ្នាក់ងារយើងកំពុងនៅកន្លែងហ្នឹង កំពុងទាក់ទងគ្នាកន្លែងហ្នឹង ដោះស្រាយអ្នករងគ្រោះយ៉ាងម៉េចអីយ៉ាងម៉េច ព្យាបាលអ្នករបួសអីយ៉ាងម៉េចៗ រកជនដៃដល់ ដើម្បីរកយុត្តិធម៌ឲ្យពលរដ្ឋយើង»។ ការលើកឡើងនេះ នៅក្រោយពេលដែលមានករណីបាញ់សម្លាប់ពលរដ្ឋខ្មែរ ២នាក់ និងរបួសធ្ងន់ម្នាក់កាលពីព្រលប់ថ្ងៃទី២៤ ខែមករា នៅស្រុកអ៊ូថង ខេត្តសុផាន់បុរី ក្រុងបាងកក ភាគខាងលិចប្រទេសថៃ។

ជុំវិញរឿងនេះ អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ថ្លែងថា តាមសេចក្ដីរាយការណ៍ព័ត៌មានរបស់ភ្នាក់ងារអាដហុក ឲ្យដឹងថា ពួកគេជាពលករខុសស៊ីឈ្នួលកាប់អំពៅឲ្យថៅកែថៃ ហើយជាមិត្តភក្តិជាមួយជនប្រព្រឹត្តជនជាតិថៃ ដែលធ្លាប់ស៊ីផឹកជាមួយគ្នា។ លោកថា ករណីបាញ់សម្លាប់ពលរដ្ឋ ២នាក់ បង្កឲ្យម្នាក់របួសធ្ងន់ ហើយម្នាក់ទៀតបានរត់រួចអាចជារឿងគំនុំ។ លោកថា សមត្ថកិច្ចថៃ បានចាប់ខ្លួនជនប្រព្រឹត្តហើយ។ តែទោះជាយ៉ាងណាលោកនៅតែទទូចឲ្យស្ថាប័នពាក់ព័ន្ធពង្រឹងលើការបាញ់សម្លាប់ពលរដ្ឋខ្មែរនៅលើទឹកដីថៃនេះ៖ «នេះជាលើកទី២ហើយ ដែលជនជាតិថៃ បាញ់ខ្មែរមិនញញើតដៃ ក្នុងរយៈពេល ២ឆ្នាំ មានន័យថា ពីឆ្នាំ២០១៦ ហើយឆ្នាំ២០១៧ មានន័យថា ក្នុងខែមករា វាកៀកនៅឆ្នាំ២០១៦ ផង លើកទី១ ថៅកែថៃ បាញ់ខ្មែរ ៦គ្រាប់ ខ្មែរស្លាប់មិនទាន់ទទួលបានយុត្តិធម៌ផង។ នេះជាលើកទី២ហើយ បាញ់សម្លាប់ខ្មែរ ២នាក់ ហើយម្នាក់រងរបួសធ្ងន់ គួរតែក្រសួងការបរទេសសហប្រតិបត្តិការអន្តរជាតិយកចិត្តទុកដាក់ផង»។

ទោះយ៉ាងណា សំណុំរឿងនេះ អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ លោក ទឹម សារ៉េត ថ្លែងថា ដោយសារករណីនេះនៅឆ្ងាយពីព្រំដែនពេក ពួកគាត់មិនបានដឹងនោះទេ ពីព្រោះខេត្តនេះនៅជ្រៅឆ្ងាយពីព្រំដែន នៅភាគម្ខាងទៀតនៃប្រទេសថៃ។

សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ពលរដ្ឋខ្មែរស្លាប់នោះ ឈ្មោះ ភឹង ភេទប្រុស អាយុ ៣០ឆ្នាំ ឈ្មោះ ណាង ភេទប្រុស អាយុ ២០ឆ្នាំ នៅក្នុងចម្ការអំពៅ និងឈ្មោះ ចក់ ភេទប្រុស អាយុ ២៣ឆ្នាំ រងរបួសធ្ងន់មានបៀមគ្រាប់កាំភ្លើង ១គ្រាប់នៅនឹងពោះ ហើយម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណបានរត់រួចខ្លួន៕

website_news/2017013003.txt · Last modified: 2017/02/12 12:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki