website_news:2017013004

ចាប់ខ្លួនខ្មាន់កាំភ្លើងជាជនជាតិថៃបាញ់សម្លាប់ពលករខ្មែរ២នាក់ និងរបួសធ្ងន់ម្នាក់

(http://www.cen.com.kh) (ថ្ងៃទី 29 មករា 2017, ម៉ោង 10:02:AM) | ដោយ: មុនីរាជ

ភ្នំពេញ: ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានចាត់មន្ត្រីរបស់ខ្លួនឲ្យចុះទៅពិនិត្យមើលករណីខ្មាន់កាំភ្លើងបាញ់សម្លាប់ពលករខ្មែរចំនួន០២នាក់ និងរងរបួសធ្ងន់ម្នាក់ នៅក្នុងចំការអំពៅ កាលពីព្រលប់ថ្ងៃទី២៤ ខែមករា នៅស្រុកអ៊ូថង ខេត្តសុផាន់បុរី ភាគខាងលិចក្រុងបាងកក ប្រទេសថៃ ដើម្បីសាកសួរព័ត៍មាន និងសហការជាមួយសមត្ថកិច្ច ចាប់ជនដៃដល់យកមកផ្តន្តាទោស ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ។ បើតាមសេចក្តីរាយការណ៍បានប្រាប់រស្មីកម្ពុជាឲ្យដឹងថា ជនល្មើសដែលជាជនជាតិថៃ បាញ់ស្លាប់ពលករខ្មែរ២នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនបានហើយ ប៉ុន្តែគេមិនទាន់បង្ហាញអត្តសញ្ញាណជនល្មើសនៅឡើយយទេ។

ជនរងគ្រោះទាំង៣នាក់ មានដូចជា ១.ឈ្មោះ ភឹង ភេទប្រុស អាយុ៣០ឆ្នាំ ជាកម្មករស៊ីឈ្នួលកាប់ដើមអំពៅ ត្រូវគ្រាប់កាំភ្លើងចំនួន១គ្រាប់ ចំក្បាល (ស្លាប់)។ ២.ឈ្មោះ ណាង ភេទប្រុស អាយុ២០ឆ្នាំ ត្រូវចំឆ្អឹងជំនីខាងស្តាំចំនួនពីរគ្រាប់ (ស្លាប់) និងទី៣.ឈ្មោះ ចក់ ភេទប្រុស អាយុ២៣ឆ្នាំ ត្រូវគ្រាប់បៀមនៅត្រង់ពោះទឹក (រងរបួសធ្ងន់)។

លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ពាក់ព័ន្ធករណីនេះ ស្ថានទូតប្រចាំនៅប្រទេសថៃ បានរាយការណ៍មកក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ថា បានចាត់បញ្ជូនមន្ត្រីឲ្យទៅពិនិត្យ និងទំនាក់ទំនងនៅក្នុងរឿងនេះនឹងធ្វើរបាយការណ៍បញ្ជូនមកក្រសួង។ ហើយព័ត៍មានទទួលបាន គឺមានករណីបាញ់ប្រចាពលរដ្ឋខ្មែរ៤នាក់ ក្នុងនោះស្លាប់ពីរនាក់ របួសម្នាក់ និងម្នាក់ទៀតបានរត់រួចខ្លួន។ ចំណែកលោក ជា ឡាំម៉ាទីន ទីប្រឹក្សាទទួលបន្ទុកពលករស្ថានទូតខ្មែរប្រចាំប្រទេសថៃ បានប្រាប់អ្នកកាសែតថា ខាងស្ថានទូតបានចាត់មន្ត្រីចុះទៅដល់កន្លែងកើតហេតុ ដើម្បីស្វែងរកយុត្តិធម៌ដល់ពលរដ្ឋខ្មែរដែលគេបានបាញ់សម្លាប់ និងរងរបួសធ្ងន់ម្នាក់ ដោយស្ថានទូតកំពុងតែធ្វើការលើរឿងនេះ។ ដោយលោកបានបញ្ជាក់ថា ស្ថានទូតកំពុងធ្វើការលើរឿងហ្នឹងហើយ រកជនដៃដល់ ដើម្បីរកយុត្តិធម៌ឲ្យជនរងគ្រោះ។

ចំណែកលោក ស៊ុំ ច័ន្ទគា អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនរងគ្រោះជាពលករខុសស៊ីឈ្នួលកាប់អំពៅឲ្យថៅកែថៃ ហើយជាមិត្តភក្តិជាមួយជនល្មើសជាជនជាតិថៃ ដែលធ្លាប់ស៊ីផឹកជាមួយគ្នា។ ករណីបាញ់សម្លាប់ពលរដ្ឋ២នាក់ និងម្នាក់ទៀរបួសធ្ងន់ និងម្នាក់ទៀតបានរត់រួចអាចជារឿងគំនុំ។ លោកបានបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចថៃបានចាប់ខ្លួនជនដែលបានបាញ់សម្លាប់ពលករខ្មែរហើយ។ ដោយលោកបានលើកឡើងថា ការបាញ់សម្លាប់ពលករខ្មែរនេះជាលើកទី២ហើយ ដែលជនជាតិថៃបាញ់ពលករខ្មែរ លើកទី១ថៅកែថៃបាញ់ខ្មែរ ៦គ្រាប់ ខ្មែរស្លាប់មិនទាន់ទទួលបានយុត្តិធម៌ផង។ លើកទី២ បាញ់សម្លាប់ខ្មែរ ២នាក់ ហើយម្នាក់រងរបួសធ្ងន់ គួរតែក្រសួងការបរទេសសហប្រតិបត្តិការអន្តរជាតិយកចិត្តទុកដាក់ផង។

សូមជម្រាបថា ខ្មាន់កាំភ្លើងបានបាញ់ប្រហារលើពលករខ្មែរ ដែលចូលទៅស៊ីឈ្នួលកាប់អំពៅ នៅក្នុងទឹកដីថៃ បានបណ្តាលឲ្យស្លាប់ចំនួន២នាក់ និងរបួសធ្ងន់ម្នាក់។ ករណីនេះបានកើតឡើងនៅចំណុចចំការអំពៅមួយកន្លែងស្ថិតក្នុងភូមិទី១០ ឃុំផ្លាប់ផ្លាឆៃ ស្រុក អ៊ូថង ខេត្តសុផាន់បុរី ប្រទេសថៃ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧។ បន្ទាប់ពីមានករណីបាញ់ប្រហារលើពលករខ្មែរកំលាំងតម្រួតបានចេញប្រតិបត្តិការទៅកាន់ទីតាំងខាងលើ ដោយជំហានដំបូងគឺបានប្រទះឃើញសពយុវជនម្នាក់ ឈ្មោះ ភឹង អាយុ៣០ឆ្នាំ ជាកម្មករស៊ីឈ្នួលកាប់ដើមអំពៅ គឺដេកស្លាប់ក្នុងថ្លុកឈាម ដោយមានស្នាមត្រូវនឹងគ្រាប់កាំភ្លើងចំនួន១គ្រាប់ ត្រូវចំក្បាល ។ នៅចំងាយប្រមាណ៣០០ម៉ែត្រ ពីសពនោះ ក្រុមតម្រួតថៃ ក៏បានប្រទះឃើញសពមនុស្សម្នាក់ទៀតឈ្មោះ ណាង ភេទ ប្រុស អាយុ២០ឆ្នាំ ជាកម្មករខ្មែរ ដែលដេកស្លាប់នៅក្នុង ចំការអំពៅ គឺមានស្នាមត្រូវចំឆ្អឹងជំនីខាងស្តាំចំនួនពីរគ្រាប់ រីឯម្នាក់ទៀត ដែលកំពុងស្ថិតក្នុងដង្ហើមចង្រិតដោយសារតែ មានក្បាលគ្រាប់ចំនួនមួយគ្រាប់ បានបៀមជាប់នៅត្រង់ ពោះទឹក ដែលជននោះមានឈ្មោះ ចក់ ភេទប្រុស អាយុ ២៣ឆ្នាំ។ ដោយភ្លាមៗនោះដែរ ក្រុមតម្រួតបានបញ្ជូនជនរង គ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។

តាមការរៀបរាប់ពីយុវជនម្នាក់ដែលបានរត់រួចពីសេចក្តីស្លាប់បាននិយាយរឿងរ៉ាវទាំងអស់នេះ ប្រាប់ទៅសមត្ថកិច្ចថា នៅមុនពេលកើតហេតុគឺខ្លួនបានធ្វើដំណើរទៅផ្ទះយុវជនម្នាក់ដែលជាជនជាតិថៃឈ្មោះ បែង អាយុប្រហែល២៦ឆ្នាំ ដើម្បីបញ្ជាក់បករាប់ថា ឈើដែលឈ្មោះ បែង ចង់យក ទៅលក់អោយឪពុករបស់ឈ្មោះ ភឹង គឺគាត់ឈប់ទិញហើយ រួចខ្លួនក៏បានវិលត្រឡប់មកកាន់ទីកន្លែងស្នាក់នៅវិញ ។ ភ្លាមៗនោះដែរស្រាប់តែគេឃើញឈ្មោះ បែង ជិះម៉ូតូម៉ាកហុង ដាវេវ ព៌ណទឹកសមុទ្រពាក់ស្លាកលេខ ២១១៥ ដោយគេ បានជិះមកស្ទាក់ពីមុខរួចបានដកកាំភ្លើងខ្លីចេញពីចង្កេះមកភ្ជង់ដោយធ្វើកាយវិការដូចជាចង់បាញ់មកលើពួកខ្លួន ប៉ុន្តែ ខ្លួនបានគិតថា ប្រហែលជាគេធ្វើលេងទេ ព្រោះសុទ្ធតែជាមនុស្សស្គាល់គ្នាផងហើយក៏ធ្លាប់ផឹកស៊ីជាមួយគ្នាផង។ មិនដូចជាការគិតនោះទេ ស្រាប់តែឃើញគេបាញ់មែនទែន ទៅលើមិត្តភក្តិរបស់ខ្លួន ទើបនាំគ្នារត់ចូលចំការអំពៅរៀងៗ ខ្លួន ដោយជនជាតិថៃរូបនេះនៅតែព្យាយាមតាមបាញ់ប្រហារ រហូតចំបក្ខពួកធ្វើអោយរបួស និងស្លាប់៣នាក់ ឯខ្លួនក៏ បានរត់រួច ដោយបានទៅរាយការណ៍អោយសមត្ថកិច្ចមក ជួយអន្តរាគមន៍ ដោយនៅពេលនោះដែរ ជនដៃដល់ក៏បាន គេចខ្លួនបាត់ស្រមោលដែរ ។ ហើយខ្លួនក៏នៅមិនទាន់យល់ ទាល់តែសោះអំពីការតាមបាញ់ប្រហារគ្នាឯងបែបនេះ មិនដឹង ថាមកពីមូលហេតុអ្វីនោះឡើយ៕K/S

website_news/2017013004.txt · Last modified: 2017/02/12 12:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki