website_news:2017013005

គ្រួសារកម្មករខ្មែរ១០នាក់ដែលថៃចាប់ខ្លួន អំពាវនាវឲ្យអាជ្ញាធរខ្មែរជួយអន្តរាគមន៍

(https://kohsantepheapdaily.com.kh) ដោយ ៖ ឆោម ពិសម័យ ថ្ងៃអាទិត្យ (29-01-2017 13:39)

ខេត្តបាត់ដំបង ៖ ក្រោយពីអាជ្ញាធរថៃបានឃាត់ខ្លួនក្រុមកម្មករខ្មែរ១០នាក់ពីបទលួចរត់ពន្ធទំនិញឆ្លងដែនដោយខុសច្បាប់តាមច្រករបៀងនៅក្នុងស្រុកសំពៅលូន កាលពីជាង១សប្ដាហ៍មុន ក្រុមគ្រួសារកម្មករខ្មែរទាំងនោះបានអំពាវនាវឲ្យអាជ្ញាធរខ្មែរ និងមន្ត្រីទំនាក់ទំនងព្រំដែនខ្មែរ-ថៃ ប្រចាំច្រកទ្វារតំបន់«ភ្នំដី» ស្រុកសំពៅលូន ជួយអន្តរាគមន៍រកដំណោះស្រាយ ដើម្បីឲ្យក្រុមកម្មករទាំង១០នាក់នោះបានវិលត្រឡប់មកជួបប្រពន្ធកូនវិញ ខណ:ពេលនេះពួកគេកំពុងជាប់ឃុំនៅក្នុងប្រទេសថៃនៅឡើយ ។

យោងតាមប្រភពព័ត៌មានពីក្រុមគ្រួសារកម្មករខ្មែរទាំង១០នាក់ បានឲ្យដឹងថា ក្រុមកម្មករខ្មែរទាំងនោះត្រូវសមត្ថកិច្ច និងមន្ត្រីគយថៃ ចាប់ខ្លួនកាលពីថ្ងៃទី១៧ មករា ខណ:ពួកគេស៊ីឈ្នូលដឹកជញ្ជូនទំនិញរត់ពន្ធ (ខោអាវ និងស្បែកជើង) ឆ្លងដែនតាមច្រករបៀងលួចលាក់មួយនៅក្នុងស្រុកសំពៅលូន ចេញទៅប្រទេសថៃដោយខុសច្បាប់ ។ ប្រភពដដែលបានឲ្យដឹងទៀតថា ក្រុមកម្មករទាំងនេះបានស៊ីឈ្នូលជញ្ជូនទំនិញខាងលើឲ្យថៅកែស្រីម្នាក់ឈ្មោះ ភ័ណ្ឌ ហើយត្រូវមន្ត្រីគយ និងសមត្ថកិច្ចថៃចាប់នាំយកទៅកាន់ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ រហូតដល់ពេលនេះថៅកែទំនិញឈ្មោះ ភ័ណ្ឌ នោះមិនបានជួយដោះស្រាយទេ ហើយពួកគេក៏ត្រូវអាជ្ញាធរថៃបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារក្នុងខេត្តស្រះកែវ ទាំងអស់គ្នាហើយដែរ ។

ប្រភពពីក្រុមគ្រួសារបានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង១០នាក់នោះមាន ១-ឈ្មោះ ហុង ខុម, ២-ឈ្មោះ ជ្រោយ ហឿន, ៣-ឈ្មោះ អែម ណូ, ៤-ឈ្មោះ អ៊ុំ ធីម, ៥-ឈ្មោះ នាក់ អាន, ៦-ឈ្មោះ ឈឿន ឆេង, ៧-ឈ្មោះ ដុង សុខ, ៨-ឈ្មោះ គឹម ចាន់ថន, ៩-ឈ្មោះ ប្រាក់ ចិត្រា និង ១០-ឈ្មោះ ស៊ុំ នី ។ ជុំវិញករណីនេះ លោក ឈុន លុន ប្រធានក្រុមការងារទំនាក់ទំនងព្រំដែនខ្មែរ-ថៃប្រចាំច្រកទ្វារតំបន់«ភ្នំដី»ស្រុកសំពៅលូន បានប្រាប់«កោះសន្តិភាព»នៅព្រឹកថ្ងៃទី២៩ មករា នេះថា សមត្ថកិច្ចថៃពិតជាបានឃាត់ខ្លួនពលរដ្ឋខ្មែរចំនូន១០នាក់មែន ។ លោកថា មូលហេតុដែលនាំឲ្យមានការឃាត់ខ្លួននេះដោយសារតែពលរដ្ឋខ្មែរទាំងនោះនាំបានលួចដឹកជញ្ជូនទំនិញខុសច្បាប់ចូលទៅក្នុងទឹកដីថៃ ដែលមានថៅកែស្រីម្នាក់ឈ្មោះ ភ័ណ្ឌ ជាជនជាតិខ្មែរ តែបានប្ដីថៃ ។ លោកឈុន លុន បានប្រាប់ថា ទំនិញទាំងនោះមានខោអាវ និងស្បែកជើង ច្រកក្នុងការ៉ុងជាង៤០ដុំ ដែលថៅកែស្រីនោះជួលកម្មករខាងលើឲ្យជញ្ជូនឆ្លងអូរតាមច្រករបៀងមួយចូលទឹកដីថៃ តែត្រូវសមត្ថកិច្ចថៃស្ទាក់ចាប់បានចំនួនជាង១០ដុំ និងជាង២០ដុំទៀតស្ថិតនៅមាត់អូរព្រំដែនខាងដីខ្មែរនៅឡើយ ។ ប្រធានក្រុមទំនាក់ទំនងព្រំដែនខ្មែរ-ថៃ រូបនេះបាននិយាយថា ក្រោយពេលសមត្ថកិច្ចថៃឃាត់ខ្លួនភ្លាមៗ ពលរដ្ឋខ្មែរទាំងនោះ ឬសាច់ញាតិមិនបានប្ដឹងមកក្រុមការងារលោកឲ្យជួយអន្តរាគមន៍ទេ ហើយថែមទាំងជួយបិទបាំងពីមូលហេតុ និងលាក់លៀមថៅកែរបស់ពួកគេទៀត ដូច្នេះហើយទើបបញ្ហានេះមិនអាចដោះស្រាយបានរហូតមកដល់ពេលនេះ ។ ប៉ុន្តែលោក ឈុន លុន បានបញ្ជាក់ថា កាលពីថ្ងៃទី២៨ មករា សាច់ញាតិរបស់ពួកគេបានមកជួបមន្ត្រីរបស់លោក ដើម្បីសុំឲ្យលោកជួយអន្តរាគមន៍ក្នុងរឿងនេះ ។ លោកបានបញ្ជាក់បន្ថែមថា ក្រុមពលរដ្ឋទាំង១០នាក់នោះត្រូវអាជ្ញាធរថៃបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារអស់ហើយ ដោយអាជ្ញាធរថៃបានចោទប្រកាន់ពលរដ្ឋខ្មែរទាំង១០នាក់នោះចំនួន៣ករណី គឺ ១-ឆ្លងដែនដោយខុសច្បាប់ ២-ក្លែងបន្លំទំនិញ ឬរំលោភកម្មសិទ្ធិបញ្ញា និង ៣-រត់ពន្ធទំនិញឆ្លងដែនដោយខុសច្បាប់ ។ លោកបានបញ្ជាក់បន្ថែមថា ពេលនេះក្រុមការងាររបស់លោកកំពុងសហការជាមួយស្ថានទូតខ្មែរដើម្បីជួយអន្តរាគមន៍ហើយ តែលទ្ធផលយ៉ាងណាមិនទាន់អាចធ្វើការសន្និដ្ឋានបានទេ ។

សូមបញ្ជាក់ថា បើតាមប្រភពព័ត៌មាន បច្ចុប្បន្ននេះមានឈ្មួញទុច្ចរិតជាច្រើនដែលមានការសមគំនិតជាមួយមន្ត្រីការងារព្រំដែន និងមន្ត្រីគយមួយចំនួនផងបានលួចរត់ពន្ធទំនិញខុសច្បាប់ឆ្លងដែនតាមច្រករបៀងដោយលួចលាក់ចេញ-ចូលប្រទេសថៃ ។ ប្រភពបានឲ្យដឹងថា ទំនិញដែលឈ្មួញខ្មែរលួចនាំឆ្លងដែនតាមច្រករបៀងខុសច្បាប់ចេញទៅថៃ មានដូចជាខ្ទឹម សម្លៀកបំពាក់ និងស្បែកជើង ។ល។ និង ។ល។ ប្រភពដដែលបញ្ជាក់ថា មិនមែនមានតែថៅកែស្រីឈ្មោះ ភ័ណ្ឌ នេះម្នាក់ទេ ដែលមានមុខរបរទុច្ចរិតលួចរត់ពន្ធទំនិញឆ្លងដែនខុសច្បាប់ គឺនៅមានឈ្មួញម្នាក់ទៀតឈ្មោះ យក្ស នៅស្រុកសំពៅលូន ក៏ល្បីល្បាញខាងលួចរត់ពន្ធទំនិញដូចខាងលើនេះដែរនៅតាមតំបន់ព្រំដែនខ្មែរ-ថៃ។

បើតាមសាក្សីថា បច្ចុប្បន្នឈ្មួញឈ្មោះ យក្ស នេះកំពុងរត់ពន្ធទំនិញឆ្លងដែនចេញទៅថៃតាមច្រករបៀងមួយកន្លែងនៅភូមិអូរចោត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ។ ទំនិញដែលបុរសឈ្មោះ យក្ស នេះឃុំឃិតជាមួយមន្ត្រីព្រំដែន និងមន្ត្រីគយលួចនាំចេញនៅច្រករបៀងខាងលើ គឺមានសម្លៀកបំពាក់ និងស្បែកជើង ដែលផលិតនៅប្រទេសចិន និងវៀតណាម ហើយការលួចដឹកជញ្ជូនទំនិញឆ្លងអូរព្រំដែននេះ គឺធ្វើឡើងនៅវេលាពាក់កណ្ដាលអាធ្រាត្រ ដើម្បីលាក់បាំងពីភ្នែកមហាជន ៕

website_news/2017013005.txt · Last modified: 2017/08/24 15:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki