website_news:2017013101

កម្ពុជាខ្វះខាតទីផ្សារសម្រាប់ជំនាញដែលពលករចំណាកស្រុកទទួលបាន

(http://khmer.voanews.com) 31 មករា 2017 ម៉ែន គឹមសេង

វ៉ាស៊ីនតោនៈ អ្នកការពារសិទ្ធិពលករស្នើឱ្យរដ្ឋាភិបាលគិតគូរដល់ការអភិវឌ្ឍធនធានមនុស្សរយៈពេលវែងដោយសំឡឹងមើលថាមុខជំនាញការងារអ្វីដែលពលករអាចយកមកចូលរួមអភិវឌ្ឍន៍ប្រទេសបានមុននឹងសម្រេចចិត្តបញ្ជូនពួកគេទៅធ្វើការនៅក្រៅប្រទេស។

លោក មឿន តុលា នាយកប្រតិបត្តិ នៃអង្គការការពារសិទ្ធិពលករហៅកាត់ថា សង់ត្រាល់បានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍ថា ក្នុងពេលបច្ចុប្បន្ននេះរដ្ឋាភិបាលអត់មានទស្សនៈវិស័យឱ្យបានច្បាស់លាស់ថា ពេលបញ្ជូនពលករទៅធ្វើការនៅបរទេសដូចជានៅក្នុងវិស័យសំណង់ឬកសិកម្មគឺអត់មានការគិតគូថា ត្រូវយកចំណេះដឹងឬជំនាញ ដែលពួកគេទទួលបានមកជួយប្រទេសវិញយ៉ាងណាទេ។ លោកបានបន្ថែមថា៖ «នៅពេលដែលពួកគាត់ចប់អណត្តិពីរឆ្នាំឬបីឆ្នាំត្រឡប់មកស្រុកខ្មែរវិញគឺថាយើងអត់មានទីផ្សារការងារដែលស្រូបយកពួកគាត់ទេ។ អីចឹងទីបំផុតគាត់ត្រូវត្រឡប់ពីកូរ៉េមកស្រុកខ្មែរ ហើយបន្ទាប់មកគាត់ទៅធ្វើការនៅប្រទេសថៃទៀត។ ដូច្នេះគាត់អត់បានប្រើប្រាស់នូវជំនាញ ដែលពួកគាត់ទទួលបានពីការហ្វឹកហ្វឺនការងារយកមកជួយសេដ្ឋកិច្ចជាតិនៅក្នុងប្រទេសទេ»។ លោក មឿន តុលា បន្ថែមថាមិនតែប៉ុណ្ណោះទេគឺថែមទាំងមិនបានជួយការពារសិទ្ធិពួកគាត់ឱ្យបានដិតដល់ទៀតផង។ «យើងឃើញថានៅពេលបញ្ជូនទៅគឺយើងអត់មានយន្តការច្បាស់លាស់ក្នុងការឃ្លាំមើលស្ថានភាពរបស់ពលករខ្មែរយើងទេ ហាក់ដូចជាព្រលែងគាត់ចោលហើយទីបំផុតគាត់ទទួលរងនូវការកេងប្រវ័ញ្ច ការធ្វើបាប មានរហូតដល់ការធ្វើទារុណកម្មរហូតដល់មានស្លាប់ជាដើម‍»។ ក្នុងឆ្នាំ ២០១៦ កន្លងមកនេះខាងអង្គការសង់ត្រាល់ទទួលបានបណ្តឹងនិងជួយសម្រួលដល់ពលកររងគ្រោះជាង២០០ករណីដែលកើតមានឡើងនៅក្នុងប្រទេសថៃ ម៉ាឡេស៊ី ជប៉ុន ចិននិងកាតា។ នេះបើតាមការបញ្ជាក់របស់លោក មឿន តុលា។ ពួកគេរងគ្រោះដោយសារការជួញដូរ ការបោកបញ្ឆោតតាមរយៈការធ្វើលិខិតឆ្លងដែនក្លែងក្លាយ ហើយអ្នកខ្លះនៅជាប់ពន្ធនាគារនៅក្នុងប្រទេសថៃជាដើម។

លោកស្រីមូរ សុខហួរ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិយល់ស្របថាច្បាប់មានទាំងច្បាប់ជាតិ និងអន្តរជាតិដែលកម្ពុជាគួរតែយកមកអនុវត្តសម្រាប់ការពារពលករព្រោះស្តង់ដាមានច្បាស់ប៉ុន្តែការអនុវត្តនៅមានការខ្វះចន្លោះនៅឡើយ។ «អ្វីដែលយើងចង់ឃើញបំផុតនោះគឺយើងចង់មានការការពារដល់ពលករចំណាកស្រុកយើងដែលទៅប្រទេសគេ។ ដូច្នេះកិច្ចសន្យាទាំងឡាយកិច្ចសហប្រតិបត្តិការទាំងឡាយ និងការចុះហត្ថលេខារវាងប្រទេសយើងនិងប្រទេស ដែលទទួលពលករយើងខ្ញុំយល់ថា គួរតែជាកិច្ចសន្យាមួយដែលយកស្តង់ដាអន្តរជាតិ ដើម្បីការពារលើកដម្កើងឱ្យពលករចំណាកស្រុករបស់យើងចាកផុតពីការជួញដូរ ចាកផុតពីការកេងប្រវ័ញ្ច ចាកផុតពីទារុណកម្មទាំងឡាយនេះ‍»។ លោកស្រី មូរ សុខហួរ បញ្ជាក់ថា អ្នកតំណាងរាស្ត្រនឹងបន្តតាមដានការអនុវត្តការងាររបស់រដ្ឋាភិបាលទៀត ហើយនឹងអញ្ជើញរដ្ឋមន្ត្រីពាក់ព័ន្ធនឹងថ្នាក់ដឹកនាំប្រទេសមកសាកសួរបើសិនជាមិនមានការវិវត្តន៍ប្រសើរឡើងទេ។ នៅក្នុងគោលនយោបាយ ស្តីពីការធ្វើទេសន្តប្រវេសន៍សម្រាប់កម្ពុជា ឆ្នាំ២០១៥ ដល់២០១៨ ដែលរៀបចំដោយក្រសួងការងារមានការលើកឡើងពីការផ្តល់ធនធាននិងផ្តល់ព័ត៌មានពីការបង្កើតមុខរបរសម្រាប់ពលករចំណាកស្រុកពេលដែលគាត់ត្រឡប់មកប្រទេសវិញដោយត្រូវធ្វើការជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងអង្គការក្រៅរដ្ឋាភិបាល។

ប៉ុន្តែលោកស្រី មូរ សុខហួរ លើកឡើងថាគឺមិនមានពីរដ្ឋាភិបាលទេគឺមានតែពីអង្គការក្រៅរដ្ឋាភិបាលខ្លះហើយសូម្បីតែជំនាញសម្រាប់ពលករចំណាកស្រុកក្នុងប្រទេសក៏មានមិនផ្តល់ជំនាញដែរ។ «មានតិចតួចណាស់ ហើយវិជ្ជាជីវៈនោះស្របនឹងអ្វីដែលគាត់ចង់បានទេ? អ៊ុតសក់ កាត់ដេរ តើគ្នាចិញ្ចឹមជីវិតបានប៉ុន្មាន?»។លោកស្រីបន្ថែមថាជំនាញនេះផ្តល់ជូនក្នុងពេលដែលទីផ្សារបច្ចុប្បន្នត្រូវការអ្នកបច្ចេកទេសអ្នកឯកទេស។

លោក មឿន តុលា លើកទឹកចិត្តរដ្ឋាភិបាលឱ្យខិតខំពង្រីកឱកាសការងារនៅក្នុងស្រុកវិញជាពិសេសនៅផ្នែកកសិកម្មជាជាងទុកឱ្យពលរដ្ឋធ្វើចំណាកស្រុកដោយប្រថុយប្រថាន។ «បើសិនជាយើងព្យាយាមបង្កើតការងារឱ្យបានច្រើនបង្កើតមុខរបរឱ្យបានច្រើន ដូចដែលខ្ញុំតែងតែនិយាយថានៅក្នុងវិស័យកសិកម្មនេះបើសិនជាយើងគិតឱ្យបានដិតដល់ទៅលើវិស័យកសិកម្ម បង្កើនជំនាញវិជ្ជាជីវៈដល់កសិករយើង ដើម្បីឱ្យគាត់អាចមានលទ្ធភាពផលិតហើយមានទីផ្សារគ្រប់គ្រាន់សម្រាប់កសិកម្មរបស់គាត់គឺខ្ញុំគិតថា យើងកាត់បន្ថយអ្នកដែលទៅធ្វើចំណាកស្រុកហ្នឹងដែលមានជំនាញតិចតួចគាត់អាចមានឱកាសនៅក្នុងប្រទេសបានច្រើនវាប្រសើរជាងបញ្ជូនគាត់ឱ្យទៅធ្វើការនៅក្រៅប្រទេសដែលមានហានិភ័យខ្ពស់‍»។

មានពលរដ្ឋខ្មែរជាងមួយលាននាក់ធ្វើចំណាកស្រុកទាំងស្របច្បាប់ និងមិនស្របច្បាប់ទៅធ្វើការនៅប្រទេសថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង ជប៉ុន និងចិន ជាដើម៕

website_news/2017013101.txt · Last modified: 2017/02/12 12:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki