website_news:2017013104

ទូតខ្មែរ ប្រចាំម៉ាឡេស៊ី បញ្ជូនពលការិនីខ្មែរ ២នាក់ មកកម្ពុជាវិញ

(http://dap-news.com/kh) ថ្ងៃច័ន្ទ, ៣០ មករា ២០១៧ 14:49 ដោយ: ID:014

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានជួយដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍ពលការិនីខ្មែរ ចំនួន ២នាក់ ឲ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ ។

យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៣០ មករា នេះ បានឲ្យដឹងថា ពលការិនីទាំង ២នាក់នោះមានឈ្មោះ ទី១-ឈ្មោះម.ស.ណ អាយុ៤៣ឆ្នាំ មកពីស្រុកត្រាំកក់ ខេត្តតាកែវ បានទៅម៉ាឡេស៊ី ដោយធ្វើដំណើរតាមរថយន្ត កាត់តាមប្រទេសថៃ ហើយបានធ្វើការ ជាអ្នកបោសសំអាត ចាប់ពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយធ្វើការលំបាក និងចង់ត្រឡប់មកផ្ទះវិញ ពលការិនី បានទៅស្ថានទូត នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្នើសុំជួយ ឲ្យបានត្រឡប់មកកម្ពុជាវិញ។ ទី២-ឈ្មោះអ.ស.ម អាយុ៣០ឆ្នាំ មកពីស្រុកកងមាស ខេត្តកំពង់ចាម បានទៅម៉ាឡេស៊ី ដោយធ្វើដំណើរ តាមរថយន្តកាត់តាមប្រទេសថៃ ហើយបានធ្វើការជាអ្នកបោសសំអាត ពីថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយសារនឹករលឹកកូនរបស់ខ្លួន ពលការិនីបានទៅស្ថានទូត នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្នើសុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។

ក្នុងសេចក្ដីជូនព័ត៌មានបានបន្តថា ស្ថានទូតបានចេញលិខិតធ្វើដំណើរ សម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ ដល់ពលការិនីទាំងពីរ អំឡុងពេលរង់ចាំមកកម្ពុជា។

សូមបញ្ជាក់ថា ពលការិនី ម.ស.ណ និងពលការិនីអ.ស.ម បានមកដល់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៥៖៣០ នាទី តាមជើងយន្តហោះ MH762 ៕

website_news/2017013104.txt · Last modified: 2017/02/12 12:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki