website_news:2017020103

ថៃបញ្ជូនសពកម្មករខ្មែរ២នាក់មកទៀតហើយ

(https://kohsantepheapdaily.com.kh) ដោយ ៖ ឆោម ពិសម័យ ថ្ងៃព្រហស្បតិ៍ (29-12-2016 10:43)

ខេត្តបាត់ដំបង ៖ អាជ្ញាធរថៃបានធ្វើការបញ្ជូនសាកសពកម្មករខ្មែរចំនួន២នាក់ ត្រឡប់មកប្រទេសកំណើតវិញ កាលពីរសៀលថ្ងៃទី២៨ ធ្នូ ស្ថិតតាមច្រកទ្វារអន្តរជាតិ «ដូង» ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ។

មន្ត្រីទំនាក់ទំនងព្រំដែនឱ្យដឹងថា សាកសពកម្មករខ្មែរទាំង២នាក់នោះ ម្នាក់ឈ្មោះភិន មេត ភេទប្រុស អាយុ៣៣ឆ្មាំ និងម្នាក់ទៀតឈ្មោះគីន សំអាង ភេទស្រី អាយុ៣២ឆ្នាំ ទាំង២នាក់មានស្រុកកំណើតនៅភូមិព្រៃគូកត្រប់ ឃុំបសេធ ស្រុកបសេធ ខេត្តកំពង់ ស្ពឺ ។ ជនរងគ្រោះទាំង២នាក់ បានស្លាប់នៅក្នុងឧប្បតិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ កាលពីថ្ងៃទី២៨ ធ្នូ កន្លងមក នៅខេត្តចន្ទបុរី ប្រទេសថៃ ។ ជនរងគ្រោះស្ថិតក្នុងចំណោមមនុស្សជាច្រើននាក់ទៀត ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍នេះ ។

គួរបញ្ជាក់ថា កន្លងមកអាជ្ញាធរថៃ ធ្លាប់បានបញ្ជូនសាកសពកម្មករខ្មែរត្រឡប់មកប្រទេសកំណើតវិញជាបន្តបន្ទាប់ តាមច្រកទ្វារអន្តរជាតិ «ដូង» ស្ថិតក្នុងស្រុកកំរៀង ដែលសាកសពកម្មករខ្មែរទាំងនោះ ត្រូវបានកត់សម្គាល់ថា ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ដោយសារធ្លាក់ពីលើអគារ ដែលកំពុងសាងសង់ ស្លាប់ដោយជំងឺ ឬស្លាប់ដោយសារអំពើហិង្សាផ្សេងៗ ដែលកើតឡើងនៅតំបន់ដែលពួកគេរស់នៅក្នុងប្រទេសថៃនោះ ។

website_news/2017020103.txt · Last modified: 2017/09/06 12:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki