website_news:2017020104

ខ្មាស់គេណាស់លោកម្ចាស់ថ្លៃ! ថៃបញ្ជូនសង្ឃក្លែងក្លាយមកស្រុកវិញ

(https://kohsantepheapdaily.com.kh) ដោយ ៖ ឆោម ពិសម័យ ថ្ងៃសៅរ៏ (31-12-2016 16:08)

ខេត្តបាត់ដំបង ៖ ជនក្លែងបន្លំជាសង្ឃ១០នាក់ត្រូវបានអាជ្ញាធរនៃប្រទេសថៃចាប់បញ្ជូនត្រឡប់មកស្រុកខ្មែរវិញ កាលពីវេលាម៉ោង១១ និង២៥នាទីព្រឹកថ្ងៃទី៣០ ធ្នូ តាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង នេះបើតាមការផ្ដល់ព័ត៌មានពីមន្ត្រីទំនាក់ទំនងព្រំដែនខ្មែរ-ថៃ ។

មន្ត្រីទំនាក់ទំនងព្រំដែនខ្មែរ-ថៃបានឲ្យដឹងថា ជនចំណាកស្រុកទាំង១០នាក់នោះ បានលួចឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសថៃ មិនតែប៉ុណ្ណោះ ក្រុមនេះបានបន្លំខ្លួនបួសធ្វើជាសង្ឃដើរបិណ្ឌបាតបច្ច័យ ទើបអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ ។ ក្រុមសង្ឃក្លែងក្លាយទាំង១០នាក់នោះ មិនបានប្រាប់ថា ខ្លួនបានលួចឆ្លងដែនទៅប្រទេសថៃ តាមច្រកណាទេ តែក្រុមនេះបានសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តបទល្មើសនៅប្រទេសថៃ ដូចការចោទប្រកាន់មែន ។ ក្រុមនេះបាននិយាយពីដំណើររឿងខ្លះៗប្រាប់សមត្ថកិច្ចថា ពួកខ្លួនបានដាក់ស្បង់ចីវរនេះពីស្រុកខ្មែរទៅ លុះទៅដល់ប្រទេសថៃ ពួកខ្លួនបានកោសក់រួចជាស្រេច និងបាននាំគ្នាឃ្លុំស្បង់ចីវររួចដើរបិណ្ឌបាតបច្ច័យតាមទីប្រជុំជននានាក្នុងប្រទេសថៃ ។ ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះ បានបែកការណ៍ទើបត្រូវសមត្ថកិច្ចថៃតាមចាប់ខ្លួនពួកគេបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ ។ មន្ត្រីព្រំដែនបាននិយាយថា ក្រុមសង្ឃក្លែងក្លាយទាំងនោះ ក៏ត្រូវបានសួរនាំផងដែរ ពាក់ព័ន្ធនឹងការឆ្លងដែនខុសច្បាប់ទៅប្រព្រឹត្តបទល្មើសនៅប្រទេសថៃ មុនពេលអនុញ្ញាតឱ្យពួកគេវិលត្រឡប់ទៅស្រុកកំណើតវិញ ៕

website_news/2017020104.txt · Last modified: 2017/09/06 12:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki