website_news:2017020106

រន្ធត់ ! រថយន្ដដឹកពលករខ្មែរ បុកគ្នាឡើងខ្ទេច ស្លាប់និងរបួសរដូករណែលពេញផ្លូវ

(http://health.com.kh/newdetail) 01/01/2017

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ពីខេត្តបាត់ដំបងបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តដឹកកម្មករខ្មែរពេញពីកន្លែងបេះផ្លែឈើនិងរថយន្តនីស្សាន់មួយបាំងកន្លះបណ្ដាលឲ្យស្លាប់ និងរបួសរដូករណែលពេញផ្លូវ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិណឺនថន ឃុំតាមូល ស្រុកសយដាវ ខេត្តច័ន្ទបុរី ប្រទេសថៃ ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ឧប្បតិហេតុនោះបានកើតឡើងខណ:រថយន្តប្រភេទដឹកទំនិញ១គ្រឿងបានដឹកកម្មករខ្មែរចំនួន៤១នាក់ចេញពីបេះផ្លែឈើក្នុងចម្ការមួយកន្លែងក្នុងបំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញ ពេលដឹកកម្មករខ្មែរដល់ចំណុចកើតហេតុ ស្រាប់តែបុកគ្នាជាមួយរថយន្តនីស្សាន់មួយបាំងកន្លះ ដែលធ្វើដំណើក្នុងទិសដៅផ្ទុយគ្នាពេញទំហឹង បណ្ដាលឲ្យកម្មករខ្មែរ២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯ៣៩នាក់ទៀត បានរងរបួសធ្ងន់ និងស្រាល ក្នុងនោះមានម្នាក់គាបជាប់ក្នុងរថយន្ត ។

សេចក្ដីរាយការណ៍បានបញ្ជាក់ថា ជនជាតិថៃដែលបើករថយន្តនីស្សាន់មួយបាំងកន្លះក៏រងរបួសធ្ងន់ធ្ងរដែរ ។ ប្រភពព័ត៌មានពីមន្ត្រីព្រំដែនខ្មែរបានឲ្យដឹងថា ក្រុមសមត្ថកិច្ចថៃបានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗក្រោយពីទទូលបានដំណឹងដ៏អកុសល្នេះ ។ សមត្ថកិច្ចថៃបានប្រើប្រាស់រថយន្តសង្គ្រោះជាច្រើនគ្រឿងដឹកជនរងគ្រោះទៅកាន់មន្ទីពេទ្យជាច្រើនកន្លែងនៅខេត្តច័ន្ទបុរីដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែគេនៅមិនទាន់ស្គាល់អត្ដសញ្ញាណជនរងគ្រោះទាំងអស់នោះនៅឡើយទេ ហើយក៏មិនទាន់ដឹងថា ជនរងគ្រោះទាំងនោះអាចស្លាប់បន្តទៀត ឬយ៉ាងណាដែរ ៕

website_news/2017020106.txt · Last modified: 2017/09/06 12:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki