website_news:2017020201

ពលរដ្ឋខ្មែររងគ្រោះដោយអំពើជួញដូរ ៣៦៦នាក់ ត្រូវបានជួយសង្គ្រោះមកកម្ពុជាវិញ

(http://vayofm.com/news) 01-02-2017 4:50 pm

ស្របពេលដែលស្ថានភាពសេដ្ឋកិច្ច និងនយោបាយ ក្នុងប្រទេសកម្ពុជាមានការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ នៅឆ្នាំ២០១៦នេះ សកម្មភាពជួញដូរមនុស្ស និងបទឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ នៅតែមានសកម្មភាពដែលនាំឱ្យមានការប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរ និងមានភាពអយុត្តិធម៌លើមនុស្សជាច្រើន ដែលជាជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករាឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។បើយោងតាមរបាយការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ស្ដីពីការជួយសង្គ្រោះពលរដ្ឋខ្មែរនៅបរទេស បានឱ្យដឹងថា ក្រសួងបានជួយសម្រួលពលរដ្ឋខ្មែរសរុបចំនួន៨១៥នាក់ឱ្យបានត្រឡប់មកប្រទេសកំណើតវិញ ដោយក្នុងនោះ៣៦៦នាក់ ជាជនរងគ្រោះដោយការជួញដូរមនុស្ស។

ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសវៀតណាមមានចំនួន២៣១នាក់ ដោយ៨នាក់ត្រូវបានគេនាំទៅយកប្ដីចិន និង២នាក់រងការជួញដូរផ្លូវភេទ។ ចំណែកម៉ាឡេស៊ី មានពលរដ្ឋខ្មែរ២៧២នាក់ ដោយក្នុងនោះ៥៩នាក់ត្រូវបានគេជួញដូរពលកម្ម និងមានម្នាក់រងការជួញដូរផ្លូវភេទ។ ប្រទេសថៃ មានពលរដ្ឋ១៣៩នាក់ ដែលបានបញ្ជូនមកស្រុកកំណើតវិញ ក្នុងនោះ១១០នាក់ ចូលទៅធ្វើការដោយខុសច្បាប់ ២២នាក់ចូលទៅកាប់ឈើ និង០៥នាក់ត្រូវបានថៅកែបំពាន។ ប្រទេសឥណ្ឌូនេស៊ី មានចំនួន៧៨នាក់ ដែល៧៦នាក់សុទ្ធតែជាពលករខុសច្បាប់ និងស្ត្រីមា្នក់ដែលមានកូនស្រីមួយ ត្រូវបានគេបោកយកទៅរៀបការ។ រីឯប្រទេសចិន មានពលរដ្ឋ៦៥ នាក់ ក្នុងនោះ៤១នាក់ជាស្ត្រីរងគ្រោះដោយ រៀបការប្ដីចិន ៩នាក់រស់នៅខុសច្បាប់ និង១៤នាក់ត្រូវគេបោកយកទៅរៀន។

លោកយ៉ា ណាវុធ នាយកប្រតិបត្តិអង្គការខារ៉ាម បានប្រាប់វិទ្យុវាយោថា ប្រជាពលរដ្ឋខ្មែរមួយចំនួន មិនបានស្នើសុំការអន្តរាគមន៍ពីក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការនៅបរទេសឡើយ ដោយពួកគេចំណាកស្រុកតាមរយៈមេខ្សល់។ ការស្រាវជ្រាវរបស់លោកបានឱ្យដឹងថា ពលករខ្មែរភាគច្រើនចូលធ្វើការខុសច្បាប់នៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ច្រើនជាគេ។ ចំណែកមួយចំនួនទៀតពលរដ្ឋខ្មែរទៅបរទេសក្នុងនាមជាអ្នកទេសចរណ៍ ប៉ុន្តែដល់ពេលកំណត់ផុតទិដ្ឋាការ ពួកគេគេចខ្លួនដើម្បីធ្វើការនៅទីនោះតែម្ដង។

ប្រធានអង្គការខារ៉ាម រូបនេះបានឱ្យជាយោបល់ថា ដើម្បីកុំឱ្យមានការចំណាកស្រុកខុសច្បាប់បន្តទៀត កត្តាចម្បងត្រូវបង្កើតការងារក្នុងស្រុកឱ្យបានច្រើន និងត្រូវពង្រឹងច្បាប់អន្តោប្រវេសន៍ឱ្យមានប្រសិទ្ធិភាព ដើម្បីរឹតបន្ដឹងចំពោះជនបរទេសដែលចូលមកស្វែងរកការងារនៅកម្ពុជា។

ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការធ្វើទុកបុកម្នេញលើពលរដ្ឋចំណាកស្រុក ជាពិសេសពលករខ្មែរ រដ្ឋាភិបាលកម្ពុជាគួរស៊ើបអង្កេតឲ្យតឹងរ៉ឹង និងមានការយកចិត្តទុកដាក់លើដំណើរការកាត់ទោស អ្នកដែលបានប្រព្រឹត្តបទល្មើសជួញដូរមនុស្ស និងការផ្ដន្ទាទោសដាក់ទណ្ឌកម្ម លើអ្នកដែលជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទ ជាពិសេសលើស្ត្រី និងកុមារ។ លើសពីនេះនឹងមានការផ្តន្ទាទោសចំពោះមន្ត្រីដែលចូលរួមសមគំនិតឃុបឃិតជាមួយជនល្មើស៕(ដោយ៖ គីម ចាន់ចាវ)

website_news/2017020201.txt · Last modified: 2017/02/10 13:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki