website_news:2017020202

ពលរដ្ឋថាសមត្ថកិច្ចនៅព្រំដែនខេត្តបន្ទាយមានជ័យបើកដៃឲ្យមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់

(http://www.rfa.org/khmer/news) ដោយ ហ៊ុំ ចំរើន 2017-02-01

ប្រជាពលរដ្ឋនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អះអាងថា សមត្ថកិច្ចការពារព្រំដែនបើកដៃឲ្យមេខ្យល់នាំពលករជាច្រើននាក់ឆ្លងដែនទៅធ្វើការងារនៅប្រទេសថៃ តាមច្រករបៀងដោយខុសច្បាប់ជារៀងរាល់ថ្ងៃ និងពុំមានអាជ្ញាធរណាទប់ស្កាត់នៅឡើយ។ អង្គការសង្គមស៊ីវិលលើកឡើងថា ពលករធ្វើចំណាកស្រុកតាមច្រករបៀងប្រថុយប្រថាននឹងគ្រោះថ្នាក់ដល់អាយុជីវិត។ ប្រជាពលរដ្ឋនៅស្រុកអូរជ្រៅ លើកឡើងថា ពលករដែលធ្វើចំណាកស្រុកតាមច្រករបៀងនោះ ភាគច្រើនមកពីតាមបណ្ដាខេត្តទូទាំងប្រទេស មានដូចជា ខេត្តកំពង់ឆ្នាំង កំពង់ធំ និងខេត្តតាកែវ ជាដើម។

ពលរដ្ឋម្នាក់រស់នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ជាប់ព្រំដែនប្រទេសថៃ ថ្លែងសុំមិនឲ្យបញ្ចេញឈ្មោះនៅថ្ងៃទី១ ខែកុម្ភៈ ថា ក្រុមមេខ្យល់ដឹកពលករតាមរថយន្តនៅពេលថ្ងៃចន្លោះប្រមាណម៉ោង ១២ថ្ងៃ ត្រង់ទៅម៉ោង ៣រសៀល ប្រមាណពី ៣០ ទៅ ៥០នាក់ ក្នុងមួយថ្ងៃ ហើយយកទៅទុកតាមព្រំដែនចំណុចច្រករបៀងអូរបីជាន់ និងច្រកណងចាន់ ក្នុងឃុំអូរបីជាន់ ជារៀងរាល់ថ្ងៃ។ ពលរដ្ឋរូបនេះ បន្ថែមថា មេខ្យល់ត្រូវរ៉ូវជាមួយសមត្ថកិច្ចព្រំដែនប្រចាំការតាមច្រកទាំងអស់នោះ នាំពលករឆ្លងដែនទៅប្រទេសថៃ ប្រមាណម៉ោង ១២យប់៖ «ហើយកាលពីដើមខែមករា កន្លងទៅ មេខ្យល់នាំពលករចេញតាមច្រកអូរបីជាន់ ប្រមាណពី៣០០ ទៅ ៤០០នាក់ក្នុងមួយថ្ងៃ។ ចំណែកពលករដែលឆ្លងដែន ខ្ញុំឃើញមានកាបូបដាក់ខោអាវម្នាក់មួយជាប់ខ្លួនរបស់គាត់»។

ឆ្លើយតបនឹងការចោទប្រកាន់នេះ ប្រធានច្រករបៀងណងចាន់ លោក តុល សារឹម ហៅ ក្លឹង មានប្រសាសន៍ថា ពិតជាមានពលករលួចចេញទៅធ្វើការនៅប្រទេសថៃ ប្រាកដមែន ក៏ប៉ុន្តែលោកអះអាងថា ពួកគាត់ភាគច្រើនទៅធ្វើការនៅខេត្តជាប់ព្រំដែនកម្ពុជា ហើយវិលត្រឡប់មកផ្ទះវិញនៅពេលរសៀល៖ «បាទ! អត់មានទេ ព្រោះគោលការណ៍របស់រាជរដ្ឋាភិបាលគេហាមដាច់ខាតមិនឲ្យពលករឆ្លងដែនខុសច្បាប់។ វាតែងតែមានខ្លះហើយចំពោះអ្នកដែលទៅខាងក្នុងប្រទេសថៃ ក្នុងរូបភាពថាទៅកាប់ដកដំឡូងហើយហួសទៅតែម្ដង»។

ទោះជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សំគាល់ថា មេខ្យល់នាំពលករចេញទៅប្រទេសថៃ តាមច្រករបៀង ភាគច្រើនទៅធ្វើការងារខុសច្បាប់ ដែលប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគាត់។លោកស្នើឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធត្រូវចាត់វិធានការទប់ស្កាត់បញ្ហានេះជាបន្ទាន់៖ «កន្លងមកយើងសង្កេតដូចអត់មានអាជ្ញាធរទប់ស្កាត់អីទេ គឺមានតែជួយសម្រួលបណ្ដែតបណ្ដោយឲ្យជនដែលប្រព្រឹត្តនៅតាមព្រំដែនសម្រួលឲ្យអ្នកឆ្លងដែនខុសច្បាប់ ហាក់ដូចជាទទួលបានផលប្រយោជន៍អំពីការឆ្លងដែននេះ»។ លោកបន្ថែមថា តំបន់ដែលក្រុមមេខ្យល់នាំពលករឆ្លងដែនញឹកញាប់ មាននៅច្រកព្រំដែនក្នុងឃុំអូរស្រឡៅ ស្រុកម៉ាឡៃ និងនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ពលរដ្ឋនៅរស់នៅតាមព្រំដែនឲ្យដឹងថា ពលករដែលចេញទៅប្រទេសថៃ តាមច្រកអូរបីជាន់ ភាគីច្រើនទៅធ្វើការងារសំណង់ និងចូលទៅស៊ីឈ្នួលកាប់ឈើនៅខេត្តចាន់បុរី (Chanthaburi) និងខេត្តរាក់យ៉ង (Rayong) របស់ថៃ៕

website_news/2017020202.txt · Last modified: 2017/08/24 15:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki