website_news:2017020204

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា និងរុស្ស៉ី ចុះសន្ធិសញ្ញាស្តីពី «បត្យាប័ន» សម្រួលកិច្ចសហប្រតិបត្តិការ គ្រប់គ្រងបទល្មើស

(http://www.freshnewsasia.com) 2017-02-02

(ភ្នំពេញ)៖ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យយុត្តិ រវាងកម្ពុជា និងរុស្ស៊ីឲ្យកាន់តែរឹងមាំថែមទៀត ចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូ ទៅចូលរួមចរចារជាមួយ ក្រសួងយុត្តិធម៌ នៃសហពន្ធ័រុស្ស៊ី នៅទីក្រុងម៉ូស្គូ លើកិច្ចព្រមព្រៀងវិស័យយុត្តិធម៌ មួយចំនួនដូចជា៖ សន្ធិសញ្ញាស្តីពីការជួយគ្នា ទៅវិញទៅមកក្នុងរឿងព្រហ្មទណ្ឌ សន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត និង សន្ធិសញ្ញាស្តីពីបត្យាប័ន។

នៅក្នុងឱកាសនេះផងដែរ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ លោករដ្ឋមន្ត្រី អង្គ វង្ស វឌ្ឍានា និង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌រុស្សី ក៏បានចុះហត្ថលេខាលើសន្ធិសញ្ញា រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ស្តីពី «បត្យាប័ន»។

សន្ធិសញ្ញាស្តីពី «បត្យាប័ន» នេះ មានគោលបំណងជួយសម្រួល ដល់កិច្ចសហប្រតិបត្តិការ ក្នុងការគ្រប់គ្រងបទល្មើសឲ្យមាន ប្រសិទ្ធភាពរវាងគូភាគី ដោយឈរលើគោលការណ៍ អធិបតេយ្យភាព សមភាព និងផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាការពង្រីក និងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ឲ្យកាន់តែល្អក្នុងវិស័យយុត្តិធម៌ រវាងកម្ពុជា និងរុស្ស៊ី។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចការងាររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅសហព័ន្ធរុស្សីកាលពីឆ្នាំ២០១៦កន្លងទៅ ក្រសួងយុត្តិធម៌នៃកម្ពុជា និងការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ី បានចុះហត្ថលេខា លើអនុសារណៈ យោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការ» ក្នុងវិស័យយុត្តិធម៌ផងដែរ៕

website_news/2017020204.txt · Last modified: 2017/02/10 13:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki