website_news:2017020301

បុរសដែលសង្គ្រោះកុមារ ក្លាយជាអ្នកប្រមាញ់ជនរួមភេទជាមួយកុមារ

http://www.cambodiadailykhmer.com ដោយ ហ្ចច រ៉ាយត៍ ថ្ងៃសុក្រ ទី 3 ខែកុម្ភៈ ឆ្នាំ2017

ទោះបីជាលោក អាដាម វីតធីងតុន (Adam Whittington) ទទួលស្គាល់ដោយផ្ទាល់ក្ដី ក៏វាជាការផ្លាស់ប្ដូរមិនធម្មតាឡើយនូវជោគវាសនាសម្រាប់លោក។ កាលពី៨ខែមុន “ភ្នាក់ងារស្វែងរកកុមារ” រូបនេះបានជាប់ពន្ធនាគារនៅក្នុងប្រទេសលីបង់ ដោយប្រឈមនឹងបទចោទចាប់ពង្រត់ បន្ទាប់ពីលោកព្យាយាមចាប់កុមារពីរនាក់នៅតាមផ្លូវក្នុងទីក្រុងបេរូត ហើយប្រគល់ឱ្យទៅម្ដាយរបស់ពួកគេវិញ ប៉ុន្តែមិនបានសម្រេច។ បច្ចុប្បន្នអតីតទាហានអូស្ត្រាលី រូបនេះមានសេរីភាពវិញហើយ ហើយបានបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាកាលពីម្សិលមិញ។ លោកបានអង្គុយក្នុងបារ និងភោជនីយដ្ឋានមួយកន្លែងនៅរាជធានីភ្នំពេញ ជជែកអំពីការប្រថុយប្រថានចុងក្រោយរបស់លោកដែលលោកនឹងប្តូរការផ្ដោតយកចិត្តទុកដាក់លើការជួយសកុមារដែលត្រូវគេចាប់ពង្រត់ ហើយងាកមកតាមប្រមាញ់ជនរួមភេទជាមួយកុមារតាមរយៈការបង្កើតអង្គការមួយឱ្យឈ្មោះថា គម្រោងសង្គ្រោះកុមារ (Project Rescue Children) ឬហៅកាត់ថា PRC។

លោក វីតធីងតុន មានប្រសាសន៍ថា “PRC មិនមែនជាក្រុមទុច្ចរិតទេ ហើយយើងប្ដេជ្ញាមិនត្រឹមតែជួយស្វែងរកកុមារទេ គឺថែមទាំងធានាថា ជនល្មើសត្រូវបាននាំខ្លួនមកផ្ដន្ទាទោស”។

ជាបុគ្គលចម្រូងចម្រាស លោក វីតធីងតុន ត្រូវបានសារព័ត៌មានអន្តរជាតិចុះផ្សាយព្រោងព្រាតកាលពីខែមេសាឆ្នាំមុន នៅពេលលោកត្រូវបានចាប់ខ្លួនរួមជាមួយស្ត្រីម្នាក់ឈ្មោះ សែ៊លី ហ្វូលន័រ (Sally Faulkner) ដែលបានបង់ប្រាក់ឱ្យអង្គការស្វែងរកការចាប់ពង្រត់កុមារអន្តរជាតិ (Child Abduction Recovery International) ឬហៅកាត់ថា CARI របស់លោកឱ្យជួយស្វែងរកកូនពីរនាក់របស់គាត់ និងក្រុមការងារទូរទស្សន៍មកពីបណ្ដាញស្ថានីយទូរទស្សន៍ Nine Network របស់អូស្ត្រាលី ដែលបានថតភាពយន្តឯកសារស្ដីពីករណីនេះ។ អ្នកស្រី ហ្វូលន័រ អះអាងថា កូនៗរបស់អ្នកស្រីត្រូវបានឪពុករបស់ពួកគេចាប់ពង្រត់ទៅកាន់ទីក្រុងបេរូត ដោយគ្មានការយល់ព្រមពីអ្នកស្រី។ បន្ទាប់ពីចាប់ក្មេងទាំងពីរនៅតាមផ្លូវរួច ក្មេងទាំងនោះត្រូវបាននាំទៅកាន់កន្លែងលាក់ខ្លួនមួយជាមួយម្ដាយរបស់ពួកគេ ខណៈលោក វីតធីងតុន ជាអ្នករៀបចំឱ្យគេនាំម្ដាយកូនទាំងបីតាមទូកចេញពីប្រទេសនេះ។ ទោះជាយ៉ាងណានគរបាលលីបង់ ទទួលបានព័ត៌មានឱ្យការណ៍អំពីប្រតិបត្តិការណ៍នេះ  ហើយពួកគេទាំងអស់ក៏ត្រូវបានចាប់ខ្លួន។

ក្រុមការងារទូរទស្សន៍ដែលបានថតភាពយន្តឯកសារសម្រាប់កម្មវិធីដ៏ពេញនិយមមួយមានឈ្មោះថា “៦០នាទី” (60 Minutes) ត្រូវបានដោះលែងជាមួយអ្នកស្រី ហ្វូលន័រ បន្ទាប់ពីបណ្ដាញទូរទស្សន៍នេះបានបង់លុយយ៉ាងច្រើនសន្ធឹកសន្ធាប់ឱ្យទៅប្ដីដែលលែងរួមរស់ជាមួយគ្នារបស់អ្នកស្រីដើម្បីឱ្យគាត់ដកការចោទប្រកាន់។

ចំណែកឯលោក វីតធីងតុន បានជាប់ពន្ធនាគាររយៈពេលជាង៣ខែ។ លោកបានមានប្រសាសន៍ថា “ខ្ញុំជាប់ពន្ធនាគារអស់១០៤ថ្ងៃ វាពិតជាអាក្រក់ណាស់។ ករណីទាំងមូលនោះគឺនិយាយតែពីរឿងលុយ ជាពិសេសនៅពេលទូរទស្សន៍ Channel Nine ចូលមកពាក់ព័ន្ធ។ នៅពេលពួកគេដកសៀវភៅសែកចេញមក ពួកគេបានបង់ប្រាក់កន្លះលានដុល្លារឱ្យទៅបុរសជាឪពុក ហើយពួកគេក៏បានចេញពីពន្ធនាគាររយៈពេល ១៤ថ្ងៃក្រោយមក”។ លោក វីតធីងតុន ជឿថា អ្នកស៊ើបអង្កេតម្នាក់បានឲ្យដំណឹងទៅនគរបាលលីបង់ អំពីអន្ទាក់នេះ។ លោកក៏បានចោទប្រកាន់បណ្ដាញទូរទស្សន៍នេះដែរថាបាននិយាយកុហកតាមរយៈការអះអាងថា ពួកគេមិនបានបង់លុយឱ្យទៅបុរសជាឪពុកដើម្បីដកខ្លួនកុំឱ្យពាក់ព័ន្ធករណីនេះ។ នៅទីបំផុត លោក វីតធីងតុន ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីខែកក្កដា ហើយលោកក៏បានភៀសខ្លួនចេញពីប្រទេសនេះភ្លាមៗ។ អង្គការ PRC ដែលនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនសរសេរថា “យើងប្រមាញ់ជនដែលប្រមាញ់កុមារ” បានបើកដំណើរការជាផ្លូវការនៅថ្ងៃនេះ ទោះបីជាខ្លួនបានធ្វើការឃ្លាំមើលលើជនសង្ស័យរួមភេទជាមួយកុមារ  និងកុមារដែលប្រឈមគ្រោះថ្នាក់រួចមកហើយក្ដី។ លោកមានប្រសាសន៍ថា “យើងចង់ឱ្យជនរួមភេទជាមួយកុមារមកពីលោកខាងលិចទទួលបានសារនេះថា វាមិនអាចទទួលយកបានទេនៅក្នុងការចូលរួមក្នុង ’ទេសចរណ៍សិច’ ទាំងនេះ”។

PRC ដែលទទួលបានជំនួយមូលនិធិពីភាគីឯកជន ប៉ុន្តែសង្ឃឹមថានឹងទទួលបានជំនួយមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី គឺជាអង្គការមិនមែនរដ្ឋាភិបាលគាំទ្រដោយបរទេសចុងក្រោយដែលសហការជាមួយសមត្ថកិច្ចដើម្បីស៊ើបអង្កេតការរំលោភបំពានផ្លូវភេទកុមារនៅប្រទេសកម្ពុជា។ លោក វីតធីងតុន បានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា  អង្គការរបស់លោកបានចុះបញ្ជីនៅក្រសួងមហាផ្ទៃតាំងពីដើមខែមករាមកម្លេះ។ នៅក្នុងសារមួយបង្ហោះតាមហ្វេសប៊ុកនៅសប្ដាហ៍នេះ លោកសរសេរថា “ពេលនេះ PRC គឺជាអង្គការមិនមែនរដ្ឋាភិបាលដែលបានបង្កើតឡើងជាផ្លូវការនៅកម្ពុជា ដោយសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា មន្ត្រីនគរបាល និងមន្ត្រីយោធា”។លោកលើកឡើងថា អង្គការដែលបច្ចុប្បន្នមានបុគ្គលិកប្រាំមួយនាក់នៅក្នុងក្រុមកម្ពុជារបស់ខ្លួននេះ នឹងធ្វើការងារ “ស្រដៀងគ្នា” នឹងអង្គការសកម្មភាពដើម្បីកុមារ (APLE) ប្រឆាំងជនរួមភេទជាមួយកុមារដូច្នោះដែរ ដោយធ្វើប្រតិបត្តិការឃ្លាំមើលក្រោយទទួលបានព័ត៌មានឱ្យការណ៍។

លោកមានប្រសាសន៍ថា “យើងចង់ឱ្យវាបើកចំហជាសាធារណៈ មានការចូលរួមគ្រប់កន្លែង មានមនុស្សសម្រាប់ទទួលការហៅទូរស័ព្ទចូល។ ពួកគេបានចុះទៅបណ្តាខេត្តភាគច្រើនដើម្បីចែកកាត និងអ្វីដូចនេះដល់មេភូមិដើម្បីឲ្យពួកគាត់ដឹង ពីព្រោះវាកើតឡើងច្រើននៅតាមខេត្ត”។ លោក វីតធីងតុន បានបង្ហាញរូបថតកុមារម្នាក់នៅក្នុងទូរស័ព្ទរបស់លោកដែលក្រុមរបស់លោកសង្ស័យថា នាងត្រូវបានគេរំលោភបំពាន។ លោកបានលើកឡើងសំដៅដល់អង្គភាពគាំពារកុមារ (Child Protection Unit) ហៅកាត់ CPU ជាស្ថាប័នធ្វើគោលនយោបាយមួយដែលស៊ើបអង្កេតករណីរំលោភបំពានកុមារថា “ឧទាហរណ៍ ក្មេងស្រីនេះ នាងមានអាយុ១១ឆ្នាំ។ នេះជាការងារមួយដែលបានបញ្ជូនបន្តទៅឱ្យ CPU វាជាករណីដ៏ល្អ។ យើងខំប្រឹងប្រែងអស់ពីលទ្ធភាព ហើយគ្រាន់តែបញ្ជូនវាបន្តប៉ុណ្ណោះ”។

លោក ជេមស៍ ម៉ាកខេប (James McCabe) នាយករបស់ CPU មានប្រសាសន៍ថា លោកមិនដឹងពីអង្គការ PRC ឬពីវិធីដែលពួកគេធ្វើប្រតិបត្តិការនោះទេ ប៉ុន្តែលើកឡើងថា បណ្តាអង្គការមិនមែនរដ្ឋាភិបាលគាំពារកុមារ ដែលគាំទ្រដោយបរទេស គួរតែជួយពង្រឹងសមត្ថភាពរបស់នគរបាល។ លោកគូសបញ្ជាក់ថា“វាសំខាន់ណាស់ដែលនគរបាលជាតិកម្ពុជា ធ្វើអ្វីដែលនគរបាលគួរធ្វើ ជាក់ស្ដែងដូចនៅក្នុងករណីរបស់យើងជាដើម”។ លោក វីតធីងតុន បានមានប្រសាសន៍ថា គោលបំណងដ៏សំខាន់របស់អង្គការលោក គឺបញ្ជូនព័ត៌មានបន្តឱ្យទៅសមត្ថកិច្ច។ លោកថ្លែងថា ”យើងជាអ្នកចុះផ្ទាល់ធ្វើការងារដ៏ពិបាក ហើយធានាថាវាត្រូវបានតាមដាន និងសង្ឃឹមថាឃើញពួកគេទទួលការកាត់ទោស”៕ សុខុម

website_news/2017020301.txt · Last modified: 2017/02/10 13:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki