website_news:2017020304

អគ្គស្នងការនគរបាលជាតិកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាជាមួយ ភ្នាក់ងារឧក្រិដ្ឋកម្មជាតិអង់គ្លេស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ

(http://www.freshnewsasia.com) 2017-02-03

(អង់គ្លេស)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំប្រតិភូអគ្គស្នងការនគរបាលជាតិកម្ពុជា ជួបពិភាក្សាការងារ និងចុះអនុស្សរណៈយោគយល់គ្នាជាមួយ លោក Steve Reynolds អនុប្រធានទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិអង់គ្លេស (NCA)។

ការពិភាក្សា និងចុះអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងនៅទីក្រុងឡុង នៃចក្រភពអង់គ្លេស នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាស្វែងយល់ពីការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋពាក់ព័ន្ធទៅនិងការជួញដូរផ្លូវភេទ អាណាចារលើកុមារ បទល្មើសបច្ចេកវិទ្យា និងបទឧក្រិដ្ឋផ្សេងៗទៀត។ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នា បង្កើនកិច្ចសហប្រតិបត្តិការ ទៅលើការងារផ្លាស់ប្តូរព័ត៌មាន ការងារបណ្តុះបណ្តាល ក៏ដូចជាការផ្លាស់ប្តូរប្រតិភូទៅវិញទៅមកផងដែរ។

ក្រៅពីជំនួបនេះ ភាគីទាំងពីរក៏បានចុះអនុស្សរណៈ លើការយោគយល់ទៅលើអនុស្សរណៈ ដែលបានចុះរួមគ្នាកាលពីឆ្នាំ២០១៤ ដែលពេលនេះត្រូវធ្វើបច្ចុប្បន្នភាពផ្លាស់ប្តូរ នូវខ្លឹមសារមួយចំនួន។ លើសពីនេះទៅទៀតនោះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក Will Kerr ប្រធានស្ថាប័នប្រឆាំងការកេងប្រវ័ញ្ចលើកុមារតាមប្រព័ន្ធអ៊ីនធឺណេត (CEOP) ដើម្បីផ្លាស់ប្តូរបទសោធន៍ ទៅការងារអនុវត្តមួយចំនួន ក្នុងការបង្ការទប់ស្កាត់បទល្មើស ពាក់ព័ន្ធប្រឆាំងការជួញដូរមនុស្ស តាមប្រព័ន្ធអ៊ីនធឺណេត។ ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ក៏បានស្នើឲ្យប្រធានស្ថាប័ន CEOP ជួយបណ្តុះបណ្តាលដល់នគរបាលជាតិកម្ពុជា លើការប្រយុទ្ធប្រឆាំង ការជួញដូរមនុស្សផងដែរ។ ឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចនោះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកស្រី ក៏បានអញ្ជើញចូលរួមក្នុង ពិធីប្រគល់សញ្ញាបត្រថ្នាក់អនុបណ្ឌិត ផ្នែកច្បាប់របស់កូនស្រី នៅសាកលវិទ្យាល័យ City University of London ផងដែរ៕

website_news/2017020304.txt · Last modified: 2017/02/10 13:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki