website_news:2017020305

ជនជាតិភាគតិចរ៉ូហ៊ីងយ៉ានឹងអនុញ្ញាតឲ្យធ្វើការនៅម៉ាឡេស៊ី

(http://vodhotnews.com) ដោយ លោក ពៅ មេត្តា | ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ 6 នាទី

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Ahmad Zahid Hamidi ថ្លែងថា រដ្ឋាភិបាលនៃប្រទេសនេះ ចាប់ផ្តើមសាកល្បងគម្រោងអនុញ្ញាតឲ្យជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ឲ្យធ្វើការស្របច្បាប់ដូចពលរដ្ឋទូទៅ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន បន្ទាប់ពីជួបប្រជុំជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Zahid ថ្លែងថា ពួកគេព្រមចាប់ផ្តើមបើកឱកាសឲ្យជនជាតិភាគតិចរ៉ូហ៊ីងយ៉ាទទួលបានការងារ ចំពោះអ្នកដែលទទួលកាតសម្គាល់ពីអង្គការសហប្រជាជាតិក្នុងនាមជនភៀសខ្លួនដែលមានការធានាទាំងសុខភាព និង សន្តិសុខ។ នេះបើតាមសារព័ត៌មាន Channel News Asia។ ចំពោះពាក្យស្នើសុំបម្រើការងារដែលទទួលបានជោគជ័យ នឹងបញ្ជូនទៅតាមក្រុមហ៊ុន រោងចក្រ និង ឧស្សាហកម្មផលិតទំនិញផ្សេងៗទៀតឲ្យពួកគេជ្រើសរើស។

លោក Zahid ថ្លែងថា ជនជាតិរ៉ូហ៊ីងយ៉ាទាំងនោះ និង ទទួលបានការបណ្តុះបណ្តាលជំនាញ និង ទទួលបានប្រាក់ចំណូល សម្រាប់ការរស់នៅសមរម្យ ដើម្បីរង់ចាំការបញ្ជូនបន្តទៅរស់នៅប្រទេសទី៣ ។ លោកថា គម្រោងនេះ ក៏ជាផ្នែកមួយនៃការទប់ស្តាត់អំពើជួញដូរមនុស្ស។

ក្រុមអ្នកការពារសិទ្ធិជនភៀសខ្លួន Tenaganita បានបង្ហាញរបាយការណ៍ថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ជនភៀសខ្លួនប្រមាណ ១៥០០០០នាក់ ត្រូវបានអង្គការផ្តល់កាតសម្គាល់ឲ្យនៅក្នុងប្រទេសម៉ាឡេស៊ី គឺមកពីប្រទេសចំនួន៦២ ក្នុងនោះ ៩០% មកពីប្រទេសមីយ៉ាន់ម៉ា គឺប្រមាណ៥៦០០០ នាក់ ដែលមិនមានឯកសារគ្រប់គ្រាន់ គឺពួកគេរត់គេចចេញដោយសារហិង្សារពីសំណាក់យោធាមីយ៉ាន់ម៉ា៕

website_news/2017020305.txt · Last modified: 2017/02/10 13:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki