website_news:2017020501

អីក៏អាក្រក់ម្លេះលោក!!! ចាប់ខ្លួនប្តីប្រពន្ធជនជាតិអង់គ្លេស និងវៀតណាម ដែលចិញ្ចឹមក្មេងស្រីអនីតិជនជាច្រើននាក់ ក្នុងរូបភាពមនុស្សធម៌ តែធាតុពិតទុករួមភេទ

http://www.vd7news.com/article/ May 01,2017 01:05 AM 45

រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋានរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះ បានបញ្ជូនបុរសជនជាតិអង់គ្លេស និងប្រពន្ធជនជាតិវៀតណាម ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធពីបទអូសទាញ និងទិញពេស្យាចារកុមារ ក្រោមអាយុ១៥ឆ្នាំ។ ជនសង្ស័យឈ្មោះ CLIVE ROBERT KING SLEY អាយុ៦៩ឆ្នាំ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥១៨២០៦១៥៤ និងស្ត្រីជាប្រពន្ធឈ្មោះ ជា សុខធី អាយុ២៧ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្នពួកគេស្នាក់នៅខុនដូ ផ្លូវលេខ១០៩ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន។

មន្ដ្រីនគរបាលបានបញ្ជាក់ថា ជនសង្ស័យទាំង២ ត្រូវបានឃាត់ខ្លួន នៅចំណុចហាងកាហ្វេ ឈ្មោះប៉ាតេ ស្ថិតនៅតាមបណ្តោយផ្លូវ១៥៥ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន កាលពីរសៀលថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០១។ នៅពេលឃាត់ខ្លួនជនសង្ស័យ ក៏ហៅក្មេងស្រីរងគ្រោះក្រោមអាយុ១៥ឆ្នាំ ៤នាក់ទៅសាកសួរដែរ តែកុមារីទាំងអស់ភាគច្រើនជាកូនវៀតណាម រស់នៅស្រុកខ្មែរ។

ករណីអូសទាញ និងទិញពេស្យាចារកុមារ ត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងថា ផ្តើមចេញពីបុរសជាជនជាតិអង់គ្លេស ត្រូវបានគេបញ្ឍប់ពីគ្រូបង្រៀន នៅប្រទេសរបស់ខ្លួន ទើបមានពេលចូលមកទេសចរណ៍ប្រទេសកម្ពុជាញឹកញប់ និងបានប្រពន្ធជាជនជាតិវៀតណាមច្រើនឆ្នាំហើយដែរ។ ក្រោយមកបុរសជាប្តី ក៏មានគំនិតឲ្យប្រពន្ធដើររកទាក់ទងកុមារអាយុក្រោម១៥ឆ្នាំ ដើម្បីយកមកចិញ្ចឹមធ្វើជាកូនធម៌ និងផ្តល់ការរៀនសូត្រ លុយកាក់ទាក់ទាញទឹកចិត្តជាថ្នូរ នឹងការរួមភេទ។

បើតាមពាក្យការបំភ្លឺរបស់កុមាររងគ្រោះ ក៏ដូចជាចម្លើយជនសង្ស័យ បានឲ្យសមត្ថកិច្ចដឹងថា ជនជាតិអង់គ្លេសរូបនោះ បានលួងលោមទិញពេស្យាចារកុមាររួមភេទម្តងតម្លៃ២០០០ ទៅ៣០០០ដុល្លារ ហើយក្នុងនោះស្ត្រីជាប្រពន្ធ ក៏ទទួលបានផលពីកុមារម្នាក់១០០០ដុល្លារដែរ។ ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចធ្វើការសន្និដ្ឋានចោទ ប្រកាន់ស្ត្រីជាប្រពន្ធពីបទអូសទាញ និងបុរសជាប្តីពីបទទិញពេស្យាចារកុមារ ដើម្បីប្រគល់ជូនស្ថាប័នអយ្យការ ចោទប្រកាន់ជាផ្លូវការ និងដាក់ជូនទៅខាងចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន៕ ដោយ ហង្ស សុភាព

website_news/2017020501.txt · Last modified: 2017/05/01 12:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki