website_news:20170206003

ស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី បន្ដជួយអន្តរាគមន៍ពលករ-ពលការិនីខ្មែរ៣នាក់ ឲ្យត្រឡប់មកស្រុកកំណើតវិញ

http://www.freshnewsasia.com/index.php/en/localnews/ 2017-06-02

(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេស៊ី បានជួយអន្តរាគមន៍ដោះស្រាយ បញ្ហាជូនពលករ-ពលការិនីខ្មែរ៣នាក់ ដែលបានទៅធ្វើការ នៅប្រទេសម៉ាឡេស៊ី ឲ្យត្រឡប់មកស្រុកកំណើតវិញ ដោយមូលហេតុធ្វើការលំបាកពេក និងបញ្ហាប្រាក់ខែ បញ្ហាសុខភាព។ នេះបើតាមការបញ្ជាក់ពីលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ។ លោក ជុំ សុន្ទរី បានឲ្យដឹងថា ពលករ-ពលការិនី ខ្មែរទាំង៣នាក់ ដែលជួយសង្រ្គោះឲ្យបានវិលមកស្រុកកំណើតវិញនេះរួមមាន៖

ទី១៖ ពលករ ប.ដរ អាយុ៣៨ឆ្នាំ មកពីស្រុកសង្កែ ខេត្តបាត់ដំបង បានទៅម៉ាឡេស៊ីដោយខ្លួនឯង ដោយខុសច្បាប់ និងធ្វើការនៅហាងលក់កាហ្វេរបស់បងស្រីបង្កើតរបស់ខ្លួន កាលពីថ្ងៃទី១៥ខែឧសភា ឆ្នាំ២០១៥។ ដោយបងស្រីមិនបើកប្រាក់ខែឲ្យគ្រប់ចំនួន និងចង់ត្រឡប់មកកម្ពុជាវិញ ពលករខាងលើ បានទៅស្ថានទូត នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ដើម្បីស្នើស្ថានទូត ជួយទាមទារប្រាក់ខែដែល នៅសល់ពីនិយោជក និងជួយគាត់ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត និយោជកដែលជាបងស្រីបង្កើតរបស់ពលករ បានយល់ព្រមប្រគល់ប្រាក់ខែដែលនៅសល់ ជូនគាត់វិញ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧។

ទី២៖ ពលការិនី ស្រ.ណ អាយុ២៩ឆ្នាំ មកពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានទៅប្រទេសម៉ាឡេស៊ីធ្វើការតាមផ្ទះ កាលពី ខែមេសា ឆ្នាំ២០១៤ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយការងារលំបាកពេក នាងបានទៅស្ថានទូត នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៦ ស្នើស្ថានទូតជួយទាមទារប្រាក់ខែដែលនៅសល់ពីនិយោជក និងជួយនាងឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ ដោយនិយោជកបដិសេធពុំព្រមផ្តល់ប្រាក់ខែដែលនៅសល់ជូនពលការិនី ស្ថានទូតបានដាក់ពាក្យបណ្តឹងទៅតុលាការនៅរដ្ឋSelangor។ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ តុលាការបានផ្តល់ដំណឹងទៅស្ថានទូត ដោយសម្រេចពុំផ្តល់ប្រាក់ខែដែលនៅសល់ជូនពលការិនីឡើយ យោងលើហេតុនិយោជក ទទួលមរណភាព។ ស្ថានទូតកំពុងត្រៀមដាក់ពាក្យបណ្តឹងបន្តទៅតុលាការកំពូលម៉ាឡេស៊ី។ ដោយពុំអាចរង់ចាំនីតិវិធីរបស់តុលាការបាន ពលការីនីបានស្នើស្ថានទូតជួយនាងឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ ស្ថានទូតកំពុងបន្ត តាមដានករណីនេះ ហើយនិងផ្តល់ព័ត៌មានមកក្រសួង នៅពេលក្រោយ។

ទី៣៖ ពលការិនី ទ្រ.ខសយ អាយុ៣០ឆ្នាំ មកពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានទៅម៉ាឡេស៊ីដោយខុសច្បាប់ និងធ្វើការនៅរោងចក្រឈើមួយ នៅរដ្ឋ Selangor កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៦ តាមរយៈមេខ្យល់។ ដោយមានបញ្ហាសុខភាព ពលការិនីបានទៅស្ថានទូត នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៧ ដើម្បីស្នើសុំជួយនាងឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។

សូមជម្រាបថា ពលករ-ពលការិនីទាំង៣នាក់ខាងលើ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ នៅវេលាម៉ោង០៧៖៣៥នាទីព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ តាមជើងយន្តហោះ AK536៕

website_news/20170206003.txt · Last modified: 2017/06/02 17:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki