website_news:2017020601

សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ឃោសនាជ្រើសរើសនិងនាំយកពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ដោយខុសច្បាប់ និងក្លែងអត្តសញ្ញាណពលករ

http://police.gov.kh 1:19 pm 6 កុម្ភះ 2017 13

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក សេង លាង បានសម្រេចឃុំខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឃោសនាជ្រើសរើស និងនាំយកពលករ ចំនួន២០នាក់ ទៅធ្វើការនៅម៉ាឡេស៊ីដោយខុសច្បាប់ និងក្លែងអត្តសញ្ញាណពលករ០២នាក់។ ការសម្រេចឃុំខ្លួនជនសង្ស័យធ្វើឡើងកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧។

នគរបាលនាយកដ្ឋានប្រឆាំងការជូញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សួស ថារ៉ាត ហៅ ថានី ហៅ សម្បត្តិ កល្យាណ ភេទស្រី អាយុ ៣៣ឆ្នាំ មានស្រុកកំណើតនៅភូមិខ្សាច់ទប់ ឃុំជ្រោយបន្ទាយ ស្រុកព្រៃប្រសព្វ ខេត្តក្រចេះ។ បច្ចុប្បន្នស្នាក់នៅក្នុងអាផាតមិន ឌឹហ្គ្រេនហ័្វរធូន ជាន់ទី១ បន្ទប់លេខ១១៣ ផ្លូវបេតុងB២ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ នគរបាលបានបញ្ជាក់ថា កាលពីអំឡុងខែមីនា ឆ្នាំ២០១៥ មានមេខ្យល់ឈ្មោះ សួស ថារ៉ាត ហៅ ថានី ហៅ សម្បត្តិ កល្យាណ បានធ្វើសកម្មភាពឃោសនាជ្រើសរើសប្រជាពលរដ្ឋចំនួន ២០នាក់ (ក្លែងអត្តសញ្ញាណពលករ០២នាក់) ក្នុងនោះ៖ ខេត្តកំពង់ចាម០៤នាក់, កំពង់ស្ពឺ០៣នាក់, កំពត០៣នាក់, កំពង់ធំ០៣នាក់, កំពង់ឆ្នាំង០២នាក់, ព្រៃវែង០២នាក់, ស្វាយរៀង០១នាក់, ខេត្តកណ្តាល០១នាក់, និងខេត្តក្រចេះ០១នាក់ ឲ្យទៅធ្វើជាស្រ្តីជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ី ដោយទទួលបានប្រាក់ឈ្នួលខ្ពស់ចាប់ពី៣០០រហូតដល់៤០០ដុល្លារអាមេរិក ចំណែកសោហ៊ុយគ្រប់បែបយ៉ាងមេខ្យល់ចំណាយទាំងអស់ ដោយជឿតាមការឃោសនាពលការិនីទាំងអស់បានសម្រេចចិត្តទៅតាមមេខ្យល់ ដោយមេខ្យល់នាំចេញតាមច្រកអន្តរជាតិប៉ោយប៉ែត ដែលស្ថិតនៅក្នុងបំរាមរបស់រាជរដ្ឋាភិបាលកម្ពុជានៅឡើយ។ ពេលនាំជនរងគ្រោះដល់ប្រទេសម៉ាឡេស៊ីឈ្មោះ សួស ថារ៉ាត បានប្រគល់ទៅឲ្យអេចិនស៊ី ឈ្មោះ Power Clean ដែលមានឈ្មោះ ជា ណេត ភេទស្រី និងឈ្មោះ លីម ភេទប្រុស សញ្ជាតិម៉ាឡេស៊ី យកជនរងគ្រោះឲ្យទៅធ្វើការតាមផ្ទះថៅកែម៉ាឡេស៊ី។ នគរបាលបានបញ្ជាក់ទៀតថា ជនរងគ្រោះទាំងអស់ត្រូវបានអេចិនស៊ី Power Clean កាត់ប្រាក់ឈ្នួលចំនួន០៥ខែ ក្នុងម្នាក់ៗចំនួន៦,៥០០រីងហ្គីត សម្រាប់ឲ្យយកមកឲ្យឈ្មោះ សួស ថារ៉ាត។ ដោយមិនអាចទ្រាំនឹងការងារបានជនរងគ្រោះចំនួន០៩នាក់បានរត់ចេញពីគោលដៅការងារទៅរកការអន្តរាគមន៍ជួយសង្រ្គោះពីស្ថានទូតខ្មែរប្រចាំនៅប្រទេសម៉ាឡេស៊ី និងបានបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់កាលពីថ្ងៃទី២១-២៦-២៧ ខែកញ្ញា និងថ្ងៃទី០១ ខែធ្នូ ២០១៦ និងអ្នកផ្សេងៗកំពុងនៅប្រទេសម៉ាឡេស៊ីនៅឡើយ។

តាមការបំភ្លឺរបស់នារីរងគ្រោះម្នាក់ បានឲ្យដឹងថា កាលពីខែមីនា ឆ្នាំ២០១៥ មានឈ្មោះ សំណាង ភេទស្រី អាយុប្រមាណ ៣០ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នាបាននិយាយប្រាប់ថា ទៅធ្វើការផ្នែកសំអាតជាក្រុមនៅប្រទេសម៉ាឡេស៊ីនឹងទទួលបានប្រាក់ឈ្នួលក្នុងមួយខែចំនួន៣០០ដុល្លារអាមេរិក។ បន្ទាប់មកបាននាំខ្លួនទៅជួបឈ្មោះ សួស ថារ៉ាត រួចឲ្យស្នាក់នៅក្នុងក្រុមហ៊ុនមួយមិនស្គាល់អាស័យដ្ឋានរយៈពេល០២សប្ដាហ៍ ដើម្បីរង់ចាំទទួលលិខិតឆ្លងដែនពេលនោះឈ្មោះ សួស ថារ៉ាត បាននិយាយប្រាប់ខ្លួនថា ទៅធ្វើការជាអ្នកលក់ខោអាវហើយក្រុមហ៊ុនតម្រូវកាត់ប្រាក់ឈ្នួលរយៈពេល០៤ខែ។ លុះនៅខែមីនា ឆ្នាំ២០១៥ ឈ្មោះ សួស ថារ៉ាត និងបុរសម្នាក់ជាបក្សពួកបាននាំខ្លួន និងពលការិនីចំនួន០៥នាក់ផ្សេងទៀតទៅកាន់ប្រទេសម៉ាឡេស៊ី តាមច្រកអន្តរជាតិប៉ោយប៉ែតដោយឆ្លងកាត់ប្រទេសថៃ ពេលដល់ប្រទេសម៉ាឡេស៊ីមេខ្យល់បានប្រគល់ជនរងគ្រោះទៅឲ្យបក្សពួកគ្រប់គ្រងបន្ត។ ក្រោយមកបក្សពួករបស់ឈ្មោះ សួស ថារ៉ាត បានបញ្ជូនខ្លួនទៅធ្វើជាអ្នកសំអាតជាក្រុមឲ្យក្រុមហ៊ុនមួយមិនស្គាល់ឈ្មោះអស់រយៈពេល០៥ខែ រួចបានបញ្ជូនខ្លួនឲ្យទៅធ្វើជាស្រ្ដីមេផ្ទះពីថៅកែទី១ រហូតដល់ថៅកែទី៣ដោយបានដកយកលិខិតឆ្លងដែន មិនបើកប្រាក់ឈ្នួលឲ្យ និងត្រូវបានសមត្ថកិច្ចម៉ាឡេស៊ីចាប់ឃាត់ខ្លួនអស់រយៈពេល០៦ខែពីបទស្នាក់នៅ និងធ្វើការខុសច្បាប់។ ក្រោយមកមានការអន្តរាគមន៍ជួយសង្រ្គោះពីស្ថានទូតខ្មែរប្រចាំនៅប្រទេសម៉ាឡេស៊ី និងអង្គការ IOM បានបញ្ជូនត្រឡប់មកកម្ពុជាវិញកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។ ជនសង្ស័យឈ្មោះ សួស ថារ៉ាត ហៅ ថានី ហៅ សម្បត្តិ កល្យាណ បានសារភាពថា ចាប់តាំងពីឆ្នាំ២០១៣ ក្រោយពីមានបំរាមរបស់រាជរដ្ឋាភិបាលកម្ពុជា ខ្លួនបានធ្វើការផ្សព្វផ្សាយជ្រើសរើសនាំពលការិនីបានចំនួន២០នាក់ ជ្រើសរើសប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម០៤នាក់, កំពង់ស្ពឺ០៣នាក់, កំពត០៣នាក់, កំពង់ធំ០៣នាក់, កំពង់ឆ្នាំង០២នាក់, ព្រៃវែង០២នាក់, ស្វាយរៀង០១នាក់, ខេត្តកណ្តាល០១នាក់, និងខេត្តក្រចេះ០១នាក់ ឲ្យទៅធ្វើជាស្រ្តីជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ី នឹងទទួលបានប្រាក់ឈ្នួលខ្ពស់ចាប់ពី៣០០រហូតដល់៤០០ដុល្លារអាមេរិក ចំណែកសោហ៊ុយគ្រប់បែបយ៉ាងខ្លួនចំណាយឲ្យពលករទាំងអស់។

នគរបាលបញ្ជាក់ថា ផ្អែកតាមការស្រាវជ្រាវ ព្រមទាំងការបំភ្លឺពីជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សួស ថារ៉ាត ហៅថានីហៅសម្បត្តិ កល្យាណ ព្រមទាំងវត្ថុតាងដែលប្រមូលបាន និងលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីការវិលត្រឡប់ពីប្រទេសម៉ាឡេស៊ីរបស់ជនរងគ្រោះ សមត្ថកិច្ច សន្និដ្ឋាន និងវាយតម្លៃបានថា ជនសង្ស័យឈ្មោះ សួស ថារ៉ាត ហៅ ថានី ហៅសម្បត្តិ កល្យាណ, ឈ្មោះ លី សម្រស់ និងអ្នកទទួលខុសត្រូវនៅអេចិនស៊ីម៉ាឡេស៊ីឈ្មោះ ជា ណេត និងឈ្មោះ លីម ពិតជាបានធ្វើសកម្មភាពឃោសនាអូសទាញនារីរងគ្រោះបានចំនួន២០នាក់ និងនាំយកចេញទៅប្រទេសម៉ាឡេស៊ី ធ្វើការដោយខុសច្បាប់ និងក្លែងអត្តសញ្ញាណជនរងគ្រោះ០២នាក់ ដែលអំពើប្រព្រឹត្តនេះធ្វើឡើងក្នុងគោលបំណងស្វែងរកប្រយោជន៍ ដោយមធ្យោបាយទុច្ចរឹត ពាក់ព័ន្ធនឹងមាត្រា១០ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងមាត្រា៦៣៦ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ សួស ថារ៉ាត ហៅថានីហៅសម្បត្តិ កល្យាណ ត្រូវបាននគរបាលនាយកដ្ឋានប្រឆាំងការជូញដូរមនុស្ស និងការពារអនីតិជន ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី០១ ខែកុម្ភៈ ហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែកុម្ភៈ។ បន្ទាប់មកនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនតែម្តង ៕

website_news/2017020601.txt · Last modified: 2017/02/10 12:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki