website_news:2017020602

នគរបាលប្រឆាំងការជួញដូរបញ្ជូនជនសង្ស័យជប៉ុនម្នាក់ និងខ្មែរពីរនាក់ទៅតុលាការពាក់ព័ន្ធករណីនាំនារីខ្មែរ១០នាក់ ទៅប្រទេសជប៉ុន បំបិទសិទ្ធ និងបង្ខំឲ្យបម្រើផ្លូវភេទ

http://police.gov.kh 11:48 am 6 កុម្ភះ 2017 14

ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបញ្ជូនជនសង្ស័យ ៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីនាំនារីខ្មែរចំនួន១០នាក់ ទៅប្រទេសជប៉ុន បិទសិទ្ធិសេរីភាព និងបង្ខំឲ្យបម្រើផ្លូវភេទជាមួយភ្ញៀវជនជាតិជប៉ុន។

នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ជនស្ស័យទាំង៣នាក់ខាងលើ ទី១.ឈ្មោះ FUKUI SUSUMU ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិជប៉ុន មានមុខរបរជាប្រធានភោជនីយដ្ឋានជប៉ុន ឈ្មោះហ្គីណេស និងបម្រើការងារនៅក្រុមហ៊ុនដឹកជញ្ជូនថ្ងៃរះ ស្នាក់នៅភោជនីយ៍ដ្ឋាន ផ្ទះជួលលេខ១៩ ផ្លូវ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ, ទី២.ឈ្មោះ លឹម លក្ខិណា ហៅ (អាណែត) ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាប្រពន្ធរបស់ឈ្មោះ FUKUI SUSUMU) ស្នាក់នៅផ្ទះលេខ១៩៦ ផ្លូវ១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ, ទី៣.ឈ្មោះ សេង ចាន់ឌី ហៅ (ខេនឌី) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ធ្វើការនៅភោជនីយដ្ឋានហ្គីណេស មានទីលំនៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌសែនសុខ។

សមត្ថិកច្ចបញ្ជាក់ថា នៅក្នុងអំឡុងខែសីហា ឆ្នាំ២០១៦ មេខ្យល់ឈ្មោះ FUKUI SUSUMU និងប្រពន្ធឈ្មោះ លឹម លក្ខិណា ហៅ (អាណែត) បានឃោសនានៅរាជធានីភ្នំពេញ បោកបញ្ឆោតនារីខ្មែរចំនួន១០នាក់ថា ឲ្យទៅធ្វើការនៅភោជនីយដ្ឋាននៅប្រទេសជប៉ុន ដោយទទួលបានប្រាក់ខែពី៣០០០ដុល្លារទៅ៥០០០ដុល្លារក្នុង១ខែ ចំពោះសោហ៊ុយធ្វើឯកសារ និងការធ្វើដំណើរ គឺមេខ្យល់ជាអ្នកចំណាយ ព្រមទាំងឲ្យខ្ចីប្រាក់មុនចំនួន៥០០ដុល្លារ ក្រោយមកនារីទាំងអស់ក៏បានយល់ព្រមធ្វើតាមមេខ្យល់។ ក្រោយពីបណ្តាញរបស់មេខ្យល់ឈ្មោះ សេង ចាន់ឌី ហៅខេនឌី ធ្វើលិខិតឆ្លងដែនឲ្យជនរងគ្រោះរួចនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ មេខ្យល់ឈ្មោះ FUKUI SUSUMU បានធ្វើទិដ្ឋាការទេសចរណ៍ និងនាំយកនារីខ្មែរទាំង១០នាក់ ទៅប្រទេសជប៉ុន តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ពេលទៅដល់ប្រទេសជប៉ុនមានជនជាតិជប៉ុនម្នាក់ទៀតឈ្មោះ KABASAWA NAKARE ហៅ NAKANO FUYUKI ភេទប្រុស អាយុ៥០ឆ្នាំ បានមកទទួល និងនាំនារីខ្មែរទាំងអស់ទៅខេត្តGUNMA ប្រទេសជប៉ុន ហើយឈ្មោះនេះបានដកហូតលិខិតឆ្លងដែន និងឲ្យបម្រើនៅក្នុងភោជនីយដ្ឋានឈ្មោះ អ៊ីកាហុ និងបង្ខំឲ្យរួមភេទជាមួយភ្ញៀវជប៉ុនថែមទៀត ចំពោះប្រាក់ដែលបានមកពីការរួមភេទនេះត្រូវបានឈ្មោះ KABASAWA NAKARE ហៅ NAKANO FUYUKI និងឈ្មោះ សាចុ យកទាំងអស់។ លុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ ជនរងគ្រោះចំនួន០៧នាក់បានទាក់ទងទៅស្ថានទូតខ្មែរប្រចាំប្រទេសជប៉ុន និងបានជួយអន្តរាគមន៍ប្តឹងទៅសមត្ថកិច្ចប្រទេសជប៉ុនសង្គ្រោះជនរងគ្រោះ និងបង្ក្រាបជនល្មើស ដោះស្រាយតាមផ្លូវច្បាប់ និងបញ្ជូនជនរងគ្រោះមកកម្ពុជាវិញកាលពីថ្ងៃទី២៧ មករា ឆ្នាំ២០១៧ និងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧។

សមត្ថកិច្ចបញ្ជាក់ទៀតថា ផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេត ព្រមទាំងការឆ្លើយបំភ្លឺរបស់នារីរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចបានសន្និដ្ឋាន និងវាយតម្លៃថាជនសង្ស័យពិតជាបានឃុបឃិតគ្នាជាប្រព័ន្ធទាំងនៅកម្ពុជា និងជប៉ុន ជ្រើសរើសនាំយកចេញដោយមិនស្របច្បាប់ ក្នុងគោលដៅទុច្ចរិតដោយបានកេងប្រវ័ញ្ចផ្លូវភេទនារីរងគ្រោះចំនួន១០នាក់ ដែលអំពើប្រព្រឹត្តនេះពាក់ព័ន្ធមាត្រា១២ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ៕

website_news/2017020602.txt · Last modified: 2017/02/10 12:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki