website_news:2017020603

ថៃបញ្ជូនសពពលករខ្មែរម្នាក់មកតាមច្រកតំបន់ភ្នំដីស្រុកសំពៅលូន

http://nokorwatnews.com 04/02/2017

ខេត្តបាត់ដំបង៖ សពពលករខ្មែរម្នាក់ស៊ីឈ្នួលកាប់ដំឡូងមីនៅដីថៃ បានដួលជង់ដែកក្នុងដីចំការបណ្តាល ឱ្យស្លាប់ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅស្រុកខ្លងហាត ខេត្តស្រះកែវ ។សាកសពជនរងគ្រោះមានឈ្មោះ ឃុន ប៉ាយ ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅស្រុកបា្រសាទបល្ល័ង្ក ខេត្តកំពង់ធំ ត្រូវបានភាគីថៃដឹកបញ្ជូនប្រគល់មកសមត្ថកិច្ចខ្មែរ និងក្រុមគ្រួសារ តាមច្រកតំបន់ភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅវេលាម៉ោង១១ព្រឹកថ្ងៃដដែល ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

បើតាមប្រភពព័ត៌មានពីបងប្រុសជនរងគ្រោះប្រាប់ឱ្យដឹងថា ប្អូនប្រុសរបស់ខ្លួនរួមនិងរូបគេបានមកធ្វើការងារក្នុងដីថៃ ស្ថិតនៅចំណុចខាងលើមានរយៈពេលជិតកន្លះខែមកហើយ ស៊ីឈ្នួលកាប់ដំលូងឱ្យថៅកែថៃ។លុះនៅថ្ងៃកើតហេតុប្អូនបានក្រោកពីដេកដើម្បីទៅបត់ជើងតូច ។ លុះបាត់ប្អូនយូរមិនឃើញត្រឡប់មកកន្លែងដេកវិញ រូបគេក៏ចេញទៅរក ស្រាប់តែប្រទះឃើញប្អូនបានដួលជង់ជម្រោងដែកចំពង់កស្លាប់ពីពេលណានោះទេ។ ក្រោយមកទើបមានការភ្ញាក់ផ្អើលដល់ថែកែថៃនិងក្រុមកម្មករខ្មែររស់នៅជាមួយគ្នាតែម្តង។

បើតាមប្រភពព័ត៌មានពីមន្រ្តីទំនាក់កម្ពុជា-ថៃប្រចាំច្រកតំបន់ភ្នំដី ស្រុកសំពៅលូនប្រាប់ឱ្យដឹងថា តាមការធ្វើកោសល្យវិច្ច័យ របស់សមត្ថកិច្ចថៃ និងតាមការអះអាងរបស់សាច់ញាតិ ជនរងគ្រោះ គឺពលកររូបនោះពិតជាស្លាប់ដោយគ្រោះថ្នាក់ដួលជុងជម្រោងដែកពិតប្រាកដ មិនជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មនោះឡើយ។ជនរងគ្រោះទំនងជាកើតខ្យល់គ បណ្តាលឱ្យដួលជង់និងជម្រោងដែក។

ក្នុងគ្រោះថ្នាក់បណ្តាលឱ្យបាត់បង់ជីវិតរបស់ពលករខ្មែរនោះដែរ ថៅកែថៃក៏បានឧបត្ថម្ភប្រាក់ចំនួន១ម៉ឺនបាត ប្រគល់ឱ្យក្រុមគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យនោះផងដែរ៕ សំ វិច្ឆិកា

website_news/2017020603.txt · Last modified: 2017/08/24 15:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki