website_news:2017020604

ក្រសួងបន្ថែមថ្ងៃធ្វើការក្នុងការផ្តល់ឯកសារដល់ពលករនៅ ថៃ

http://www.postkhmer.com Mon, 6 February 2017 សែន ដាវីត

ភ្នំពេញៈ ក្រសួងការងារបានប្រកាសបន្ថែមថ្ងៃ និងម៉ោងផ្តល់ឯកសារផ្សេងៗដល់ពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃចាប់ពីថ្ងៃទី ៦ កុម្ភៈ នេះរហូតដល់ថ្ងៃទី ៣០ មេសា ២០១៧ ខណៈដែលពេញមួយឆ្នាំ ២០១៦ ថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់ត្រឡប់មកវិញតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតមានចំនួនជិត ៥ ម៉ឺននាក់។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានឲ្យដឹងថា មន្រ្តីដែលធ្វើការក្នុងគណៈកម្មការផ្តល់ភាពស្របច្បាប់នឹងត្រូវបន្ថែមថ្ងៃបម្រើសេវាជូនបងប្អូនចំនួន ១ ថ្ងៃក្នុង ១ សប្តាហ៍គឺកើនពី ៥ ថ្ងៃក្នុង ១ សប្តាហ៍ទៅ ៦ ថ្ងៃក្នុង ១ សប្តាហ៍។ កែសម្រួលថ្ងៃឈប់សម្រាកនៅថ្ងៃអាទិត្យមកថ្ងៃសុក្រវិញ។ ដូច្នេះថ្ងៃធ្វើការងាររបស់គណៈកម្មការគឺថ្ងៃសៅរ៍ អាទិត្យ ចន្ទ អង្គារ ពុធ និងព្រហស្បតិ៍។ លើសពីនេះក៏នឹងបន្ថែមម៉ោងបម្រើសេវាជូនពលករ ១ ម៉ោងក្នុង ១ ថ្ងៃគឺកើនពី ៨ ម៉ោងក្នុងមួយថ្ងៃទៅ ៩ ម៉ោងក្នុងមួយថ្ងៃដោយចាប់បម្រើសេវាពីម៉ោង ៩ និង ៣០ នាទីព្រឹកដល់ម៉ោង ៦ និង ៣០ ល្ងាចក្នុងនោះឈប់សម្រាកអាហារថ្ងៃត្រង់ចំនួន ១ ម៉ោង។

ការសម្រេចបែបនេះត្រូវបានលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបញ្ជាក់ក្នុងលិខិតជូនដំណឹងនោះថាក្នុងគោលបំណង ដើម្បីផ្តល់ភាពងាយស្រួលដល់ពលករខ្មែរធ្វើការនៅប្រទេសថៃដែលត្រូវការបញ្ជាក់អត្តសញ្ញាណធ្វើលិខិតឆ្លងដែន និងលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស និងប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេសជាមួយគណៈកម្មការចាប់ពីថ្ងៃទី ៦ កុម្ភៈដល់ថ្ងៃទី ៣០ មេសា ឆ្នាំ ២០១៧។ លោកថា តាមរយៈការកែសម្រួលនេះពលករអាចឆ្លៀតថ្ងៃឈប់សម្រាកចុងសប្តាហ៍ថ្ងៃសោរ៍ អាទិត្យ មកដាក់ពាក្យស្នើសុំ និងទទួលសំណុំឯកសារពីគណៈកម្មការដោយតាមការកំណត់ជាមួយភាគីថៃកម្រៃសេវាក្នុងការបើកផ្តល់សំណុំលិខិតគឺចំនួន ៩៥០ បាត។

អតីតពលករខ្មែរម្នាក់ឈ្មោះ ឡុង ហន បានថ្លែងថានេះជាការផ្តល់ភាពងាយស្រួលដល់ពលករក្នុងការស្នើសុំធ្វើការឯកសារស្របច្បាប់ផ្សេងៗ។ ពលកររូបនេះនិយាយថា៖ «ពេលខ្លះពលករគាត់ទំនេរការងារបានតែថ្ងៃសៅរ៍ ឬអាទិត្យចង់ទៅធ្វើតែមន្រ្តីអត់ធ្វើការ»។

បើតាមរបាយការណ៍របស់អាជ្ញាធរខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ក្នុងឆ្នាំ ២០១៦ អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរខុសច្បាប់មកតាមច្រកទ្វារប៉ោយប៉ែតចំនួន ៤៩ ៩៨៧ នាក់ដែលក្នុងនោះមានស្ត្រី ១៦ ២៦១ នាក់ និងកុមារ ៤ ២៦៤ នាក់ដោយដឹកតាមរថយន្តធំចំនួន ១១៥៩ គ្រឿង៕

website_news/2017020604.txt · Last modified: 2017/02/10 12:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki