website_news:2017020701

អាជ្ញាធរខេត្តស្ទឹងត្រែងរឹតបន្តឹងសន្តិសុខបន្ទាប់ពីកុមារីម្នាក់ត្រូវគេធ្វើទារុណកម្មចងដៃជើង

http://www.rfa.org/khmer/news ដោយ ម៉ែន សុធីរ 2017-02-06

កុមារីម្នាក់រស់នៅឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង ត្រូវបានអ្នកភូមិប្រទះឃើញគេធ្វើទារុណកម្មចងដៃជើង កាត់សក់ និងប្រើថ្នាំសណ្ដំ។ សមត្ថកិច្ចស្រុកថាឡាបរិវ៉ាត់ នៅមិនទាន់សន្និដ្ឋានថាយ៉ាងណានៅឡើយទេ ព្រោះមន្ត្រីជំនាញកំពុងធ្វើការស៊ើបអង្កេត។ ចំណែកមេឃុំអូរស្វាយ សង្ស័យថា ការធ្វើទារុណកម្មកុមារីបែបនេះ បំណងសម្លាប់វះកាត់យកគ្រឿងក្នុងលក់។

អាជ្ញាធរស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង កំពុងចាត់វិធានការតឹងរ៉ឹង ដោយពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងគ្រប់គ្រងការផ្តល់សេវាសាធារណៈ ក្រោយពីក្មេងស្រីម្នាក់វ័យ ១០ឆ្នាំ ត្រូវបានគេប្រទះឃើញជនមិនស្គាល់អត្តសញ្ញាណធ្វើទារុណកម្មកាលពីថ្ងៃទី៣ កុម្ភៈ។ មេឃុំអូរស្វាយ លោក រ័ត្ន ស៊ុន ឲ្យដឹងនៅថ្ងៃទី៥ កុម្ភៈ ថា អ្នកភូមិប្រទះឃើញកុមារីម្នាក់ត្រូវបានមនុស្ស ៥នាក់ធ្វើទារុណកម្មដោយចងដៃចងជើង បិទមាត់ និងប្រើថ្នាំសណ្ដំ នៅគ្រាដែលឪពុកម្ដាយកុមារីនោះជាប់រវល់ការងារស្រែចម្ការ ហើយទុកកូននៅចាំផ្ទះ។ លោកថា ជនល្មើសបានរត់គេចខ្លួននៅពេលដែលអ្នកភូមិប្រទះឃើញពួកគេកំពុងធ្វើទារុណកម្ម។ ក្រៅពីនេះ ស្ថានភាពកុមារីរូបនោះមានបញ្ហាស្មារតី និងសុខភាពទ្រុឌទ្រោម បន្ទាប់ពីអ្នកភូមិបានជួយសង្គ្រោះភ្លាម និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ លោកសង្ស័យថា ករណីនេះអាចជាជនល្មើសចង់សម្លាប់កុមារដើម្បីវះយកបេះដូង ក្រលៀន និងឈាម ជាដើម ធ្វើអាជីវកម្ម ព្រោះតាមការពិនិត្យជាជំហានដំបូងរបស់សមត្ថកិច្ច ពុំឃើញមានស្លាកស្នាមរំលោភនោះទេ៖ «ខ្ញុំឲ្យប៉ុស្តិ៍រដ្ឋបាលប្រមូលទាំងប្រជាការពារធ្វើសកម្មភាពតាមដានគ្រប់សកម្មភាពដែលមនុស្សចម្លែកៗ ចូលមកក្នុងមូលដ្ឋាន។ បើតាមការសន្និដ្ឋាន ទីមួយវាអាចវះយកក្រលៀន យកបេះដូង និងយកឈាម»។

មុនពេលកើតហេតុ អ្នកភូមិប្រទះឃើញមនុស្សប្លែកមុខមួយក្រុមមានគ្នា ៥នាក់ ប្រើប្រាស់ម៉ូតូចំនួន ៤គ្រឿង ធ្វើដំណើរទៅមកក្នុងឃុំអូរស្វាយ។ តំបន់នោះជាប់ព្រំដែនប្រទេសឡាវ មានពលរដ្ឋរស់នៅជាង ២០០គ្រួសារ ស្មើនឹងពលរដ្ឋជាង ៨០០នាក់។ ឃុំអូរស្វាយ ឋិតនៅទិសខាងកើតឆៀងខាងជើងនៃទីរួមខែត្រស្ទឹងត្រែង ឆ្ងាយពីទីរួមខែត្រជាង ៦០គីឡូម៉ែត្រ។

អធិការស្រុកថាឡាបរិវ៉ាត់ លោក សែម ស៊ីថា មានប្រសាសន៍ថា នគរបាលស្រុកបានទទួលពាក្យបណ្ដឹងនេះហើយ និងបានចាត់ឲ្យមន្ត្រីជំនាញចុះធ្វើការស្រាវជ្រាវ ហើយពុំទាន់អាចកំណត់អត្តសញ្ញាណជនល្មើសនៅឡើយទេ។ លោកបដិសេធមិនអធិប្បាយលម្អិតរឿងនេះ ព្រោះឋិតក្នុងការស៊ើបអង្កេត។ តែទោះយ៉ាងណា នគរបាលស្រុកថាឡាបរិវ៉ាត់ បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងបម្រើសេវាសាធារណៈជូនពលរដ្ឋ៖ «ក្នុងករណីរឿងហ្នឹង យើងនៅតែបន្តការស្រាវជ្រាវ។ ពីរថ្ងៃហើយយើងកំពុងតែកំណត់អត្តសញ្ញាណឲ្យច្បាស់លាស់»។

ប្រធានរដ្ឋបាលសាលាស្រុកថាឡាបរិវ៉ាត់ លោក ថៃ អ៊ី លើកឡើងថា លោកអភិបាលស្រុកបានជំរុញឲ្យសមត្ថកិច្ចពង្រឹងការផ្តល់សេវាសាធារណៈ និងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពជូនពលរដ្ឋគ្រប់ឃុំទាំង ១១ ក្នុងស្រុកថាឡាបរិវ៉ាត់ ជាពិសេសនៅតំបន់ជាប់ព្រំដែនឡាវ។ លោកថា វិធានការនេះតម្រូវឲ្យនគរបាល និងអាជ្ញាធរឃុំយកចិត្តទុកដាក់គ្រប់គ្រងពលរដ្ឋចំណូលស្រុក ព្រោះបាតុភាពកើតឡើងកន្លងទៅ ភាគច្រើនជាពលរដ្ឋចំណូលស្រុក៖ «កិច្ចការងារនេះក្រោយពីលោកអភិបាលទទួលព័ត៌មានភ្លាម គាត់បានចាត់ចែងតាមរយៈភូមិ-ឃុំ ឲ្យធ្វើការស្រាវជ្រាវជាបន្ទាន់រឿងហ្នឹង ការកំណត់មុខសញ្ញាមិនទាន់បាន ដោយសារយើងគ្រប់គ្រងមិនទាន់ច្បាស់»។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល ចាត់ទុកករណីនេះថាជាអំពើហិង្សាលើអនីតិជន ឬកុមារី ផ្ទុយពីក្របខ័ណ្ឌច្បាប់។ បញ្ហានេះ លោកទាមទារឲ្យមានការស៊ើបអង្កេតឲ្យគ្រប់ជ្រុងជ្រោយ ដើម្បីរកយុត្តិធម៌ឲ្យគ្រួសារកុមាររងគ្រោះ និងដើម្បីធានាការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ មានប្រសិទ្ធភាព៖ «ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គាត់មិនសូវបានយកចិត្តទុកដាក់លើករណីហ្នឹងទេ។ ឪពុកម្ដាយទៅស្រែចម្ការបាត់កូនៗ គាត់ច្រើនប្រលែងចោល។ សំខាន់រឿងអីក៏ដោយ គឺអាជ្ញាធរមូលដ្ឋានគាត់ជាអ្នកទទួលបន្ទុក»។ លោក ហូ សំអុល បន្ថែមថា អ្នកភូមិបានរាយការណ៍ថា ករណីនេះអាចជាការប៉ងធ្វើឃាតកុមារយកគ្រឿងក្នុងធ្វើអាជីវកម្ម ក្រោមហេតុផល ជនល្មើសបានចាប់ចង និងប្រើថ្នាំសណ្ដំ ប៉ុនប៉ងសម្លាប់វេលាម៉ោង ២រសៀល ថ្ងៃទី៣ កុម្ភៈ នៅគ្រាដែលក្មេងស្រីនៅផ្ទះពីរនាក់ប្អូនអាយុ ៨ឆ្នាំ៕

website_news/2017020701.txt · Last modified: 2017/08/24 14:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki