website_news:2017020702

ក្លាយជាមនុស្សវិកលចរិត ក្រោយធ្វើកម្មករទូកនេសាទសមុទ្រនៅថៃ

http://www.khmertimeskh.com/news ដោយ ម៉ៃ ទិត្យថារ៉ា TUESDAY, 07 FEBRUARY 2017

ពោធិ៍សាត់៖ (ខ្មែរថាមស៍) នៅក្នុងជង្រុកស្រូវដ៏ស្ងាត់ជ្រងំដែលមានក្លិនស្អុយ រាយប៉ាយទៅដោយចានបាយ និងផ្លែឈើមួយចំនួន ដៃស្រវាទាញខោអាវដែលនៅរាយប៉ាយជុំវិញខ្លួន យកមកបិទបាំងនៅពេលដែលឃើញមនុស្ស លោក សុខ ណយ អាយុ៣៥ឆ្នាំ ត្រូវបានក្រុមគ្រួសារ និងមិត្តភក្ដិអះអាងថា បានក្លាយទៅជាមនុស្សបាត់បង់ស្មារតី បន្ទាប់ពីបានទៅធ្វើការជាកម្មករទូកនេសាទជាច្រើនឆ្នាំនៅប្រទេសថៃ។

អង្គុយនៅលើផ្ទះស្ត្រីជាជនពិការអវយវៈមួយកំណាត់ខ្លួន ឈ្មោះ ម៉ៅ ដឹប អាយុ៧០ឆ្នាំ ជាម្តាយ របស់លោក ណយ រស់នៅក្នុងភូមិសំរោង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានថ្លែងថា កូនរបស់អ្នកស្រីបានទៅធ្វើជាកម្មករទូកនេសាទនៅប្រទេសថៃ អស់រយៈពេល ៨ឆ្នាំ បន្ទាប់ពីរូបគេបានបញ្ចប់ការសិក្សាថ្នាក់ទី១១។ ហើយអ្នកស្រីពុំដែលបានទទួលដំណឹងអំពីកូនរបស់អ្នកស្រីនោះទេបន្ទាប់ពីគេបានទៅធ្វើការនៅប្រទេសថៃ នោះ។ អ្នកស្រីថ្លែងទាំងសម្ដីខ្សោយៗ និងដកដង្ហើមហត់ៗ របៀបអ្នកមានជំងឺថា៖ «ខ្ញុំគិតថា កូនខ្ញុំវាស្លាប់បាត់ទៅហើយ ស្រាប់តែវាទៅធ្វើការបាន ៥ឆ្នាំវាបានត្រឡប់មកផ្ទះវិញ។ ហើយស្នាក់នៅផ្ទះបានប៉ុន្មានខែក៏ទៅធ្វើការនៅប្រទេសថៃ វិញ គេទៅធ្វើការបាន ៣ឆ្នាំទៀត ពេលត្រឡប់មកវិញ ក៏មានអាការៈ រាងផាំងៗបាត់ស្មារតីបន្តិចម្តងៗ តែពេលនោះខ្ញុំនៅដើរបាន ខ្ញុំបានទៅសុំថ្នាំពីអង្គការឲ្យគេលេប។ តែបន្ទាប់ពីខ្ញុំធ្លាក់ខ្លួនឈឺមិនអាចទៅយកថ្នាំឲ្យគេ គេក៏ធ្លាក់ខ្លួនដល់សព្វថ្ងៃនេះតែម្តង គឺមិនចងចាំអ្វីទាំងអស់ ហើយភ័យខ្លាច គឺគិតតែពីរត់ពួនកន្លែងស្ងាត់នៅពេលឃើញមនុស្ស»។ ជង្រុកស្រូវនៅមុខផ្ទះដែលមានមនុស្សជិះម៉ូតូឆ្លងកាត់ទៅមកម្តងម្កាលនោះ ជាធម្មតា សុខ ណយ រត់ទៅពួននៅក្នុងជង្រុកស្រូវ ឬនៅគុម្ពឫស្សីខាងក្រោយផ្ទះ នៅពេលដែលឃើញមនុស្ស ហើយគេបង្ហាញខ្លួនក្នុងភូមិនៅពេលយប់ស្ងាត់ ដើម្បីបេះផ្លែឈើហូប ឬក៏យកទឹកផឹក ដែលពេលខ្លះគេស្លៀកខោអាវរហែករញ៉េរញ៉ៃ និងពេលខ្លះមិនស្លៀកពាក់តែម្តង។

អ្នកស្រី ដឹប បានថ្លែងឲ្យដឹងទៀតថា៖ «ខ្ញុំមិនដឹងថា វាកើតជំងឺអី ហើយក៏មិនដឹងថា នៅពេលដែលវាធ្វើជាកម្មករទូកនេសាទនោះ គេធ្វើបាបយ៉ាងម៉េចទេ ទើបបានជាវាក្លាយទៅជាបែបនេះ។ ខ្ញុំតែងតែប្រាប់ថា កុំឲ្យពួកវាទៅធ្វើការតែវាមិនស្តាប់ ឥឡូវបងប្អូនជីដូនមួយរបស់វា ៤នាក់ទៀតកំពុងធ្វើការនៅប្រទេសថៃ ម្នាក់ដែលចុះទូកបាត់ដំណឹងឈឹងដូចកាលដែលវាទៅដែរ»។ និយាយបណ្តើរភ្នែករំពៃពីលើផ្ទះសម្លឹងទៅជង្រុកស្រូវដែលកូនប្រុសដេកជាប្រចាំនោះថា កូនរបស់អ្នកស្រីដំបូងឡើយពុំដឹងថា ត្រូវទៅធ្វើការនៅប្រទេសថៃ តាមណានោះទេ ប៉ុន្តែមានវិទ្យុប្រចាំខេត្ត និងមេខ្យល់ដើរមកបំផុសបំផុលដល់ផ្ទះ ស្របនឹងរូបគេប្រឡងចប់ ហើយគ្មានការងារធ្វើ និងកូនរបស់អ្នកភូមិជាច្រើននាក់បានទៅធ្វើការនៅប្រទេសថៃ ផងនោះ កូនរបស់អ្នកស្រីក៏សម្រេចចិត្តធ្វើចំណាកស្រុកទៅជាមួយមេខ្យល់តែម្តង។ អ្នកស្រីបានថ្លែងថា៖ «កាលនោះគេទៅអត់មានឯកសារអីនោះទេ គឺទៅតាមច្រករបៀងដែលមេខ្យល់ គេនាំទៅតាមច្រកមួយនៃខេត្តបន្ទាយមានជ័យ ហើយមានមេខ្យល់ជនជាតិថៃ នៅរង់ចាំទទួលនៅជាយដែនតែម្តង»។

អាការៈរបស់លោក ណយ គឺមិនមែនទើបតែចាប់ផ្តើមកើតមាននោះទេ គឺបានកើតឡើងជិត ៥ឆ្នាំមកហើយបន្ទាប់ពីរូបគេបានត្រឡប់មកពីធ្វើការនៅប្រទេសថៃ។ បើទោះជាឃើញផ្ទាល់ភ្នែកអំពីស្ថានភាពរបស់គាត់ក៏ដោយ ក៏សមាជិកនៃក្រុមគ្រួសាររបស់គាត់នៅតែបន្តធ្វើការចំណាកស្រុកទៅប្រទេសដដែល។ ដែលអ្នកខ្លះបានធ្លាក់ខ្លួនពិការដៃ នៅប្រទេសថៃ ពេលកំពុងធ្វើការងារ និងខ្លះបាត់ដំណឹងសូន្យតែម្តង។ និយាយដល់ចំណុចដែលកូនក្មួយបន្តធ្វើការនៅប្រទេសថៃ នោះ លោកយាយ ម៉ៅ ឌីន ដែលជាអ្នកមើលថែ លោក ណយ បានថ្លែងថា កូនរបស់លោកស្រីបានឃើញផ្ទាល់នឹងភ្នែកចំពោះបងប្រុសជីដូនមួយរបស់ខ្លួនបានធ្លាក់ខ្លួនឈឺក្រោយពីទៅធ្វើការនៅប្រទេសថៃ ប៉ុន្តែកូនរបស់អ្នកស្រីចំនួន ៤នាក់កំពុងធ្វើការនៅប្រទេសនោះ ៣នាក់ធ្វើការនៅក្នុងរោងចក្រ និងម្នាក់ទៀតធ្វើការនៅទូកនេសាទ។ លោកស្រីបានថ្លែងថា៖ «យើងគ្មានជម្រើស នៅផ្ទះធ្វើស្រែហូបមិនគ្រប់ អុីចឹងកូនៗរបស់ខ្ញុំទុកចៅឲ្យខ្ញុំមើល ហើយគេទៅធ្វើការនៅថៃ បើទោះបីជាដឹងថា ប្រឈមនឹងគ្រោះថ្នាក់។ កូនខ្ញុំម្នាក់ដាច់ម្រាមដៃដោយសារចូលក្នុងម៉ាស៊ីនពេលធ្វើការ។ ម្នាក់ទៀតធ្វើការនៅទូកនេសាទបាត់ដំណឹងឈឹង»។

អង្គុយលើអង្រឹងចៅស្រីដែលម្តាយឪពុកទុកនៅជាមួយជីដូន ដើម្បីទៅស្វែងរកការងារធ្វើនៅប្រទេសថៃ បានរត់មកដល់ឱបយាយនោះ លោកស្រី ឌីន បានថ្លែងឲ្យដឹងបន្តទៀតថា លោកស្រីតែងតែទូរស័ព្ទទៅកូនប្រុស កូនស្រីដែលធ្វើការនៅប្រទេសថៃ ឲ្យត្រឡប់មករកការងារនៅក្នុងស្រុកធ្វើវិញ បន្ទាប់ពីគេបានរងរបួសដៃ ប៉ុន្តែគេបានឆ្លើយថា មិនដឹងមកធ្វើអី។ លោកស្រីថ្លែងថា៖ «សព្វថ្ងៃនេះ ខ្ញុំអាណិតណាស់ក្រឡេកមើលក្មួយឆ្កួតមិនចប់ឆ្កួត ជាមិនចំជា បែរមើលទៅចៅគ្មានមេបាថែរក្សា ខ្លះបានចូលសាលា ខ្លះក៏មិនបានចូលសាលា ឯកូនធ្វើការនៅថៃ នោះវិញ ពិការ និងបាត់ខ្លួន។ ក្មួយខ្ញុំដែលឆ្កួតនេះបើអស់ពីខ្ញុំទៅមិនដឹងទៅជាយ៉ាងណានោះទេ ពីព្រោះមួយឆ្នាំដល់មួយឆ្នាំមិនដែលងូតទឹក។ ខោអាវដាក់ឲ្យក៏មិនស្លៀក មានតែខ្ញុំទេចេះតែចូលជង្រុកស្រូវយកបាយទៅដាក់ឲ្យហូប»។ អ្នកស្រីបានថ្លែងទាំងទឹកមុខក្រៀមក្រំថា ក្មួយ ណយ របស់អ្នកស្រី នៅពេលដែលត្រឡប់មកពីធ្វើការនៅប្រទេសថៃ ដំបូងៗដែលនៅចងចាំខ្លះៗបានធ្លាប់និយាយជាមួយគាត់ថា មានថ្ងៃមួយគេវាយទម្លាក់ពីលើទូកចូលសមុទ្រ តែសំណាងនៅពេលដែលធ្លាក់នៅប៉ះចំសំណាញ់ ជាប់នឹងជើង គេក៏បានព្យាយាមហែលតោងទូក និងចូលសំងំលាក់ខ្លួននៅខាងក្រោមម៉ាស៊ីនទូក នៅពេលដែលទូកឡើងមកលើគោកវិញក៏បានព្យាយាមរត់មកស្រុកខ្មែរ វិញ។អ្នកស្រីបានថ្លែងថា៖ «ខ្ញុំគិតថា វាអាចកើតជំងឺភ័យបាក់ស្បាត ឬក៏គេបង្ខំឲ្យប្រើគ្រឿងញៀនជ្រុលទើបបានទៅជាឡប់សតិបែបនេះ។ ក្មួយខ្ញុំបើមានអង្គការណាគេផ្តល់ថ្នាំព្យាបាលគេអាចនឹងជា ពីព្រោះសព្វថ្ងៃនេះគេមិនដែលឆ្កួតដើរវាយអ្នកណាទេ គឺរត់តែគេចខ្លួន»។ ឆ្លើយឆ្លងតាមរយៈការហៅទូរស័ព្ទពីប្រទេសកម្ពុជា ខណៈកំពុងធ្វើការនៅក្នុងរោងចក្រគ្រឿងបន្លាស់រថយន្តមួយនៅក្នុងប្រទេសថៃ អ្នកស្រី ឌីម ដែលជាប្អូនជីដូនមួយរបស់លោក ណយ បានថ្លែងថា បច្ចុប្បន្នប្តីរបស់អ្នកស្រីដែលរងរបួសដៃកាត់ម្រាមដៃមួយ និងម្រាមពីរផ្សេងទៀតតឡើងវិញតែម្រាមពីរនោះកម្រើកពុំបានទេ។ ប្តីអ្នកស្រីបានសម្រាកធ្វើការមួយរយៈហើយក្រោយពីធ្លាក់ខ្លួនពិការដៃ។

អ្នកស្រីថ្លែងថា៖ «ខ្ញុំនឹករឭកកូន និងស្រុកកំណើត តែខ្ញុំត្រូវតែតស៊ូធ្វើការនៅទីនេះដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ ពីព្រោះប្តីខ្ញុំគាត់ធ្វើការមិនកើត។ ខ្ញុំគ្រោងទៅលេងកូននៅរដូវចូលឆ្នាំនេះ»។ ខណៈដែលនិយាយទូរស័ព្ទឮសំឡេងរថយន្តរំខានខ្លាំងអ្នកស្រីបានថ្លែង អ្នកស្រីធ្វើការនៅ ទីនោះក្រុមហ៊ុនគេគោរពច្បាប់ខុសពីទៅធ្វើការនៅក្នុងទូកនេសាទសមុទ្រ។ តែទោះជាយ៉ាងណាត្រូវចំណាយច្រើនមិនដូចធ្វើការនៅក្នុងប្រទេសរបស់ខ្លួននោះទេ។ គឺចំណាយថ្លៃស្នាក់នៅ ហូបចុក និងថ្ងៃឯកសារធ្វើការ។ អ្នកស្រីបានថ្លែងថា៖ «បើខ្ញុំមានការងារធ្វើត្រឹមត្រូវនៅស្រុក អាចរកចំណូលផ្គត់ផ្គង់គ្រួសារបាន ខ្ញុំនឹងធ្វើការនៅប្រទេសយើង។ គ្មាននរណាម្នាក់ចង់រស់នៅបែកកូនៗដែលនៅតូចនោះទេ»។

ទាក់ទិនទៅនឹងការកេងកម្លាំងពលកម្មនោះលោក លោក កែវ រដ្ឋា ដែលជនរងគ្រោះនៃការជួញដូរមនុស្សធ្វើការឲ្យក្រុមហ៊ុនថៃ ឈ្មោះ ផាត់ថាណា ស៊ីហ៊្វូត ដែលបានដាក់ពាក្យប្ដឹងក្រុមហ៊ុនធំៗចំនួន ៤ របស់អាមេរិក និងថៃ ពីបទជួញដូរមនុស្ស និងបង្ខំឲ្យពួកគាត់ធ្វើការនៅរោងចក្រផលិតអាហារគ្រឿងសមុទ្រមួយក្នុងប្រទេសថៃ បានថ្លែងថា លោកធ្លាប់និយាយគ្នាជាមួយនឹងមិត្តភក្ដិដែលឡើងទូកគេបានប្រាប់ថា ឡើងទូកម្តងពិបាកជាងស្អីទៅទៀត ជាពិសេស គឺប្រើប្រាស់គ្រឿងញៀន។ ហើយពួកគេឡើងមកលើគោកម្តងពី ៦ខែ ទៅ ១ឆ្នាំ។ លោកថា៖ «ខ្ញុំមានបទពិសោធន៍ ហើយរឿងទៅធ្វើការនៅក្រៅប្រទេសនោះ គឺទី១ ពិបាករឿងភាសា ទី២ វាមិនមែនជាស្រុកយើង។ ខ្ញុំបានផ្តាំសាច់ញាតិខ្ញុំបើរកការងារធ្វើនៅប្រទេសយើងបាន គឺធ្វើនៅប្រទេសយើង។ ខ្ញុំមិនឲ្យគេទៅធ្វើការនៅក្រៅប្រទេសនោះទេ»។

ប្រទេសថៃ គឺជាប្រទេសនាំចេញអាហារសមុទ្រធំជាងគេទី៣ ក្នុងពិភពលោកតែឧស្សាហកម្មនេះត្រូវបានរំខានដោយសារការរំលោភសិទ្ធិ និងជំរុញដោយពលករដែលត្រូវបានជួញដូរមកពីប្រទេសជិតខាងមីយ៉ាន់ម៉ា កម្ពុជា និងឡាវ ជាដើម។ វិស័យនេះបានស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីរដ្ឋាភិបាលបរទេសនានាកាលពីឆ្នាំកន្លងមកដោយសហភាពអឺរ៉ុប ក៏បានផ្តល់ការព្រមានដល់ផលិតផលនេសាទថៃ ផងដែរ។ សហរដ្ឋអាមេរិក ក៏បានអនុម័តច្បាប់មួយនាពេលថ្មីៗនេះផងដែរហាមឃាត់ផលិតផលដែលត្រូវបានផលិតចេញពីពលកម្មដោយបង្ខំដែលប្រទេសថៃ អាចត្រូវបានមើលឃើញថា មានជាប់ពាក់ព័ន្ធនឹងទណ្ឌកម្មមួយចំនួន។ កន្លងមក គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើឲ្យគណៈកម្មការសិទ្ធិមនុស្សជាតិថៃ លើកទឹកចិត្តឲ្យរដ្ឋាភិបាលថៃ ឲ្យចុះបញ្ជីកម្មករនេសាទ និងបង្កើតយន្តការមួយដើម្បីត្រួតពិនិត្យបញ្ហាសិទ្ធិមនុស្ស ក្នុងឧស្សាហកម្មនេសាទ ក្រោយពីទទួលព័ត៌មានច្បាស់ការស្ដីពីការរំលោភសិទ្ធិមនុស្ស មកលើប្រជាជនកម្ពុជា ដែលជាកម្មករនេសាទ ដូចជាបង្ខំឲ្យធ្វើការ បង្ខំឲ្យប្រើប្រាស់គ្រឿងញៀន ដើម្បីបន្តធ្វើការដោយគ្មានពេលសម្រាក។

យោងទៅតាមលិខិតរបស់ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ផ្ញើជូនគណៈកម្មការសិទ្ធិមនុស្សជាតិថៃ បានលើកឡើងថា ក្នុងនាមគណៈកម្មការសិទ្ធិមនុស្សកម្ពុជា លោកសរសេរលិខិតនេះជូនដើម្បីស្នើសុំគណៈកម្មការសិទ្ធិមនុស្សជាតិថៃ ផ្តល់នូវកិច្ចសហការពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សសម្រាប់ប្រជាជននៃប្រជាជនថៃ និងកម្ពុជា។ នៅក្នុងលិខិតដដែលថា៖ «ខ្ញុំសូមកោតសរសេរចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលយើងទាំងពីរដើម្បីប្រជាជនយើង។ យ៉ាងណាមិញនាពេលថ្មីៗនេះ ខ្ញុំបានទទួលព័ត៌មានច្បាស់ការស្ដីពីការរំលោភសិទ្ធិមនុស្សមកលើប្រជាជនកម្ពុជា ដែលជាកម្មករនេសាទនៅក្នុងព្រះរាជាណាចក្រថៃ ដែលក្នុងនោះរួមមានការបង្ខិតបង្ខំឲ្យធ្វើការ និងការបង្ខិតបង្ខំឲ្យប្រើប្រាស់គ្រឿងញៀនដើម្បីបន្តធ្វើការដោយគ្មានពេលសម្រាក»។

នៅក្នុងសន្និសីទសារព័ត៌មាន កន្លងមក ក្រៅកិច្ចប្រជុំរបស់ក្រុមការងារបច្ចេកទេស កម្ពុជា-ថៃ ស្ដីពីការធ្វើវិសោធនកម្មលើអនុស្សរណៈយោគយល់គ្នា (MoU) រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ពាក់ព័ន្ធនឹងការងាររបស់ពលករ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ អនុរដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការងារថៃ លោក Winai Luewirojn បានបង្ហាញ និងអាននូវរបាយការណ៍អំពីតួលេខនៃពលករខ្មែរ សរុបដែលកំពុងបម្រើការងារនៅក្នុងប្រទេសថៃ មានដល់ជាង ៩៣ម៉ឺននាក់ ក្នុងនោះ ពលករស្របច្បាប់ ក្រោមអនុស្សរណៈយោគយល់គ្នា គឺមានតែជាង ៨ម៉ឺន ៧ពាន់នាក់ ប៉ុណ្ណោះ។ របាយការណ៍នោះបានបង្ហាញថា ពលករមិនស្របច្បាប់មានជាង ៨៤ម៉ឺននាក់ (៨៤៦ ១១៩នាក់) ក្នុងនោះជាង ១០ម៉ឺននាក់ (១០៧១៧២ នាក់) ទទួលបាននូវការកំណត់សញ្ជាតិ និងជាង ៧៣ម៉ឺន (៧៣៨ ៩៤៨នាក់) បានចុះបញ្ជីនៅការិយាល័យច្រកចេញចូលតែមួយ កាលពីក្នុងឆ្នាំ២០១៤ កន្លងមក។ លោក ឌីថេ ហូយ៉ា មន្ត្រីគម្រោងនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលធ្វើការលើករណីនេះបានថ្លែងថា ពលករចំណាកស្រុកនៅថៃ គឺប្រឈមថា តើគាត់ត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យមានសិទ្ធិស្របច្បាប់។ ហើយកត្តាដែលធ្វើឲ្យពួកគាត់ទៅធ្វើការមិនស្របច្បាប់ដោយសារតែគាត់ពុំមានលុយគ្រប់គ្រាន់ក្នុងការទៅធ្វើការតាមរយៈក្រុមហ៊ុនដែលជ្រើសរើសពលករ ដែលគេតម្រូវឲ្យបង់ពី ២៥០ដុល្លារ ទៅ ៣៥០ដុល្លារ ដោយមិនគិតពីការធ្វើដំណើររបស់គាត់។ ម្យ៉ាងទៀតក្រុមហ៊ុននោះត្រូវចំណាយពេលយូរទម្រាំតែពួកគាត់បានចេញទៅធ្វើការ ខណៈដែលគាត់បានចងការប្រាក់គេ។ ដូច្នេះ គឺគាត់មានតែទៅតាមរយៈមេខ្យល់ ឬក៏ទៅតាមរយៈអ្នកស្គាល់។ លោកបានថ្លែងថា ពេលខ្លះគាត់ទៅតាមរយៈក្រុមហ៊ុន តែក្រុមហ៊ុនមួយចំនួននោះក៏បោកពួកគាត់ទៀត ហើយនៅពេលដែលក្រុមហ៊ុនបោកគាត់ពុំដែលទទួលបាននូវភាពយុត្តិធម៌នោះទេ ដោយសារក្រុមហ៊ុនទាំងនោះសុទ្ធតែរបស់អ្នកមានអំណាច។ ម្យ៉ាងទៀតក៏ត្រូវចាញ់បោកថៅកែនៅថៃ ទៀតដោយសារតែពុំចេះភាសា នៅពេលធ្វើការឲ្យគេបានពីរ ទៅបីខែគេហៅប៉ូលិសមកចាប់ពួកគាត់តែម្តង។ លោកក៏បានថ្លែងទៀតថា៖ «រដ្ឋាភិបាលគួរតែកំណត់តម្លៃជាស្តង់ដាររួមមួយសម្រាប់ឲ្យក្រុមហ៊ុនយកពីពលករ។ កំណត់រយៈពេលយ៉ាងយូរបំផុតបីខែក្រោយពីដាក់ពាក្យ គឺពួកគាត់ត្រូវបានចេញទៅធ្វើការ។ រដ្ឋាភិបាលគួរចាត់វិធានការក្តៅចំពោះក្រុមហ៊ុនណាដែលបោកប្រាស់ពលករ។ ហើយត្រូវតាមដានថា តើប្រទេសទទួលពលករពិតជាបានអនុវត្តន៍តាមកិច្ចព្រមព្រៀងដែលទទួលពលករ ឬអត់? ជាពិសេសស្ថានទូតខ្លួនឯងនៅក្នុងប្រទេសនោះតែម្តង»។

បើតាមរបាយការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នេះ បានឲ្យដឹងថា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៦ បានជួយសម្រួលទិដ្ឋាការជូនពលករខ្មែរ ដែលចេញធ្វើការនៅប្រទេសថៃ ជិត ១០ម៉ឺននាក់ (៩៧,១០២នាក់) ខណៈឆ្នាំ២០១៥ ក្រសួងការបរទេស ចេញកំណត់ទូតស្មើសុំទិដ្ឋាការជូនពលករខ្មែរ បានជិត ៧ម៉ឺននាក់ (៦៨,១៧៤នាក់)។ ក្នុងនោះដែរស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសថៃ បានអន្តរាគមន៍ដំឡើងប្រាក់ឈ្នួលជូនពលករខ្មែរ ស្របច្បាប់ចំនួន ២៦០នាក់ ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏បានសម្រួលការធ្វើមាតុភូមិនិវត្តន៍របស់ពលករខ្មែរ ចំនួន ១៣៩នាក់ ក្នុងនោះ ១១០នាក់រស់នៅ និងធ្វើការស្របច្បាប់ ២នាក់បានក្លែងត្រាខុសច្បាប់ ២២នាក់បានចូលកាប់ព្រៃឈើខុសច្បាប់ និង ៥នាក់ទៀតរងនូវការរំលោភបំពានពីសំណាក់និយោជក។ បើទោះជាកូនប្រុសស្ថិតនៅក្នុងស្ថានភាពបាត់បង់ស្មារតីហើយ អ្នកស្រី ឌីម ដែលពុំដឹងថា ជំងឺរបស់ខ្លួនបានជាសះស្បើយ ឬក៏វិវត្តន៍ទៅមុខយ៉ាងម៉េចក៏ដោយនោះ អ្នកស្រីនៅតែសង្ឃឹមថា កូនរបស់អ្នកស្រីអាចនឹងជាសះស្បើយបើមានថ្នាំពេទ្យគ្រាប់គ្រាន់។ អ្នកស្រីថ្លែងថា៖ «សព្វថ្ងៃនេះបើមានថ្នាំពេទ្យព្យាបាលគេអាចនឹងជា តែបើមិនអុីចឹងទេ គឺមានតែដុនដាបទៅៗ។ សម្រាប់គ្រួសារខ្ញុំដោយសារតែអត់ទើបបានជាទៅធ្វើការនៅប្រទេសថៃ តែបើគ្រួសារផ្សេងទៀត បើចៀសបានក៏ចៀសទៅ ពីព្រោះអីលទ្ធផលចុងក្រោយគ្មានសល់អ្វីទេរកតែ លុយមើលជំងឺមិនបានផង»៕

website_news/2017020702.txt · Last modified: 2017/08/24 15:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki