website_news:2017020703

លោកហ៊ុន ម៉ាណែត ជួបជាមួយរដ្ឋមន្ត្រីក្រសួងការងារថៃអំពីបញ្ហាពលករកម្ពុជា

http://www.rasmeinews.com/local ដោយ ៖មុនីរ័ត្ន ថ្ងៃទី 7 កុម្ភៈ 2017 ម៉ោង 07:02:AM

(ភ្នំពេញ)៖ លោកហ៊ុន ម៉ាណែត អនុប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ បានជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ីរិឆៃ ឌីស្តាគុល (Sirichai Distakul) រដ្ឋមន្ត្រីក្រសួងការងារថៃ កាលពីរសៀល ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ នៅទីស្តីការក្រសួងការងារថៃ ដើម្បីស្នើសុំភាគីថៃសហការបង្កើនចំនួនការិយាល័យ និងលទ្ធភាពបង្កើនល្បឿនបើកផ្តល់លិខិតឆ្លងដែន និងលិខិតធ្វើដំណើរ រួមទាំងប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស (OCWC) ជូនដល់ពលករកម្ពុជា។ កិច្ចប្រជុំនេះបានប្រព្រឹទ្ធទៅក្រោមបរិយាកាសយោគយល់ស្និទស្នាល និងទទួលបានលទ្ធផលជាវិជ្ជមានដូចខាងក្រោម៖

១. ភាគីថៃបានឯកភាពអនុញ្ញាតឲ្យគណៈកម្មការផ្តល់ភាពស្របច្បាប់កម្ពុជាចុះធ្វើការបើកផ្តល់លិខិតឆ្លងដែន/លិខិតធ្វើដំណើរ និងប័ណ្ណ OCWC ជូនពលករកម្ពុជាដោយផ្ទាល់ដល់ពលករកម្ពុជា ដែលធ្វើការនៅតាមរោងចក្រ សហគ្រាស ដែលមានប្រើប្រាស់ពលករកម្ពុជាចាប់ពី៨០នាក់ឡើង។ ២.បន្ថែមពីលើការិយាល័យបើកផ្តល់ដែលមានស្រាប់នៅក្នុងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងបាងកក ភាគីថៃបានឯកភាពអនុញ្ញាតឲ្យកម្ពុជាបើកការិយាល័យបើកផ្តល់ចំនួន៥បន្ថែមទៀត ដែលមានទីតាំងស្ថិតនៅក្នុងខេត្តសាមុទ្ទប្រាកាន ឈុនបុរី ផាធុមថានី ចាក់សុងសាវ និងរ៉ាក់យ៉ង។ ភាគីថៃនឹងជូនដំណឹងដល់កម្ពុជានូវទីតាំងទាំង៥កន្លែងថ្មីនោះ។

៣.ភាគីថៃនឹអនុញ្ញាតដល់កម្ពុជាចាប់ផ្តើមចុះប្រមូលទិន្នន័យ និងបញ្ជាក់សញ្ជាតិដល់ពលករកម្ពុជាដែមានបណ្ណពណ៌ស៊ីជំពូឡើងវិញ ក្រោយពេលដែលការិយាល័យបើកផ្តល់ថ្មីទាំង៥នេះ ដំណើរការទៅដោយរលូន។

៤.ការិយាល័យអន្តោប្រវេសន៍ថៃនៅគ្រប់ទីតាំងនឹងផ្តល់ទិដ្ឋាការស្នាក់នៅដល់ពលករកម្ពុជាទាំងឡាយណា ដែលមានបណ្ណព័ណ៌ស៊ីជំពូស្របច្បាប់ និងទទួលបានលិខិតឆ្លងដែន/លិខិតធ្វើដំណើរ និងប័ណ្ណ OCWC ពីគណៈកម្មការផ្តល់ភាពស្របច្បាប់របស់កម្ពុជា។

៥.ភាគីទាំង២បានបង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីរៀបចំផែនការសកម្មភាពដើម្បីអនុវត្តនូវស្មារតីកិច្ចប្រជុំនាថ្ងៃនេះ។ ភាគីទាំង២បានកំណត់ពេលវេលាយ៉ាងយូរ១៥ថ្ងៃដល់ក្រុមការងារចំពោះកិច្ចនេះ ដើម្បីដាក់ចេញផែនការសកម្មភាពសម្រាប់អនុវត្ត។៦. ភាគីថៃបានសម្តែងនូវការសាទរចំពោះភាគីកម្ពុជា ដែលបានបន្ថែមថ្ងៃធ្វើការនាថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ ព្រមទាំងបន្ថែម៉ោងការងារពី៨ម៉ោងទៅ៩ម៉ោងក្នុង១ថ្ងៃ ពោលចាប់ពីម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៦:៣០នាទីយប់៕

website_news/2017020703.txt · Last modified: 2017/02/10 12:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki