website_news:2017020704

ឯកឧត្ដម ហ៊ុន ម៉ាណែត៖ កម្ពុជា-ថៃ ឯកភាពគ្នាពន្លឿនការផ្តល់លិខិតឆ្លងដែន លិខិតធ្វើដំណើរ និងប័ណ្ណពលករ ជូនពលករខ្មែរនៅប្រទេសថៃ ឲ្យបានឆាប់រហ័ស

http://bayontv.com.kh 06/02/2017

ភ្នំពេញ៖ កម្ពុជា–ថៃ បានឯកភាពគ្នាក្នុងការពន្លឿន ការផ្តល់លិខិតឆ្លងដែន, លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជា ជូនពលករកម្ពុជាដែលទៅធ្វើការនៅប្រទេសថៃ ឲ្យបានឆាប់រហ័ស។

ការឯកភាពនេះ បានធ្វើឡើងនៅក្នុងជំនួប ដែលដឹកនាំដោយ ឯកឧត្ដម ហ៊ុន ម៉ាណែត អនុប្រធានគណ:កម្មការ ផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជា ជួបប្រជុំ ពិភាក្សាការងារជាមួយ លោក ស៊ីរីឆៃ ឌីស្តាគុល រដ្ឋមន្ត្រីក្រសួងការងារថៃ ដើម្បីពិភាក្សារកដំណោះស្រាយក្នុងការពន្លឿនការផ្តល់ លិខិតឆ្លងដែន លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជា ទៅធ្វើការ នៅក្រៅប្រទេស កាលពីពេលថ្មីៗនេះ។

ឯកឧត្ដម ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងថា «នៅក្នុងកិច្ចប្រជុំនោះ ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាលើគោលការណ៍ សំខាន់ៗមួយចំនួនដែលនឹងបង្កើនល្បឿនក្នុងការផ្តល់លិខិតឆ្លងដែន លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជាទៅធ្វើការនៅក្រៅ ប្រទេសឲ្យ បងប្អូនពលករយើង ព្រមទាំងបង្កើនកិច្ចសហការរវាងភាគីទាំងពីរ ក្នុងការសម្រេចកិច្ចការរួមគ្នានាពេលខាងមុខ»។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា គណៈកម្មការផ្តល់ភាព ស្របច្បាប់ដល់ពលករកម្ពុជា បានបោះពុម្ព លិខិតឆ្លងដែន លិខិតធ្វើដំណើរពលករកម្ពុជា ទៅធ្វើការនៅបរទេស និងប័ណ្ណពលករកម្ពុជា ទៅធ្វើការនៅបរទេសចំនួន ២៣១ ៦២៦នាក់ និងបានត្រៀមទទួលស្វាគមន៍ជានិច្ច ដើម្បីបើកផ្តល់សំណុំលិខិតទាំងនោះ ជូនដល់ពលករកម្ពុជា ទៅតាមនីតិវិធី ដែលភាគីថៃបានកំណត់៕

website_news/2017020704.txt · Last modified: 2017/02/10 12:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki