website_news:20170208004

រឿងពលករចំណាកស្រុក ប្រៀបដូចឪពុកម្តាយចិញ្ចឹមកូនមិនរស់ បណ្តោយឲ្យដើររកស៊ីខ្លួនឯង

http://m.postkhmer.com/ 01 Aug, 2017 តុង សុប្រាជ្ញ

ព្រលឹមឡើងមិនទាន់ដល់ម៉ោងធ្វើការស្រួលបួលផង បើយើងធ្វើដំណើរឆ្លងកាត់ផ្លូវសហព័ន្ធរុស្ស៊ីនៅមុខក្រសួងការងារគេឃើញមនុស្សជុំៗគ្នាកកកុញឡើងស្ទះផ្លូវម្តងៗ និងបើដើរចូលទៅក្នុងនាយកដ្ឋានលិខិតឆ្លងដែនវិញ យើងនឹងឃើញមនុស្សជាច្រើនឈរតម្រៀបជួរជាន់ជើងគ្នា សូម្បីតែម៉ាស៊ីនត្រជាក់ក៏លែងត្រជាក់ដែរ ធុំក្លិនតែញើសពេញបន្ទប់។ នោះគឺអ្នកមកដាក់ពាក្យសុំឯកសារការងារតាមផ្លូវច្បាប់ និងប៉ាស្ព័រដែលភាគច្រើននៃអ្នកមកដាក់ពាក្យស្នើសុំនោះជាពលករចំណាកស្រុក ខណៈពេលដែលច្បាប់រឹតបន្តឹងនៅប្រទេសម៉ាឡេស៊ី និងប្រទេសថៃនោះធ្វើឲ្យពួកគេសម្រុកមកខំស្វែងរកភាពស្របច្បាប់ ដែលពួកគេកំពុងធ្វើការនៅទីនោះក្រែងបានតម្លៃប៉ាស្ព័រសមរម្យទៅតាមតម្លៃតារាងកំណត់។

រីឯអ្នកដែលកំពុងធ្វើការខុសច្បាប់មិនបានមកធ្វើប៉ាស្ព័រនោះ គឺត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃទី ១៩ ខែកក្កដាកន្លងទៅនេះបានដកស្រង់ចេញពីភ្នាក់ងារក្រុមហ៊ុនថាតម្លៃប៉ាស្ព័រឡើងដល់ទៅ ៥៩០ ដុល្លារដែលតម្លៃនេះត្រូវបានបដិសេធដោយមន្ត្រីប៉ាស្ព័រថាមិនពិតទេតម្លៃនោះ គឺអង្គភាពនេះធ្វើការអនុវត្តទៅតាមតម្លៃស្តង់ដារដែលរដ្ឋបានកំណត់គឺសម្រាប់ ២១ ថ្ងៃតម្លៃ ១០០ ដុល្លារសម្រាប់ ១០ ថ្ងៃគឺតម្លៃ ១៥០ ដុល្លារ និង ១ ថ្ងៃតម្លៃតែ ២០០ ដុល្លារទេ។

ជាទូទៅការរត់ការឯកសារទាំងប៉ាស្ព័រទាំងសំណុំឯកសារចេញពីក្រសួងការងារសម្រាប់ភាពស្របច្បាប់របស់ពលករធ្វើការនៅក្រៅប្រទេសជាមួយនឹងក្រុមហ៊ុនគឺតែងតែទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកយករួចខ្លួនរៀងៗខ្លួនចំពោះតម្លៃលើសហួសហេតុពេកនោះ។ ម្តងមន្ត្រីថាក្រុមហ៊ុនជាអ្នកយកតម្លៃលើសស្តង់ដារដែលរដ្ឋបានកំណត់ រីឯ ក្រុមហ៊ុនថា មន្ត្រីជាអ្នករត់ឯកសារស្របច្បាប់ហ្នឹងជាអ្នកកំណត់ ចំណែកឯមន្ត្រីដែលមានស្ថាប័នផ្សេងគ្នាក៏យករួចខ្លួនរៀងខ្លួនៗដែរ ព្រោះឥឡូវនេះរដ្ឋាភិបាលឲ្យក្រសួងការងារជាអ្នកដឹកនាំក្នុងការដោះស្រាយបញ្ហាពលករចំណាកស្រុកខុសច្បាប់នេះសហការជាមួយនឹងប្រទេសថៃ អ៊ីចឹងស្ថាប័ននេះមានឥទ្ធិពលច្រើនជាងគេ។ តែអ្នកដែលទទួលរងគ្រោះផ្ទួនៗពិតនោះគឺពលករចំណាកស្រុកនោះទេ។

ឯណាទៅប៉ាស្ព័រ ៤ ដុល្លារសម្រាប់ពលករចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសនោះ? តើប៉ាស្ព័រ ៤ ដុល្លារសម្រាប់ពលករហ្នឹងមានន័យយ៉ាងដូចម្តេច? រឿងប៉ាស្ព័រ ៤ ដុល្លារនេះកន្លងមកត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រលះនាយកអង្គការ CARAM ដែលធ្វើការជាមួយពលករចំណាកស្រុកដែលបានផ្តល់បទសម្ភាសជាមួយទូរទស្សន៍ CTN ថា៖ «ទូរទស្សន៍នេះបានសម្ភាសជាមួយមនុស្សឡប់សតិមិនដឹងអីរឿងតម្លៃធ្វើប៉ាស្ព័រ សម្រាប់ពលករចំណាកស្រុកនោះ»។ លោកបន្តទៀតថា៖ «មួយឆ្នាំៗរាជរដ្ឋាភិបាលចេញថ្លៃខាតបង់ដោយសារធ្វើប័ណ្ណប៉ាស្ព័រសម្រាប់ពលករតម្លៃតែ ៤ ដុល្លារទេ»។ តែករណីជាក់ស្តែងសំណួរសួរថា តើឥឡូវហ្នឹងមានពលករណាខ្លះដែលបានធ្វើប៉ាស្ព័រតម្លៃ ៤ ដុល្លារបូកជាមួយឯកសារផ្សេងៗឡើងដល់ ៤៩ ដុល្លារផង? នេះគ្រាន់តែជាបញ្ហារត់ឯកសារនៅក្នុងស្រុកនៅករណីរត់ឯកសារនៅក្រៅស្រុកវិញម្តងពលកររឹតតែរងគ្រោះជាងនៅក្នុងស្រុកទៅទៀតដូចនៅប្រទេសថៃ បើគាត់ចេញពីស្រុកគេមកធ្វើប៉ាស្ព័រនៅស្រុកខ្មែរគឺគាត់ត្រឡប់ទៅវិញត្រូវបំពេញសំណុំឯកសារនៅស្រុកថៃឡើងវិញទាំងអស់ (Re-entry visa) ហើយអស់ថ្លៃធ្វើដំណើរ និងខាតពេលវេលាកំពុងធ្វើការបានលុយនៅស្រុកថៃនោះ។

ប្រសិនបើពលករខុសច្បាប់ក៏សមត្ថកិច្ចថៃតម្រូវឲ្យពលករទិញប័ណ្ណស៊ីជម្ពូ និងបំពេញឯកសារផ្សេងទៀតផងដែរអស់ថ្លៃផ្សេងមួយទៀតដើម្បីឲ្យស្របច្បាប់តែធ្វើដូចនេះគឺថៅកែជនជាតិថៃគេជាអ្នកចេញហើយតម្លៃប្រាក់ខែទាបបំផុតដែលរដ្ឋបានកំណត់គឺ ៣០០ បាត (ជិត ១០ ដុល្លារ) ក្នុង ១ ថ្ងៃ អ៊ីចឹងថៅកែថៃក៏ចូលចិត្តប្រើពលករខ្មែរខុសច្បាប់ដែរគឺបានថោកជាងពី ២០០ ទៅ ២៥០ បាត។ នេះបើចំថៅកែចិត្តជាទេ តែបើប៉ះចំថៅកែចិត្តចោរវិញ គឺបោកពលករឲ្យធ្វើការឲ្យពួកគេហើយជំពាក់ប្រាក់ខែពលករខ្មែរសិនដល់បានពី ៥ ទៅ ៦ ខែថៅកែហៅតម្រួតមកចាប់ពលករដឹកដាក់ទ្រុងមកចាក់ចោលនៅព្រំដែនដូចដឹកជ្រូក ដឹកគោ។ ជារួម គឺពលករចំណាកស្រុកទម្រាំតែបានលុយផ្ញើមកស្រុកម្តងៗត្រូវចំណាយលិចចំណាយកើតចង់អស់ពីខ្លួនហ្នឹងមិនទាន់គិតពីមុនចេញទៅត្រូវខ្ចីបុលគេ ឬក៏យកលុយពីមេខ្យល់ផង។

ជាងនេះទៅទៀតពលករចំណាកស្រុកទាំងនោះគឺមួយចំនួនទទួលរងការបង្ខំឲ្យធ្វើការងារដូចទាសករអ៊ីចឹង ហើយមកលេងស្រុកម្តងៗរកតែលុយមកវិញមិនចង់បានផង រូបរាងកាយរហិតរហៃ ខ្លះទៀតក៏ធ្លាក់ខ្លួនញៀនថ្នាំខ្លះនាំជំងឺមកស្រុកវិញទៀត។ រីឯខ្លះទៀតក៏បែងចែកជាបក្ខពួកកាប់ពលករខ្មែរគ្នាឯងស្លាប់ចោលឆ្អឹងនៅស្រុកថៃក៏មាន ខ្លះទៀតស្លាប់ដោយសារតែភ្លូកឡានក៏មាន អ្នកខ្លះរកអីមិនបានហូប ក៏ធ្លាក់ខ្លួនសុំទានគេនៅតាមផ្លូវ។ ពលករចំណាកស្រុក និងអ្នកសុំទានដែលជាជនជាតិខ្មែរយើងដែលខ្ញុំបានជួបនៅប្រទេសថៃ មើលទៅវេទនាណាស់ ហើយមន្ត្រីស្ថានទូតខ្មែរនៅទីនោះមិនដឹងជាយកមុខទៅទុកឯណាទេ។ ហេតុអ្វីបានជាមកដល់សម័យស្រុកខ្មែររីកចម្រើនសេដ្ឋកិច្ចកើនឡើងថេរសុទ្ធតែ ៧% រៀងរាល់ឆ្នាំហើយលើកឡើងសុទ្ធតែមោទនភាពជាតិខ្មែរ គេនាំគ្នាសប្បាយលាន់តែបែរជាអ្នកក្រខ្មែរធ្លាក់ខ្លួនចំណាកស្រុកទៅធ្វើការនៅស្រុកគេវេទនាយ៉ាងនេះទៅវិញ?អ្វីដែលគួរឲ្យខ្មាសអៀននោះគឺប្រជាពលរដ្ឋថៃ ៧០ លាននាក់រាជរដ្ឋាភិបាលគេរកការងារជូនគ្រប់គ្រាន់ ហើយសល់ការងារឲ្យពលករខ្មែរទាំងស្របច្បាប់ និងខុសច្បាប់ជាង ១ លាននាក់ទៀតដែលប្រជាពលរដ្ឋកម្ពុជាសរុបមានតែជាង ១៥ លាននាក់សោះ។

តើលទ្ធផលនេះជាមោទនភាពជាតិខ្មែរដូចដែលរាជរដ្ឋាភិបាល តែងតែលើកជ័យឃោសនោះដែរឬទេ? ការធ្វើចំណាកស្រុកដ៏សន្ធឹកសន្ធាប់នេះក៏ធ្វើឲ្យប៉ះពាល់ទៅនឹងការធ្លាក់ចុះនូវអត្រាប្រជាពលរដ្ឋ ដែលរស់នៅក្រោមបន្ទាត់ភាពក្រីក្រមកត្រឹម ១៣,៥% ផងដែរនោះ (ADB, 2016) ព្រោះអ្នករស់នៅក្រោមបន្ទាត់ភាពក្រីក្រមួយចំនួនធំបានធ្វើចំណាកស្រុកអស់ហើយ។ ម្យ៉ាងវិញទៀតបើមើលទៅលើវេបសាយរបស់ស្ថាប័នទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលបង្កើតឡើងតាំងពីឆ្នាំ ២០១០ មកនោះមិនបានបង្ហាញពីរបាយការណ៍ដែលស្ថាប័ននេះបានជួយរកការងារឲ្យយុវជនដែលស្វែងរកការងារមកទល់សព្វថ្ងៃនេះបានប៉ុន្មាននោះទេ ហើយក៏មិនបង្ហាញតាមឆ្នាំនីមួយៗផងដែរ។

បើក្រឡេកមើលទៅអ្នកនយោបាយនៅស្រុកខ្មែរវិញគឺគិតតែពីរឿងនយោបាយ បើកភ្នែកឡើង ធ្វើម៉េចយកម៉ាឈ្នះគ្នាប្រជាពលរដ្ឋខំទុកចិត្តបោះឆ្នោតឲ្យបក្សទាំង ២ បក្សប្រជាជន និងបក្សសង្គ្រោះជាតិឲ្យអនុវត្តទៅតាមកិច្ចសន្យាដូចកាលឃោសនាមុនបោះឆ្នោតថានឹងខិតខំរកការងារជូនប្រជាពលរដ្ឋកុំឲ្យពលរដ្ឋធ្វើចំណាកស្រុកទៅធ្វើការនៅស្រុកគេព្រាត់ប្រាសគ្រួសារ។ ប៉ុន្តែមានទៅបានជួយទប់ឯណាទេគឺម្នាក់ៗបានត្រឹមតែទៅជួបពលករនៅបរទេសសួរសុខទុក្ខទាក់ទាញប្រជាប្រិយភាពគ្នាដើម្បីកេងចំណេញរកតែសន្លឹកឆ្នោតដូចតែគ្នា។

នៅសភាជាតិខ្លាចតំណាងរាស្ត្របក្សកាន់អំណាចអត់ការងារធ្វើវិសោធនកម្មច្បាប់គណបក្សសាចុះសាឡើង ដោយសារតែដាក់អន្ទាក់គ្នារបស់មេបក្សទាំង ២ ដូចតុក្កតាឆ្មា និងកណ្តុរតែប៉ុណ្ណោះ។ រីឯតំណាងរាស្ត្របក្សប្រឆាំងរវល់តែរឿងបក្សរបស់ខ្លួននាំគ្នាត្រៀមរៀបចំដករូបអតីតមេបក្សចេញពីស្លាកគណបក្សតាំងពីច្បាប់នេះមិនទាន់អនុម័តនៅព្រឹទ្ធសភា ភ័យខ្លាចបក្សកាន់អំណាចរំលាយបក្សដូចនៅប្រទេសថៃ។

បើអ្នកនយោបាយទាំង ២ បក្សជាប់ឆ្នោតទាំង ២ ហ្នឹងមួយថ្ងៃៗរវល់តែបក្សសោះអ៊ីចឹង តើឲ្យមានគំនិតឯណាទៅរកដំណោះស្រាយរកទីផ្សារ និងការងារក្នុងស្រុកដើម្បីទប់កុំឲ្យពលរដ្ឋធ្វើចំណាកស្រុកនោះ?

ខណៈដែលពលរដ្ឋខ្មែរកូនអ្នកក្រីក្រចេះតែនាំគ្នាចេញទៅរកការងារធ្វើនៅក្រៅប្រទេស ដោយសារតែសន្តិសុខស្បៀង អ្នកនៅក្នុងស្រុកកូនអ្នកធំៗ អ្នកមានៗ គេចេះតែសប្បាយហ៊ឺហារាល់ថ្ងៃហូបម្ហូបអាហារឆ្ងាញ់រាល់ថ្ងៃ គម្លាតគ្នាកាន់តែឆ្ងាយទៅៗរវាងអ្នកមាន និងអ្នកក្រ។ ជាងនេះទៅទៀតឲ្យតែស្ងាត់ៗភ្លេចៗខ្លួនមន្ត្រីជាន់ខ្ពស់នាំគ្នាដំឡើងតំណែងកូនៗឲ្យធ្វើធំដែរម្តងមួយៗ កូនអ្នកក្រខំរៀនចេះហើយក៏កម្រមានឱកាសទទួលតំណែងធំៗក្នុងជួររដ្ឋាភិបាលដែរ មន្ត្រីខ្លះអត់ខ្សែកាន់តំណែងរងគេ សឹងតែមួយជីវិតការងារ។

ការដែលអ្នកនយោបាយធ្វើមិនដឹងមិនឮមិនអាចទប់ស្កាត់បញ្ហាចំណាកស្រុកនេះបានគឺហាក់បីដូចជាលក្ខណៈដេញកូនអ្នកក្រ ឲ្យទៅធ្វើខ្ញុំគេនៅស្រុកគេ ទុកកូនៗខ្លួនឯងបែងចែកអំណាចគ្នា និងជួបជុំគ្រួសារក្នុងស្រុកផឹកស៊ីតាមបារ៍ និងក្លិបសប្បាយយ៉ាងរំភើយ។

សរុបមកវិញបើមើលទៅលើកត្តាប្រជាសាស្ត្រនៃការធ្វើចំណាកស្រុកវិញ ឃើញថាកម្ពុជាអាចមានហានិភ័យទៅវិញ ខណៈដែលកូនខ្មែរក្រីក្រចេះតែនាំគ្នាធ្វើចំណាកស្រុកទៅស្រុកគេរីឯក្នុងស្រុកវិញជនបរទេសសព្វថ្ងៃមិនដឹងជានរណាជានរណាខ្លះទេមានជាតិសាសន៍ច្របូកច្របល់ចូលគ្នាមករស់នៅទាំងស្របច្បាប់ទាំងខុសច្បាប់មានតាំងពីវៀតណាម ចិន និងចិនកោះតៃវ៉ាន់។

ជនអន្តោប្រវេសន៍ឥឡូវមានសិទ្ធិទិញផ្ទះបានចាប់ពីជាន់ទី ១ ឡើងទៅពួកគេចេះតែបង្កើតកូនបង្កើតចៅច្រើនទៅនៅពេលដែលពួកគេអុកឡុក ចាប់ជំរិត ឬក៏ប្រព្រឹត្តឧក្រិដ្ឋកម្មបានចាប់វ៉ៃខ្នោះបញ្ជូនទៅស្រុកគេវិញម្យ៉ាងពួកគេដែលកើតនៅស្រុកខ្មែរ និងខ្លះចូលសញ្ជាតិអាចមានសិទ្ធិឈរឈ្មោះបោះឆ្នោត។

website_news/20170208004.txt · Last modified: 2017/09/11 12:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki