website_news:20170208006

ឃាត់ខ្លួន ៣ នាក់ និងបិទក្រុមហ៊ុន ១ រឿងបញ្ជូនពលករទៅក្រៅប្រទេស

http://www.postkhmer.com/ Wed, 2 August 2017 ឆាយ ច័ន្ទនីដា

ភ្នំពេញៈ យោងតាមមន្ត្រីនគរបាល និងមន្ត្រីតុលាការបានឱ្យដឹងថានាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃកាលពីម្សិលមិញបានឃាត់ខ្លួនបុរស ៣ នាក់ និងបានបិទក្រុមហ៊ុនរបស់ពួកគេដែលមានឈ្មោះថា «ខ្មែរស៊ឺវីស» ដោយសង្ស័យថាបានបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់។

លោក សៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញបានថ្លែងថាក្រុមហ៊ុន «ខ្មែរស៊ឺវីស» (Khmer Service) គឺមានទីតាំងនៅសង្កាត់ដង្កោ ខណ្ឌដង្កោហើយបុរស ៣ នាក់ត្រូវបានឃាត់ខ្លួនទីមួយឈ្មោះ សោ ស្រង់ អាយុ ២៨ ឆ្នាំទីពីរ ឈ្មោះ សោ ថេន អាយុ ២៧ ឆ្នាំ និងទីបីឈ្មោះ តាំង អ៊ីវងី អាយុ ៥៦ ឆ្នាំ ហើយកាលពីម្សិលមិញ បុរសទាំងបីត្រូវបានសួរចម្លើយដោយនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីបន្ដចាត់វិធានការតាមនីតិវិធី។ លោកបានបញ្ជាក់ថា៖ «កម្លាំងនគរបាលបានទទួលពាក្យបណ្តឹងពីឪពុកម្តាយរបស់ជនរងគ្រោះ» ប៉ុន្តែលោកបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតទេដោយបានបង្វែរសំណួរឲ្យទៅសួរមន្ត្រីនគរបាល។

លោក ស៊ុន តូនី អធិការខណ្ឌដង្កោបានថ្លែងថាលោក សៀង សុខ បានបញ្ជាឱ្យបិទក្រុមហ៊ុននេះព្រោះវាមិនមានអាជ្ញាប័ណ្ណ។ លោកបានថ្លែងថា ក្រុមហ៊ុនបានជួលផ្ទះមួយល្វែងដោយគ្មានដាក់ស្លាកសញ្ញានៅខាងក្រៅទេ ប៉ុន្តែបានចងផ្ទាំងបដានៅខាងក្នុងផ្ទះដែលបដានោះបានសរសេរថា៖ «ជ្រើសរើសពលករស្របច្បាប់ទៅធ្វើការនៅប្រទេសជប៉ុន»។ លោក តូនី បានមានប្រសាសន៍ថា៖ «ការិយាល័យរបស់ពួកគេគឺហាក់ដូចជានៅកន្លែងលាក់បាំងមួយដោយគ្មានដាក់ស្លាកសញ្ញាអ្វីទេ។ ក្រុមហ៊ុននេះមិនមានអាជ្ញាប័ណ្ណ ដូច្នេះវាមិនអាចដំណើរការបានទេ»។

លោកបានបន្តថា លោកមិនមែនជាអ្នកទទួលបន្ទុកលើករណីនេះទេ ហើយលោកបានបដិសេធមិនផ្តល់ព័ត៌មានបន្ថែមទេ។ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរបស់ក្រសួងមហាផ្ទៃលោក ជីវ ផល្លី បានបដិសេធធ្វើអធិប្បាយអំពីករណីនេះដោយថ្លែងថាលោកកំពុងជាប់រវល់ប្រជុំ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារកាលពីថ្ងៃទី ២៩ ខែឧសភា បានបង្ហាញថានៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានភ្នាក់ងារជ្រើសរើសពលករស្របច្បាប់ចំនួន ៧៧ ដែលបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃ ម៉ាឡេស៊ី និងជប៉ុន៕ NS

website_news/20170208006.txt · Last modified: 2017/09/11 12:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki