website_news:20170208009

អាជ្ញាធរយកទារិកាម្នាក់ឲ្យជីដូនវិញ ក្រោយពីម្ដាយលក់

http://www.postkhmer.com/ Wed, 2 August 2017 ផាក់ ស៊ាងលី

ព្រះវិហារៈ ទារិកាម្នាក់ក្នុងចំណោមពីរនាក់ត្រូវបានយកប្រគល់ឲ្យជីដូនវិញ បន្ទាប់ពីត្រូវបានម្តាយពួកគេលក់ទៅឲ្យខ្មែរអ៊ិស្លាម និងអាជីវករផ្សារកំពង់ប្រណាកម្នាក់ក្នុងក្រុងព្រះវិហារពីចុងសប្តាហ៍មុន។ ទារិកាអាយុជិត ១ ឆ្នាំម្នាក់ និងអាយុ ៥ ខែម្នាក់នៅក្នុងភូមិពោធិ៍ទាប ឃុំម្លូព្រៃ ១ ស្រុកឆែប ត្រូវបានម្តាយរបស់ពួកគេលក់ជាបន្តបន្ទាប់កាលពីអំឡុងឆ្នាំ ២០១៦ និងកាលពីថ្ងៃសៅរ៍សប្តាហ៍មុនដោយសារតែខ្វះលទ្ធភាពចិញ្ចឹម ក្រោយពីបែកបាក់គ្នាជាមួយនឹងប្តីទី ១ និងទី ២ រួចមក។ អាជ្ញាធរមានសមត្ថកិច្ចបានធ្វើអន្តរាគមន៍ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននោះ។

លោក យាន ឆាយ មេភូមិពោធិ៍ទាបបានឲ្យដឹងថាបន្ទាប់ពីលែងលះគ្នាជាមួយនឹងប្តីទី ១ ស្ត្រីឈ្មោះ អួន អ៊ីម អាយុ ២៥ ឆ្នាំបានលក់កូនប្រុសអាយុជិត ១ ឆ្នាំម្នាក់ទៅឲ្យបុរសខ្មែរអ៊ិស្លាមជាអ្នកដើរលក់ដូរចានឆ្នាំងម្នាក់តម្លៃប្រមាណជា ២០ ម៉ឺនរៀលកាលពីអំឡុងឆ្នាំ ២០១៦ កន្លងមក។ លោកបន្តថា ក្រោយមក អួន អ៊ីម បានស្គាល់គ្នាតាមទូរស័ព្ទជាមួយនឹងបុរសមានប្រពន្ធម្នាក់នៅខេត្តស្ទឹងត្រែង ហើយពួកគេក៏បានណាត់ជួបគ្នារហូតបានសែនព្រេនបន្តិចបន្តួច ដើម្បីយកគ្នាជាប្តីប្រពន្ធ និងបានកូនស្រីម្នាក់។ ដោយរស់នៅមិនសូវត្រូវគ្នា បុរសជាប្តីក៏ត្រឡប់ទៅរស់នៅជាមួយនឹងប្រពន្ធគេវិញក្នុងខេត្ត ស្ទឹងត្រែង ហើយស្ត្រីរូបនោះក៏បានលក់ទារិកាអាយុប្រមាណជា ៥ ខែនោះឲ្យទៅអាជីវករលក់ដូរនៅផ្សារកំពង់ប្រណាកម្នាក់។ លោកមេភូមិបញ្ជាក់ថា៖ «ប្តីទី ១ ឈ្លោះប្រកែកគ្នា លែងលះគ្នាក៏លក់កូនឲ្យចាមទៅ។ ដល់ប្តីទី ២ ឈ្លោះប្រកែកគ្នាក៏លក់ទៀត។ [លក់] ពីរដងហើយ។ គេថាអត់លុយបង់អង្គការទើបលក់»។ លោកបន្តថា មនុស្សក្នុងគ្រួសារមិនបានដឹងពីការលក់កូនលើកទីពីរនោះទេ ហើយរហូតមកទល់នឹងពេលនេះគ្មានអ្នកណាម្នាក់ដឹងថាកូនទីមួយនោះទៅរស់នៅទីណានោះទេ។

លោក យាន ថុន អនុភូមិពោធិ៍ទាបបានចុះទៅសួរសាច់ញាតិពីការលក់កូននោះ បន្ទាប់ពីដឹងដំណឹងកាលពីព្រឹកថ្ងៃអង្គារម្សិលមិញ។ លោក ថុន បានឲ្យដឹងថាលោកមិនបានឃើញស្ត្រីឈ្មោះ អួន អ៊ីម នៅផ្ទះនោះទេហើយបងប្រុសចុងរបស់នាងក៏មិនដឹងថានាងនៅទីណានោះដែររហូតមកទល់នឹងពេលនេះ។ លោក សូ ស្ម័គ្រ នាយប៉ុស្តិ៍ម្លូព្រៃ ១ បានឲ្យដឹងថាជីដូនទារិកាឈ្មោះ ខុម និងម្តាយមីងបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍របស់លោកកាលពីថ្ងៃចន្ទដើម្បីទាមទារយកចៅស្រីអាយុ ៥ ខែនោះមកវិញ និងផ្តន្ទាទោសអ្នកពាក់ព័ន្ធតាមផ្លូវច្បាប់ ប៉ុន្តែពួកគេបានទៅដកពាក្យបណ្តឹងវិញកាលពីម្សិលមិញដើម្បីកុំឲ្យម្តាយជាអ្នកលក់ និងអាជីវករជាអ្នកទិញនោះមានទោស។ លោកនាយប៉ុស្តិ៍បានឲ្យដឹងថាអាជ្ញាធរស្រុក និងនគរបាលខេត្តព្រះវិហារបានអន្តរាគមន៍ទៅរកអាជីវករលក់ដូរនៅផ្សារកំពង់ប្រណាករូបនោះ ដើម្បីសម្របសម្រួលដោះស្រាយយកទារិកាមកវិញ។

លោកស្រី ប្រាំង ធីតា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនខេត្តបានឲ្យដឹងថាមន្ត្រីពីសាលាស្រុកឆែប មន្ទីរកិច្ចការនារីខេត្ត នគរបាលលោកស្រីរួមនឹងជីដូន និងម្តាយមីងបានទៅជួបស្ត្រីជាអ្នកលក់ដូរនោះ។ លោកស្រីបន្តថា ស្ត្រីអ្នកលក់ដូរបានប្រាប់ថានាងជាម្តាយបានដើរក្នុងផ្សារកំពង់ប្រណាកដោយអំពាវនាវរកអ្នកយកកូនទៅចិញ្ចឹមព្រោះថាខ្លួនក្រីក្រគ្មានលទ្ធភាពចិញ្ចឹមនោះទេ។ ពេលនោះស្ត្រីអ្នកលក់ដូរដែលរៀបការប្រមាណជា ៤ ឆ្នាំតែគ្មានកូនបានទទួលយកទារិកានោះទៅចិញ្ចឹមដោយឲ្យប្រាក់ទៅនាងជាម្តាយចំនួន ៥០ ម៉ឺនរៀល។ លោកស្រីបានមានប្រសាសន៍ថា៖ «ប្តីបែកបាក់គ្នាហើយនាងមានសតិមិនប្រក្រតី និងក្រីក្រមិនអាចចិញ្ចឹមកូនបាន។ អ្នកលក់ដូរក៏យកទៅចិញ្ចឹមហើយស្រឡាញ់ទារិកានោះខ្លាំងណាស់ដូចកូនបង្កើត»។ លោកស្រីបន្តថាស្ត្រីអ្នកលក់ដូរបានយល់ព្រមប្រគល់កូននោះឲ្យជីដូនវិញ ហើយគាត់មិនបានដឹងថាការទទួលយកនោះជាអំពើខុសច្បាប់ទេ។ អាជ្ញាធរមានសមត្ថកិច្ចបានធ្វើការអប់រំ និងណែនាំស្ត្រីអ្នកលក់ដូរនោះថាការទទួលក្មេងទៅចិញ្ចឹមបានគឺត្រូវធ្វើឡើងដោយមានការព្រមព្រៀងគ្នាពីភាគីទាំងសងខាងដោយមានការចូលរួមឯកភាពពីអាជ្ញាធរ និងស្ថាប័នតុលាការផងដែរ។

លោកស្រី ប្រាំង ធីតា ថ្លែងថា៖ «រឿងនេះតាមច្បាប់ខុសហើយ តែយើងឃើញថាគ្នាគ្មានកូនពិតមែនក៏អធ្យាស្រ័យ។ ករណីហ្នឹងចប់ហើយ។ គ្នាមិនយល់ដឹងពីច្បាប់នោះទេ។ យើងសម្របសម្រួលទៅព្រោះគាត់មិនមានការរឹងទទឹងមិនឲ្យវិញនោះដែរ»។ លោកស្រីថាដោយឡែកចំពោះស្ត្រីជាម្តាយទារិកានោះកំពុងគេចខ្លួនបាត់ដែរ។ ដោយឡែកចំពោះករណីដែលសង្ស័យថាលក់កូនលើកទី ១ នោះការិយាល័យប្រឆាំងការជួញដូរមនុស្សមិនបានដឹងនោះទេ ហើយក៏មិនមានពាក្យបណ្តឹងណាមួយនោះដែរ។

លោក ឡោ ចាន់ អ្នកសម្របសម្រួលអង្គការអាដហុកខេត្តព្រះវិហារបានយល់ឃើញថា បើតាមផ្លូវច្បាប់ករណីនេះជាការជួញដូរកុមារព្រោះថាស្ត្រីជាម្តាយបានទទួលប្រាក់ពីអាជីវករ។ លោកថា អង្គការអាដហុកអាចនឹងចុះស្រាវជ្រាវពីករណីនេះឲ្យដឹងការពិត៕

website_news/20170208009.txt · Last modified: 2017/09/11 12:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki