website_news:2017020801

តុលាការសម្រេចឃុំខ្លួនមនុស្សប្រុសស្រី៣នាក់ ពាក់ព័ន្ធនាំនារីខ្មែរទៅលក់ប្រទេសជប៉ុន

http://ann.com.kh/blog/detail ដោយ: ឡុក សំរិតថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧

រាជធានីភ្នំពេញ៖ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងក្រុងភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម Telegram ថា លោកចៅក្រម លាង សំណាត់ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទទាំងអស់ នៅរសៀល ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ ក្រោយពីបានបង្ហាញខ្លួន និងសួរចម្លើយរួចមក។ លោក លី សុផាណា បានបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យសំណុំរឿង ភស្តុតាង តំណាអអយ្យការបានសម្រេច បើកការសើបសួរដោយចោទប្រកាន់ទៅលើជនសង្ស័យ រួមមាន៖ ទី១.ឈ្មោះ FUKUI SUSUMU ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិជប៉ុន, ទី២.ឈ្មោះ សេង ចាន់ឌី ហៅ ខេនឌី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ, និងទី៣.ឈ្មោះ លឹម លក្ខិណា ហៅអាណែត ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ។ ជនទាំង៣នាក់ខាងលើ ត្រូវចោទប្រកាន់ពីបទ ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់ការកេងប្រវ័ញ្ច ប្រព្រឹត្តនៅក្នុងកំឡុងខែសីហា ឆ្នាំ២០១៦ យោងតាមមាត្រា១២ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

ប្រភពពីសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅអំឡុងខែសីហា ឆ្នាំ២០១៦ ជនសង្ស័យជាជនជាតិជប៉ុនខាងលើ បានមកអូសទាញស្ត្រីខ្មែរ១០នាក់ ឱ្យទៅធ្វើការនៅក្នុងប្រទេសជប៉ុន ដោយសន្យាថា នឹងទទួលបានប្រាក់ខែចាប់ពី ៣០០០ដុល្លារ ទៅ៥០០០ដុល្លារក្នុងមួយខែ។ ប្រភពបន្ដថា ជនសង្ស័យជាជនជាតិជប៉ុន បានទាក់ទងជនសង្ស័យជាជនជាតិខ្មែរឱ្យជួយរកស្ត្រីខ្មែរឱ្យគេ និងបានឱ្យលុយទៅស្ត្រីខ្មែរ ដែលព្រមទៅធ្វើការនៅប្រទេសជប៉ុនខ្ចីលុយមុនម្នាក់ ៥០០ដុល្លារ ហើយជនជាតិជប៉ុនរូបនោះ ជាអ្នកចេញថ្លៃរត់ការ និងធ្វើឯកសារសម្រាប់ឆ្លងដែនទាំងអស់ ដោយមានជនសង្ស័យជនជាតិខ្មែរប្រុសស្រីខាងលើជាអ្នករត់ការឱ្យ។ ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា នៅពេលជនសង្ស័យបញ្ជូនស្ត្រីរងគ្រោះទៅដល់ប្រទេសជប៉ុន ជនសង្ស័យបានយកស្ត្រីរងគ្រោះទៅឱ្យធ្វើស្ត្រីលក់ខ្លួននៅផ្ទះបន និងបង្ខាំងទុកលក់ឱ្យភ្ញៀវជនជាតិជប៉ុន៕

website_news/2017020801.txt · Last modified: 2017/02/10 11:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki