website_news:2017020802

ពលករខ្មែរដែលបញ្ជូនពីថៃ ប៉ុន្មានថ្ងៃចុងក្រោយនេះកើនឡើង

https://kohsantepheapdaily.com.kh ដោយ ៖ ម៉ុត សារុន ថ្ងៃអង្គារ (07-02-2017 18:58)

ខេត្តបន្ទាយមានជ័យ ៖ តាមរបាយការណ៍ពីមន្ត្រីបម្រើការងារនៅទីតាំងទទួលពលករបញ្ជូនពីថៃក្បែរច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រាប់ថា ក្នុងខែកុម្ភៈ ឆ្នាំ២០១៧នេះ ពលករដែលភាគីថៃបញ្ជូនត្រលប់មកមានការកើនឡើង ដោយក្នុងមួយថ្ងៃៗយ៉ាងតិច៥ទៅ៦រថយន្តទ្រុង មិនក្រោមពីជិត៣០០នាក់ឡើយ។ មន្ត្រីដដែលបន្តថា ពលករដែលភាគីថៃបញ្ជូនត្រលប់នៅដើមឆ្នាំ២០១៧នេះ ភាគច្រើនជាពលករទើបចេញពីកម្ពុជាតាមច្រករបៀង ហើយត្រូវគេចាប់ក្រោយឆ្លងដែន និងខ្លះកំពុងជិះរថយន្តទៅខាងក្នុងប្រទេសថៃត្រូវគេចាប់តាមដងផ្លូវ ពោលគឺខុសពីពេលមុនៗ ពលករដែលភាគីថៃចាប់ភាគច្រើនពេលពួកគេវិលត្រលប់មកប្រទេសវិញ។

ប្រភពដដែលបន្តថា គិតត្រឹមម៉ោងជាង២រសៀលថ្ងៃទី៧ កុម្ភៈ ២០១៧ ចំនួនពលករដែលថៃបញ្ជូនត្រលប់តាមរថយន្តទ្រុងមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមាន៦រថយន្តជិត៣០០នាក់។ យោងរបាយការណ៍ខាងលើ មានន័យថា ចំនួនពលករឆ្លងដែនខុសច្បាប់តាមច្រករបៀងកាន់តែកើតមានឡើង ហើយសង្ស័យភាគីថៃក៏ពង្រឹងការត្រួតពិនិត្យលើបញ្ហាលំហូរចូលខុសច្បាប់នៃជនអន្តោប្រវេសន៍ក្នុងប្រទេសរបស់គេផងដែរ។ គួរបញ្ជាក់ថា ចំនួនពលករឆ្លងដែលខុសច្បាប់ដែលភាគីថៃបញ្ជូនត្រលប់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុងមួយឆ្នាំៗមិនក្រោមជាង៥ម៉ឺននាក់ឡើយ។ ជាក់ស្តែងនៅឆ្នាំ2២០១៥ ពលករបញ្ជូនត្រលប់មានចំនួន៥៩.៥៦៩នាក់ និងឆ្នាំ២០១៦ មានចំនួន៥០.៣៤៥នាក់ ដោយឡែកក្នុងឆ្នាំ២០១៧ មន្ត្រីថា ទើបដើមឆ្នាំមិនទាន់មានរបាយការណ៍លម្អិតប្រចាំឆ្នាំនោះទេ៕

website_news/2017020802.txt · Last modified: 2017/02/10 11:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki