website_news:2017020901

ពលរដ្ឋខ្មែរ៣៦នាក់នឹងត្រូវរដ្ឋាភិបាលសហរដ្ឋអាមេរិកបញ្ជូនមកកម្ពុជាវិញ

Source: http://www.rfa.org/khmer/news ដោយ សាន សែល 2017-02-08

ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ដែលបានប្រព្រឹត្តបទល្មើសចំនួន ៣៦នាក់ នឹងត្រូវចាប់បញ្ជូនមកកម្ពុជា វិញ។ អង្គការដែលធ្វើការសម្របសម្រួលជនមាតុភូមិនិវត្តន៍ទាំងនេះ ឲ្យដឹងថា អ្នកដែលធ្លាប់ត្រូវគេបញ្ជូនមកវិញជួបឧបសគ្គច្រើន ក្នុងការសម្របខ្លួនរស់នៅក្នុងសង្គមដែលពួកគេមិនធ្លាប់រស់នៅជាយូរមកហើយនោះ។ ប្រជាពលរដ្ឋខ្មែរដែលទទួលបានសិទ្ធិរស់នៅស្របច្បាប់នៅសហរដ្ឋអាមេរិក ប៉ុន្តែមិនទាន់ទទួលបានសញ្ជាតិ នឹងត្រូវរដ្ឋាភិបាលសហរដ្ឋអាមេរិក បញ្ជូនមកកម្ពុជា វិញក្រោយពីអ្នកទាំងនេះត្រូវគេរកឃើញថា បានប្រព្រឹត្តបទល្មើស និងបានជាប់ពន្ធនាគារ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់អាស៊ីសេរីនៅថ្ងៃទី៨ កុម្ភៈ ថា អ្នកទាំង ៣៦នាក់នោះ នឹងត្រូវបញ្ជូនមកដល់កម្ពុជា ក្នុងពេលឆាប់ៗនេះ។ បច្ចុប្បន្ន អ្នកដែលត្រូវធ្វើមាតុភូមិនិវត្តន៍ទាំង ៣៦នាក់ កំពុងរង់ចាំការរៀបចំឯកសារ។ លោកឲ្យដឹងថា ដំបូងឡើយ ភាគីសហរដ្ឋអាមេរិក បានស្នើសុំបញ្ជូនពលរដ្ឋចំនួន ៤៦នាក់ ក៏ប៉ុន្តែក្រោយពីមន្ត្រីកម្ពុជា បានសាកសួរព័ត៌មានទៅ កម្ពុជា សម្រេចទទួលយកពលរដ្ឋ ៣៦នាក់ ដោយមនុស្ស ១០នាក់ផ្សេងទៀតត្រូវបានរកឃើញថា មិនមែនជាជនជាតិខ្មែរ៖ «ដូចជាជនជាតិឡាវ មិនច្បាស់ជាជនជាតិខ្មែរ»។ រដ្ឋាភិបាលសហរដ្ឋអាមេរិក និងកម្ពុជា កាលពីឆ្នាំ២០០២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ជូន និងទទួលយកពលរដ្ឋខ្មែរ ករណីដែលរកឃើញថាបានប្រព្រឹត្តបទល្មើស។

លោក ខៀវ សុភ័គ យល់ថា ប្រជាជនខ្មែរដែលត្រូវបានគេបញ្ជូនមកនោះ អាចកែខ្លួន និងចាប់ផ្ដើមជីវិតសាថ្មីនៅលើទឹកដីកំណើត។ ក៏ប៉ុន្តែលោកថា មិនគ្រប់ករណីសុទ្ធតែជោគជ័យនោះទេ៖ «មិនបានល្អ ១០០ភាគរយនោះទេ តែខ្លះក៏បានជីវភាពថ្កុំថ្កើងរុងរឿង។ ហេតុអីបានយើងទទួល? ក្នុងរដ្ឋធម្មនុញ្ញរបស់យើង រដ្ឋគាំពារពលរដ្ឋខ្មែរទាំងអស់ ទាំងនៅក្នុងប្រទេសក្តី នៅក្រៅប្រទេសក្តី។ ច្បាប់នេះ បើយើងមិនទទួល គឺយើងខុសច្បាប់រដ្ឋធម្មនុញ្ញ។ គាត់ជាជនជាតិខ្មែរ បើគេបណ្ដេញចេញ បើមិនទទួល គឺខុសនឹងរដ្ឋធម្មនុញ្ញ»។

តួលេខរបស់មណ្ឌលទ្រទ្រង់ជនមាតុភូមិនិវត្តន៍សមាហរណកម្ម ដែលជាអង្គការសម្របសម្រួលជនដែលត្រូវគេចាប់បញ្ជូនមកកម្ពុជា បង្ហាញថា ចាប់ពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៦ មានពលរដ្ឋខ្មែរចំនួន ៥៣៨នាក់ហើយត្រូវបានគេចាប់បញ្ជូនមកកម្ពុជាវិញ។ ចំណែកនៅឆ្នាំ២០១៦ មាន ៤១នាក់ត្រូវគេចាប់បញ្ជូនមក។

នាយកប្រតិបត្តិមណ្ឌលទ្រទ្រង់ជនមាតុភូមិនិវត្តន៍សមាហរណកម្ម លោក គឹម វីឡា មិនគាំទ្រកិច្ចព្រមព្រៀងបញ្ជូននេះ ដោយលោកសង្កេតឃើញថា ប្រជាជនដែលត្រូវគេចាប់បញ្ជូនកន្លងមក ពិបាកសម្របខ្លួនក្នុងសង្គមកម្ពុជា ហើយគ្រួសាររបស់ពួកគេនៅសហរដ្ឋអាមេរិក ជួបបញ្ហា៖ «គាត់ប្រព្រឹត្តបទល្មើសតាំងពីអាយុ១៦។ តែគាត់បានរៀនសូត្រធ្វើការដប់ម្ភៃឆ្នាំ មានកូនពីរបី មានផ្ទះនៅ មានឡានជិះ តែពេលគាត់មកចឹងទៅ ផ្តាច់គ្នាអស់ហើយ។ វាធ្វើឲ្យលំបាកចំពោះកូន ហើយអ្នកណាគេជួយបង់ផ្ទះបង់ឡាន?»។ បើតាមលោក គឹម វីឡា អ្នកដែលត្រូវគេចាប់បញ្ជូនមកកម្ពុជា វិញ ភាគច្រើនបានកើតនៅក្នុងជំរំភៀសខ្លួននៅប្រទេសថៃ និងបានទៅសហរដ្ឋអាមេរិក កាលពីវ័យក្មេង។ លោកថា អ្នកទាំងនេះបានជាប់ពន្ធនាគារតាមកាលកំណត់ មុននឹងត្រូវបញ្ជូនមកកម្ពុជា ហើយពួកគេត្រូវមករស់នៅក្នុងប្រទេសដែលពួកគេមិនធ្លាប់រស់នៅ៕

, ,
website_news/2017020901.txt · Last modified: 2017/02/09 15:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki