website_news:2017020903

នគរបាលឃាត់ខ្លួនមេខ្យល់ប្រុសស្រី២នាក់នាំពលករខុសច្បាប់ទៅប្រទេសថៃ

http://nokorwatnews.com) 09/02/2017

ខេត្តបន្ទាយមានជ័យ៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បាន ឃាត់ខ្លួនជនសង្ស័យប្រុស ស្រី២នាក់ ដែលជាអ្នកចាត់ចែងដឹកជញ្ជូននាំពលករខ្មែរឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ តាមច្រករបៀងខុស ច្បាប់ នៅក្នុងភូមិសាស្រ្តស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ ការឃាត់ខ្លួនជន សង្ស័យជាមេខ្យល់នាំពលករខ្មែរឆ្លងដែនខុសច្បាប់ នគរបាលធ្វើឡើង ខណៈដែលជនសង្ស័យបាន ចាត់ចែងដឹកជញ្ជូនពលករខ្មែរប្រុស ស្រី៨នាក់ និងមានកូនតូចៗមួយចំនួន តាមរថយន្តកាមរី១ គ្រឿង បម្រុងនាំចេញទៅកាន់ប្រទេសថៃ។

លោកវរសេនីយ៍ទោ ឡាយ គឹមលួន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជននៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា មុនដំបូង នគរបាលការិយាល័យ ជំនាញឃាត់រថយន្តកាមរី១គ្រឿង ដែលបានដឹកផ្ទុកកម្មករខ្មែរ៨នាក់ ពួកគេរស់នៅខេត្តបន្ទាយ មានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់ សមត្ថកិច្ចសង្ស័យ ថាពលករខ្មែរទាំងនោះធ្វើដំណើរ គោលបំណងឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ។ លោកប្រាប់ឱ្យដឹងទៀតថា ក្រោយ ពីឃាត់រថយន្តនិងអ្នកបើករថយន្ត រួមកម្មករទាំង៨នាក់និងយកមកសាកសួរនៅប៉ុស្ថិ៍នគរបាល រដ្ឋបាលឃុំអូរបីជាន់រួចហើយ ។ កម្មករទាំងនោះបានឆ្លើយសារភាពថា ពួកគេពិតជាមានបំណង ឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ដោយមានការចាត់ចែងដឹកជញ្ជូនពីអ្នកបើករថយន្តនោះ តែម្តង ថ្លៃដឹកជញ្ជូនក្នុង១នាក់២ពាន់បាតប្រាក់ថៃ ស្មើនិងជាង២០ម៉ឺនរៀល។ បន្ទាប់មកនគរបាល ការយារិយាល័យជំនាញក៏បានសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរ បាលខេត្តបន្ទាយមានជ័យ និងស្ថាប័នអយ្យការនៃសាលាដំបូងខេត្ត ធ្វើការរឃាត់ខ្លួនជនសង្ស័យ ដែលជាអ្នកបើករថយន្តមានឈ្មោះ ស៊ិន សុភាព ហៅចិន ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកនាយការិយាល័យបានប្រាប់ឱ្យដឹងទៀតថា ក្រោយពីនគរបាលឃាត់ខ្លួនជនសង្ស័យ ជាអ្នកបើករថយន្តឈ្មោះស៊ិន សុភាព ហៅចិន រួចហើយជននេះ ក៏បានឆ្លើយសារភាព ថារូបគេពិត ជាអ្នកដឹកជញ្ជូនពលករទាំងនោះបម្រុងឆ្លងដែនខុសច្បាប់នោះមែន ហើយបានធ្វើសកម្មភាព ២លើក រួចមកហើយ ក្រោមការចាត់ចែងរបស់ស្រ្តីម្នាក់ឈ្មោះ តុង ណារី រស់នៅក្រុងប៉ោយប៉ែត ដែលជួលរូបគេដឹកកម្មករចេញពីក្រុងប៉ោយប៉ែតមកចំណុចព្រំដែនដើម្បីឆ្លងដែនទៅប្រទេសថៃ។

ក្រោយពីជនសង្ស័យអ្នកបើករថយន្តឆ្លើយសារភាពបែបនោះហើយ កម្លាំងការិយាល័យ ជំនាញក៏ធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនស្រ្តីជាមេខ្យល់ឈ្មោះ តុង ណារី អាយុ៤៣ឆ្នាំ ប្រកបមុខរបរដូរប្រាក់ រស់នៅភូមិបាលិលេយ្យ ក្រុងប៉ោយប៉ែត។

លោកនាយការិយាល័យបញ្ជាក់ឱ្យដឹងទៀតថា ការទប់ស្កាត់ពលករខ្មែរ មិនឱ្យចាកចេញ ដោយខុសច្បាប់ គឺក្នុងគោលបំណងដើម្បីរក្សាការពារសុវត្ថិភាព អាយុជីវិតបងប្អូនពលករខ្មែរយើ ងតែប៉ុណ្ណោះ។ពីព្រោះថាការឆ្លងដែនខុសច្បាប់បែបនោះពួកគាត់អាចប្រឈមនិងបញ្ហាគ្រោះថ្នាក់ជាទីបំផុត។ ជនសង្ស័យទាំង២នាក់ បន្ទាប់ពីសមត្ថកិច្ចសាកសួរតាមជំនាញរួចហើយ ត្រូវបានកសាង សំណុំរឿងចាប់បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។ចំណែកពលករទាំង៨នាក់ត្រូវបានសមត្ថកិច្ចធ្វើការអប់រំនិងធ្វើកិច្ចសន្យាដោះលែងឱ្យត្រឡប់ទៅស្រុកកំណើតវិញ។ជនសង្ស័យទាំង២នាក់បើសិនតុលាការរកឃើញមានកំហុសពិតប្រាកដនោះពួកគេ អាចប្រឈមជាប់ពន្ធនាគារពី ៧ឆ្នាំ ទៅ១៥ឆ្នាំ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស ក្នុងមាត្រាទី១១ ចែងថា ជនណា ដេលនាំយកជនដទៃដោយមិនស្របច្បាប់ក្នុងគោលដៅ ប្រគល់ឬនាំយក នៅក្រៅពីព្រះរាជា ណាចក្រកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ ឆ្នាំទៅ១៥ឆ្នាំ។

សូមបញ្ជាក់ថា ការឆ្លងដែនខុសច្បាប់ពីសំណាក់ពលករខ្មែរឆ្លងដែនតាមច្រករបៀងខុសច្បាប់ ទៅរកាងារធ្វើនៅប្រទេសថៃត្រូវគេមើលឃើញថា ពលករខ្មែរទាំងនោះអាចប្រឈមនិងការបាញ់ សម្លាប់ ចាប់ដាក់គុក ពីសណាក់ទាហានថៃ មិនតែប៉ុណ្ណោះ ពលករខ្មែរ រងការចាញ់បោកកេង កម្លាំង ពលកម្ម និងជួញដូរទៅប្រទេសទី៣ ពីសំណាក់មេខ្យល់ខ្មែរ និងមេខ្យល់ថៃទៀតផង ៕ សំ វិច្ឆិកា

website_news/2017020903.txt · Last modified: 2017/08/24 15:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki