website_news:2017020904

កម្ពុជាកំពុងរៀបចំ តាក់តែងច្បាប់ស្ដីពីការ ពរពោះជំនួស

http://dap-news.com/kh ព្រហស្បតិ៍, 09 កុម្ភៈ ២០១៧ 12:50 ដោយ: ខាដា ID:049

ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានលើកឡើងថា ក្រសួងពាក់ព័ន្ធនៅកម្ពុជា បាននឹងកំពុងរៀបចំតាក់តែងច្បាប់ ស្ដីពីការពរពោះ ជំនួស ក្នុងគោលដៅដើម្បី ទប់ស្កាត់កុមារដែលកើត ដោយការពរពោះជំនួសនេះ ក្លាយជាកុមាររង គ្រោះ។ លោក ជិន ម៉ាលីនអ្នកនាំពាក្យក្រសួងយុត្តិធម៌ធ្លាប់បានឲ្យដឹងថា នៅកម្ពុជាត្រូវតែមានច្បាប់ ស្តីពីការ ទប់ស្កាត់ការពរពោះជំនួស ព្រោះដើម្បីការពារកុមារ ដែលកើតនៅក្នុងផ្ទៃស្ត្រី ដែល គេចង់ បាន តែផ្ទុយទៅវិញ ប្រសិនបើមានករណីណាមួយ ដែលមិនក្រតីម្តាយ-ឪពុក ដែលចង់បាននោះ មិនទទួលស្គាល់នឹងពិបាក ព្រោះកូនដែលកើតមកនឹងគ្មាន អត្តសញ្ញាណច្បាស់លាស់ ហើយផ្លូវ ច្បាប់ ពិបាករកឪពុក-ម្តាយពិតប្រាកដ។

លោក ជុំ សន្ទរី បានមានប្រសាសន៍ក្រោយ បញ្ចប់ជំនួបរវាង លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Lene Kroll Christiansen តំណាងអង្គការ UNFPA ថ្មីប្រចាំកម្ពុជា នៅថ្ងៃទី៩ កុម្ភៈថា “បញ្ហាដែលកំពុងកើតមាន នៅកម្ពុជា បច្ចុប្បន្ន គឺបញ្ហាការពរពោះជំនួស ដោយបញ្ហាហ្នឹង ជាបញ្ហាដែល មិនទាន់ស្របច្បាប់ទេ។ បច្ចុប្បន្ន នេះ ក្រសួងមានសមត្ថកិច្ច របស់កម្ពុជា កំពុងរៀបចំតាក់តែង នូវច្បាប់ស្ដីពីការពរពោះជំនួស ដើម្បីអនុញ្ញាតឲ្យបញ្ហានេះ ក្លាយជាបញ្ហាស្របច្បាប់” ។

ក្នុងឱកាសនោះដែរ លោកស្រី Lene Kroll Christiansen តំណាងអង្គការមូលនីធិ ប្រជាជន របស់អង្គការ សហប្រជាជាតិ ប្រចាំកម្ពុជា មានប្រសាសន៍ថា អង្គការ UNFPA ក៏គ្រោងផ្ដល់ ជំនួយ រយៈពេល ៣ឆ្នាំ (ចាប់ពីឆ្នាំ២០១៦-២០១៨) ដល់កម្ពុជា ដែលមានទំហំទឹកប្រាក់ជាង ២៤លាន ដុល្លារ អាមេរិក សម្រាប់ដោះស្រាយបញ្ហា មួយចំនួននៅកម្ពុជា ។ លោកស្រីបន្ថែមថា គម្រោង ផ្ដល់ជំនួយ របស់អង្គការ UNFPA ក្នុងទំហំទឹកប្រាក់ជាង ២៤លានដុល្លារនេះ ក្នុងគោលបំណង ផ្ដោតសំខាន់លើបញ្ហា ៤គឺ៖ ទី១-បញ្ហាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ, ទី២-បញ្ហាមនុស្ស ពេញវ័យ និងយុវវ័យ, ទី៣-ការផ្ដល់សមភាពយេនឌ័រ និងផ្ដល់អំណាចដល់ស្រ្តី, ទី៤-ផ្តោតលើ សក្ដានុពលប្រជាជន។

សូមបញ្ជាក់ថា ពាក់ព័ន្ធការពរពោះជំនួសនេះដោយគ្មានការអនុញ្ញាតនេះ កាលពីរសៀលថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការ ចោទប្រកាន់ ស្រ្តីជនជាតិអូស្រ្តាលី និងជនជាតិខ្មែរពីរនាក់ទៀត ពាក់ព័ន្ធនិង ករណីពរពោះជំនួស នោះ ចំនួនពីរបទល្មើស តាមមាត្រា៣៣២ និងមាត្រា៦៣២។ ក្នុងពេលដែលបណ្តាប្រទេស ដទៃចេញច្បាប់ បិទមិនឲ្យមានការជួលស្រី្តពរពោះ ដើម្បីកើតកូនជំនួស បណ្តាញជំនួញនេះ បាន ហូរចូលកម្ពុជា ហើយបង្កើតមេខ្យល់ ឲ្យដើរលួង លោម អូសទាញ ស្ត្រីឲ្យរកស៊ីឈ្នួល ពរពោះជំនួស អ្នកដែល ចង់បានកូន ហើយរហូតដល់ ក្រុមមនុស្សប្រុស ស្រឡាញ់ប្រុសដូចគ្នា ចង់បានកូន ក៏មក កម្ពុជារកកូនដែរ ។ ជំនួញមួយនេះ ធ្វើឲ្យពួកឈ្មួញចំណេញ កប់ពពក អ្នកចង់បានកូន ត្រូវ ចំណាយ៥ម៉ឺនដុល្លារ ។

អាជ្ញាធរកម្ពុជាធ្លាប់បាន អះអាងថា មិនទាន់មានទិន្នន័យពាក់ព័ន្ធចំនួនស្ត្រីកម្ពុជា ដែលកំពុង ស៊ីឈ្នួលពពោះជំនួសនេះទេ។ ប៉ុន្តែមានគ្លីនិកមួយត្រូវបាន គេបង្ហើបថា មានស្ត្រី ២៣នាក់ ដែល បានស៊ីឈ្នួល ពរពោះ ហើយ មានក្រុមហ៊ុនលាក់កំបាំង មួយចំនួនទៀត កំពុងជួលស្ត្រីខ្មែរផ្តល់ សេវាពពោះ ជំនួស ជាថ្នូរនឹងប្រាក់រាប់ពាន់ដុល្លារ៕

website_news/2017020904.txt · Last modified: 2017/02/10 11:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki