website_news:2017021202

អគ្គស្នងការរងនគរបាលជាតិ បំពាក់គ្រឿងឥស្សរិយយស ជូនអង្គការក្រៅរដ្ឋាភិបាល ដែលបានសហការល្អជាមួយកងកម្លាំងនគរបាលជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស

http://cambodiapolice.com/ 11:01 am 4 ធ្នូ 2017

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧នេះ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ធិបឌិន្ទ, គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ និងគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់អស្សឫទ្ធិ ជូនបណ្តាអង្គការក្រៅរដ្ឋាភិបាល ដែលបានសហការល្អជាមួយកងកម្លាំងនគរបាលជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស នាពេលកន្លងមក។

ឯកឧត្តម នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការដៃគូរទាំងអស់ដែលជានិច្ចកាលតែងតែមានកិច្ចសហប្រតិបត្តិការល្អ ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីកម្មផ្លូវភេទលើស្រ្តី និងកុមារ ទាំងការងារស៊ើបអង្កេត និងជួយសង្រ្គោះជនរងគ្រោះ ក៏ដូចជាការងារពង្រឹងសមត្ថភាពដល់មន្រ្តីនគរបាលយុត្តិធម៌នៅនាយកដ្ឋាន និងតាមបណ្តារាជធានី-ខេត្ត។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា បទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ជាបទល្មើសសកលមានលក្ខណៈស្មុគស្មាញ ដែលចាំបាច់រួមគ្នាប្រយុទ្ធ និងបទល្មើសទាំងនេះ ជាក់ស្តែងក្នុងឆ្នាំ២០១៧នេះ សមត្ថកិច្ចបង្រ្កាបបានចំនួន ១៥១/៧៦ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១៨៧នាក់ (ស្រី៥៧នាក់) សង្រ្គោះជនរងគ្រោះបាន ២៩៦នាក់ ក្នុងនោះ អំពើជួញដូរមនុស្ស ៤៣/២៤ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៦៥នាក់ (ស្រី៣៣នាក់) សង្រ្គោះជនរងគ្រោះបាន ៨៥នាក់ និងអំពើធ្វើអាជីវកម្មផ្លូវភេទ ១០៨/៥២នាក់ ឃាត់ខ្លួនជនសង្ស័យចំនួន ១២២នាក់ (ស្រី២៤នាក់) សង្រ្គោះជនរងគ្រោះបាន ២១១នាក់។ ផ្អែកលើលទ្ធផលនៃការខិតខំប្រឹងប្រែងទាំងអស់នេះធ្វើឲ្យប្រទេសកម្ពុជាបានទទួលស្គាល់ជាអន្តរជាតិលើចំណាត់ថ្នាក់លេខ២ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការទាំងអស់ដែលមានវត្តមាននៅពេលនេះ ដែលកន្លងមកបានសហការល្អក្នុងការស្រាវជ្រាវស៊ើមអង្កេតបទល្មើសពាក់ព័ន្ធ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទលើស្រ្តី និងកុមារ ដែលទទួលបានលទ្ធផលល្អប្រសើរ។ ទន្ទឹមនឹងមានការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច ក៏ដូចជាសហការល្អជាមួយអង្គការដៃគូរយើងក៏ត្រូវមានបញ្ហាជាច្រើនទៀតដែលត្រួរួមគ្នាប្រយុទ្ធប្រឆាំងបន្ថែមទៀត ដូចជា បទល្មើសជួញដូរមនុស្សឆ្លងដែន អាជីវកម្មផ្លូវភេទលើអនីតិជន និងការបំពានផ្លូវភេទលើកុមារជាដើម ៕

website_news/2017021202.txt · Last modified: 2017/12/04 14:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki