website_news:2017021204

កិច្ចព្រមព្រៀងថ្មី ត្រូវបានចុះដើម្បីបញ្ជូនស្ត្រីខ្មែរទៅធ្វើការនៅម៉ាឡេស៊ី

http://www.postkhmer.com/ Fri, 1 December 2017 យន់ ស៊ីនាត and Daphne Chen

ភ្នំពេញៈ ស្ត្រីបម្រើការងារតាមផ្ទះ ជនជាតិកម្ពុជាដែលធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ីនឹងត្រូវផ្តល់ឲ្យនូវទូរស័ព្ទស្មាតហ្វូន គណនីធនាគារ និងការប្រឹក្សាយោបល់ក្រោមកិច្ចព្រមព្រៀងថ្មីមួយដែលចុះហត្ថលេខាដោយប្រទេសទាំង ២ កាលពីម្សិលមិញដែលនេះជាវិធានការក្នុងគោលបំណងការពារមិនឲ្យមានការរំលោភបំពានដែលធ្លាប់កើតមានជាច្រើន ហើយបណ្តាលឲ្យមានការហាមប្រាមការបញ្ជូនស្ត្រីបម្រើការងារតាមផ្ទះទៅប្រទេសម៉ាឡេស៊ីកាលពី ៦ ឆ្នាំមុន។ នេះបើតាមតំណាងទីភ្នាក់ងារជ្រើសរើសពលករម្នាក់ដែលបានថ្លែង។ ប៉ុន្តែព័ត៌មានដែលត្រូវបានប្រកាសនៅក្នុងសារព័ត៌មានម៉ាឡេស៊ី កាលពីម្សិលមិញ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមការពារសិទ្ធិការងារនៅក្នុងប្រទេសទាំង ២ ដែលបានថ្លែងថាពួកគេមិនទាន់ទទួលបានការពិគ្រោះយោបល់អំពីអនុស្សរណៈនៃការយោគយល់ (MoU) ដែលទទ្ទឹងរង់ចាំជាយូរមកហើយនេះ និងដែលនៅតែមិនទាន់បង្ហាញជាសាធារណៈនៅឡើយទេ។

កម្ពុជាមិនបានប្រកាសជាសាធារណៈអំពីពិធីចុះហត្ថលេខានេះនៅទីក្រុងគូឡាឡាំពួនោះទេដែលត្រូវបានចូលរួមដោយលោក សេង សក្កដា អគ្គនាយកនៃអគ្គនាយកដ្ឋានការងារនៃក្រសួងការងារ និងលោក Jeffrey Foo ប្រធានសមាគមទីភ្នាក់ងារជ្រើសរើសស្ត្រីបម្រើការងារតាមផ្ទះពីបរទេសរបស់ម៉ាឡេស៊ី។ ទាំងលោក សេង សក្កដា និងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួគ៌ មិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយកាលពីម្សិលមិញទេ។

លោក Foo នៅពេលទាក់ទងកាលពីម្សិលមិញបានថ្លែងថាកិច្ចព្រមព្រៀងនេះបង្កើតឲ្យមានការការពារជាច្រើនសម្រាប់ពលករបម្រើការងារតាមផ្ទះ ជនជាតិកម្ពុជាដែលត្រូវការដើម្បីបំពេញភាពខ្វះខាតពលករបម្រើការងារតាមផ្ទះក្នុងប្រទេសម៉ាឡេស៊ី។ ក្នុងចំណោមរឿងដទៃៗទៀត សមាគមនឹងផ្តល់ឲ្យពលករម្នាក់ៗនូវទូរស័ព្ទស្មាតហ្វូនមួយដោយមិនគិតថ្លៃដើម្បីតាមដានការបើកប្រាក់ខែរបស់ពួកគេ និងធ្វើឲ្យទីភ្នាក់ងារជ្រើសរើសពលករចុះកិច្ចសន្យាដែលមានគូសបង្ហាញអំពីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ពលករបម្រើការងារតាមផ្ទះ។ លោក Foo បានថ្លែងបន្តថា៖ «យើងត្រូវខិតខំប្រឹងប្រែងធ្វើការដើម្បីបណ្តុះបណ្តាល និងផ្តល់ទំនុកចិត្តដល់ប្រជាជនក្នុងប្រទេសកម្ពុជាថាប្រទេសម៉ាឡេស៊ីគឺជាកន្លែងល្អមួយសម្រាប់ធ្វើការ»។ «យើងនឹងត្រូវតែធ្វើវាដោយប្រុងប្រយ័ត្នណាស់ ហើយធ្វើឲ្យប្រាកដថាអត្ថប្រយោជន៍របស់ភាគីទាំងអស់ត្រូវបានការពារ»។

កម្ពុជាបានហាមប្រាមការបញ្ជូនស្ត្រីបម្រើការងារតាមផ្ទះទៅប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ ២០១១ បន្ទាប់ពីមានការរាយការណ៍ថាមានករណីរំលោភបំពានយ៉ាងធ្ងន់ធ្ងរជាច្រើនទៅលើស្ត្រីបម្រើការងារតាមផ្ទះទាំងនោះរួមមានដូចជាការធ្វើការងារច្រើនជ្រុល បញ្ហាមិនបើកប្រាក់ និងការរំលោភបំពានលើរាងកាយ និងផ្លូវភេទ។ ប្រទេសទាំង ២ បានព្រមព្រៀងគ្នាបើកការបញ្ជូនពលករឡើងវិញក្នុងឆ្នាំ ២០១៥ ប៉ុន្តែការចាប់ផ្តើមដំណើរការឡើងវិញនេះបានជួបបញ្ហាដោយសារនីតិវិធីមានលក្ខណៈភាន់ច្រឡំ។

ក្រុមអង្គការការពារសិទ្ធិការងារបានសម្ដែងការខកចិត្តកាលពីម្សិលមិញថា ពួកគេមិនត្រូវបានបញ្ចូលនៅក្នុងដំណើរការបង្កើត MoU នេះ ឬកិច្ចព្រមព្រៀងក្នុងឆ្នាំ ២០១៥ ដែលបានលុបចោលការហាមប្រាមជាលក្ខណៈក្រៅផ្លូវការនោះទេ។ លោក កែវ ពឿន អ្នកសម្របសម្រួលនៅសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានថ្លែងថាលោកមិនទាន់បានឃើញកិច្ចព្រមព្រៀងនេះនៅឡើយទេ ប៉ុន្តែសង្ឃឹមថាវាតម្រូវឲ្យមានការពិនិត្យទៀងទាត់ទៅលើលក្ខខណ្ឌការងារ និងពេលឈប់សម្រាកសម្រាប់ពលករ។ «ប្រសិនបើពួកគេមិនផ្តល់ការការពារដូចនោះទេ ខ្ញុំមិនគិតថាស្ត្រីបម្រើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ីមានសុវត្ថិភាពនោះទេ»។

Adrian Pereira នាយកប្រតិបត្តិនៃអង្គការ North-South Initiative ដែលជាអង្គការការពារសិទ្ធិមនុស្សម៉ាឡេស៊ីបានចោទសួរថា តើកិច្ចព្រមព្រៀងនេះនឹងមានការអនុវត្តមានប្រសិទ្ធភាពឬអត់? «[សមាគមទីភ្នាក់ងារជ្រើសរើសស្ត្រីបម្រើការងារតាមផ្ទះពីបរទេសរបស់ម៉ាឡេស៊ី] ត្រូវសួរខ្លួនឯងថា តើសមាជិកផ្ទាល់របស់ខ្លួនចំនួនប៉ុន្មានបានធ្វើតាមគោលការណ៍ណែនាំនេះ»។

តំណាងនៅអង្គការចាប់ដៃដែលជាអង្គការក្រៅរដ្ឋាភិបាលប្រឆាំងការជួញដូរមនុស្ស និងអង្គការសិទ្ធិមនុស្សអាដហុកបានថ្លែងថាពួកគេក៏មិនបានដឹងផងដែរអំពីកិច្ចព្រមព្រៀងថ្មីនេះ។ តំណាងម្នាក់នៅក្រុមហ៊ុន Elite Manpower Agency ដែលជាទីភ្នាក់ងារជ្រើសរើសពលករមានមូលដ្ឋាននៅភ្នំពេញដែលបដិសេធបញ្ចេញឈ្មោះបានថ្លែងថាក្រុមហ៊ុនមិនទាន់បានឃើញអនុស្សរណៈនៃការយោគយល់ (MoU) ថ្មីនេះជាមួយប្រទេសម៉ាឡេស៊ីនៅឡើយទេ៕ PS

website_news/2017021204.txt · Last modified: 2017/12/04 14:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki