website_news:2017021214

កាត់ទោសបុរសជនជាតិជប៉ុនម្នាក់ និងខ្មែរ២នាក់ រឿងនាំស្ត្រីខ្មែរទៅលក់នៅប្រទេសជប៉ុន

http://ann.com.kh/site/news/ ថ្ងៃចន្ទ, 4 ខែធ្នូ 2017 1:55 ល្ងាច

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧នេះ លោក វេង ហត់ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជាអសាធារណៈ កាត់ទោសបុរសជនជាតិជប៉ុនម្នាក់ និងជនជាតិខ្មែរប្រុសស្រី ២នាក់ រឿងនាំស្ត្រីខ្មែរទៅលក់ ឱ្យផ្ទះបននៅប្រទេសជប៉ុន ដើម្បីបម្រើសវាផ្លូវភេទ។

លោក គុជ គឹមឡុង ជាតំណាងអយ្យការបានចោទប្រកាន់ ពីបទការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់ការកេងប្រវ័ញ្ចន៍ ប្រព្រឹត្តកាលពីអំឡុងខែសីហា ឆ្នាំ២០១៦ យោងតាមមាតត្រា១២ នៃច្បាប់ស្ដីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ លើជនជាប់ចោទ ទី១.ឈ្មោះ FUKUI SUSUMU ភេទប្រុសអាយុ ៥២ឆ្នាំ ជាជនជាតិជប៉ុន, ទី២.ឈ្មោះ លឹម លក្ខិណា ហៅអាណែត ភេទស្រី អាយុ ២៨ឆ្នាំ ជាជនជាតិខ្មែរ និងទី៣.ឈ្មោះ សេង ចាន់ឌី ហៅខេនឌី ភេទប្រុស អាយុ ៣០ឆ្នាំ ជាជនជាតិខ្មែរ (ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ ក្រោយពេលតុលាការសម្រេចឃុំខ្លួនបានមួយរយៈ)។ នៅក្នុងសវនាការនាព្រឹកនេះ គឺមានវត្តមានដើមបណ្ដឹងដែលជាជនរងគ្រោះ ចំនួន៥នាក់ និងជនជាប់ចោទជនជាតិជប៉ុន និងស្ត្រីខ្មែរចំនួន ២នាក់ប៉ុណ្ណោះ ដោយជនជាប់ចោទឈ្មោះ សេង ចាន់ឌី ហៅខេនឌី មិនចូលរួមឡើយ ដោយឱ្យមេធាវីមកជាតំណាងនៅក្នុងសំណុំរឿង ឧក្រិដ្ឌមួយនេះ។

យោងតាមសមត្ថកិច្ចនៃមន្ទីរប្រឆាំងការជួញដូរមនុស្សបានឱ្យដឹងថា ជនជាប់ចោទទាំង២នាក់បាន សារភាពនៅក្នុងសវនាការថា ពួកគេពិតជាបាន ប្រកាសជ្រើសរើស និងបញ្ជូននារីរងគ្រោះ ចំនួន ១០នាក់ទៅប្រទេសជប៉ុន មែន ប៉ុន្តែរឿងលក់ស្ដ្រីរងគ្រោះឱ្យផ្ទះបន ពួកគេមិនបានដឹងនោះទេ គឺខាងថៅកែនៅប្រទេសជប៉ុនជាអ្នកធ្វើ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចកាលពីពេលចាប់ខ្លួនជនជាប់ចោទ បានបញ្ជាក់ថា ក្រុមជនជាប់ចោទបានរួមគំនិតគ្នា លួងលោម និងបោកបញ្ឆោតនាំនារីខ្មែរ ចំនួន ១០នាក់ឱ្យទៅធ្វើការនៅប្រទេសជប៉ុន ដោយឱ្យប្រាក់ខ្ចីមុនក្នុងម្នាក់ៗ ៥០០ដុល្លារ។

ក្រុមជនជាប់ចោទ បានសន្យាផ្តល់ការងារដល់ជនរងគ្រោះនៅប្រទេសជប៉ុន ដែលមានប្រាក់ខែចាប់ពី ៣៥០០ដុល្លារ ទៅដល់៥០០០ដុល្លារ ក្នុង១ខែ។ មិនដូចអ្វីដែលបានសន្យាឡើយ ក្រុមជនជាប់ចោទទាំង៣នាក់ បាននាំនារីរងគ្រោះយកទៅលក់ឱ្យផ្ទះបន ដើម្បីបម្រើផ្លូវភេទទៅវិញ។ ក្រោយមកក្រុមនារីរងគ្រោះបាននាំគ្នាទៅប្ដឹងសមត្ថកិច្ចឱ្យជួយរំដោះចេញពីបននោះបាន និងត្រូវបានអាជ្ញាធរកម្ពុជាជួយនាំមកប្រទេសកំណើតវិញ។

គួររំលឹកថា លោក លាង សំណាត់ ក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនជាប់ចោទទាំង ៣នាក់ខាងលើកាលពី រសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧។ ទោះជាយ៉ាងណា ដោយសារពេលវេលាមិនគ្រប់គ្រាន់ សំណុំរឿងនេះត្រូវតុលាការសម្រេចលើកពេលទៅបន្ដសវនាការនៅពេលក្រោយទៀត៕ ដោយ៖ ឡុក សំរិត

website_news/2017021214.txt · Last modified: 2017/12/04 15:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki