website_news:2017030105

ស្លាប់ដល់ទៅ២៥នាក់ រថយន្តបុកគ្នាផ្ទុះឆេះ នៅព្រំដែនកម្ពុជា-ថៃ ដោយមិនទាន់ដឹងមានពលករខ្មែរ ឬយ៉ាងណានោះទេ !

(http://www.vd7news.com) January 03,2017 06:46 AM

ប្រទេសថៃ៖ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី ២ ខែមករា ២០១៧ នៅតាមបណ្តោយផ្លូវលេខ ៣៤៤ ក្នុងភូមិ១ ឃុំណងអ៊ីរុណ ស្រុកបានបឹង ខេត្តឆុនបុរី ប្រទេសថៃ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តតួរីស ជាមួយនឹងរថយន្តម៉ាកនីសាន់ ដឹកអ្នកដំណើរដូចគ្នា។ ប្រភពបានឲ្យដឹងថា មានមនុស្សស្លាប់នៅក្នុងអណ្តាតភ្លើងចំនួន២៥នាក់ ដែរក្នុងចំណោមអ្នកដំណើរទាំង២៧នាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដ៏គួរអោយរន្ធត់នៅក្នុងប្រទេសថៃ បន្ទាប់ពីមានរថយន្តដឹកអ្នកដំណើរចំនួនពីរគ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលអោយធ្លាយធុងហ្គាសឆាបឆេះតែម្តង ។

យោងតាមលោកបាន់ឆា ប៉ានណាំ សាក្សីដែលបានឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុគឺមានរថយន្តមួយគ្រឿង ប្រភេទតួរីសដឹកអ្នកដំណើរ ពាក់ស្លាកលេខបាងកក ១៥.១៣៥២ ដែលបានធ្វើដំណើរក្នុងទិសដៅពីខេត្តច័ន្ទបុរីប្រទេសថៃ «ព្រំដែនកម្ពុជាជាប់នឹងខេត្តប៉ៃលិន» ឆ្ពោះទៅកាន់ទីក្រុងបាងកក។នៅពេលនោះដែរ គឺអ្នកបើកបររថយន្តតួរីស ហាក់បីដូចជាងងុយដេក គឺបានរេចង្កូតខណៈដែលរថយន្តកំពុងមានល្បឿនលឿន ហើយបានជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀតម៉ាកនីសាន់ ពាក់ស្លាកលេខ បាងកក ២៤៨៣ ដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នាយ៉ាងពេញទំហឹង ធ្វើអោយរថយន្តបានធ្លាយធុងហ្គាស ហើយក៏មានអណ្តាតភ្លើងឆាបឆេះឡើងតែម្តង ។ ក្រោយពេលកើតហេតុ និងបន្ទាប់ពីទទួលបានព័ត៌មានរួចមក កំលាំងតម្រួតផ្នែកអគ្គីភ័យ បានចេញប្រតិបត្តិការដើម្បីជួយពន្លត់អណ្តាយភ្លើងនេះ ជាលទ្ធផលនៅក្នុងហេតុការណ៍នេះដែរ គេសង្គេតឃើញថា មនុស្សដែលជិះនៅក្នុងរថយន្តតួរីសដែលសរុបមានចំនួន១៤នាក់ បានស្លាប់ទាំងអស់ គឺមានប្រុស៤នាក់ និងស្រី១០នាក់ ដោយឡែកនៅក្នុងរថយន្តនីសាន់ មានអ្នកដំណើរសរុប ១៣នាក់ បានស្លាប់ដោយសារអណ្តាតភ្លើងអស់ចំនួន១១នាក់ ក្នុងនោះប្រុស៥នាក់ និងស្រី៦នាក់ ចំណែកអ្នកដំណើរពីរនាក់ទៀតបានរងរបួសជាទម្ងន់ ដែលត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

ខណ:ពេលនោះដែរ នៅក្នុងចំណោមជនរងគ្រោះទាំងអស់ គេមិនទាន់ដឹងថា តើមានពលករខ្មែរដែរឬទេ ព្រោះទិសដៅពីច័ន្ទបុរី ឆ្ពោះទៅក្រុងបាងកក គឺគេសង្ស័យថាអាចមានខ្មែរនៅក្នុងនោះដែរ៕

website_news/2017030105.txt · Last modified: 2017/09/06 13:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki