website_news:2017030301

ពលរដ្ឋខ្មែរជាង៣០០រងគ្រោះដោយអំពើជួញដូរមនុស្សនៅក្រៅប្រទេស

https://kohsantepheapdaily.com.kh ដោយ ៖ ចន ណារិទ្ធ ថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០១៧ ម៉ោង ១៧:០៧

រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា សម្រាប់ឆ្នាំ២០១៦កន្លងមកក្រសួងការបរទេសបានជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរពីបរទេសសរុបចំនួន៨១៥នាក់ ក្នុងនោះមានជនរងគ្រោះដោយអំពើជួញដូរមនុស្សមានចំនួន៣៦៦នាក់ ។

របាយការណ៍នេះត្រូវបានលើកឡើងនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៧របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលធ្វើឡើងកាលពីចុងខែកុម្ភៈ កន្លងមកនេះ ។ របាយការណ៍ក្រសួងការបរទេសដដែលបានបញ្ជាក់ថា ក្នុងឆ្នាំ២០១៦កន្លងទៅកម្ពុជាបានបញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសចំនួន ៨៥.៥៧៦នាក់ផងដែរ ។

ចំណែករបាយការណ៏របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៏ក្រសួងមហាផ្ទៃវិញបានឲ្យដឹងថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះក្រសួងមហាផ្ទៃបានធ្វើការឃាត់ខ្លួនជនបរទេសដែលឆ្លងដែនខុសច្បាប់មានការស្នាក់នៅផុតកំណត់ទិដ្ឋាការ និងស្នាក់នៅបង្កឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងបានបញ្ជូនទៅប្រទេសរបស់គេវិញមានចំនួន១២.០៨៨នាក់ មាន៧៧សញ្ជាតិ ។

របាយការណ៏បានបញ្ជាក់ថា ដោយឡែកសម្រាប់រយៈពេល២ខែដើមឆ្នាំ២០១៧នេះ អាជ្ញាធរកម្ពុជាបានធ្វើការបញ្ជូនជនបរទេសរស់នៅខុសច្បាប់ចេញពីប្រទេសកម្ពុជាជាង៤០០នាក់ មាន២៤សញ្ជាតិផងដែរ ៕

website_news/2017030301.txt · Last modified: 2017/03/03 10:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki