website_news:2017030302

សាលាឧទ្ធរណ៍មិនឲ្យស្ត្រីជនជាតិអូស្ត្រាលីក្នុងសំណុំរឿងពពោះកូនស្ថិតនៅក្រៅឃុំ

http://khmer.voanews.com 02 មិនា 2017

ភ្នំពេញ៖ ស្ត្រីជនជាតិអូស្ត្រាលី Tammy Davis-Charles ដែលត្រូវបានឃុំដោយសាលាដំបូងរាជធានីភ្នំពេញជាងបីខែមកនេះ ក្រោមបទ«ធ្វើជាអន្តរការីរវាងអ្នកសុំ ហើយនិងស្ត្រីពពោះ និងសុំឲ្យផ្ដល់ឯកសារដោយទុច្ចរិត» មិនទទួលបានការអនុញាតិឲ្យសិ្ថតនៅក្រៅឃុំពីសាលាឧទ្ធរណ៍នោះទេ។ អ្នកនាំពាក្យសាលាឧទ្ធរណ៍បានបញ្ជាក់ថា សាលាឧទ្ធរណ៍ពុំមានសមត្ថកិច្ចពិចារណាលើបណ្តឹងសុំនៅក្រៅឃុំរបស់ស្ត្រីជនជាតិអូស្ត្រាលីនេះឡើយ ខណៈដែលសាលាដំបូងរាជធានីភ្នំពេញត្រៀមបើកសវនាការកាត់ទោសស្ត្រីរូបនេះ។

សាលាឧទ្ធរណ៍បានច្រានចោលបណ្តឹងសារទុកសុំនៅក្រៅឃុំរបស់ស្រ្តីជនជាតិអូស្ត្រាលីឈ្មោះ Tammy Davis-Charles កាលពីថ្ងៃពុធម្សិលមិញនេះ ដោយតុលាការបញ្ជាក់ថា សំណុំរឿងរបស់ស្រ្តីធ្វើអាជីវកម្មក្នុងការផ្តល់សេវាពរពោះកូនជំនួសរូបនេះ កំពុងបន្តនៅសាលាដំបូងរាជធានីភ្នំពេញ។ នេះបើយោងតាមការបញ្ជាក់ពីមេធាវីការពារក្តីរបស់អ្នកស្រី Tammy Davis-Charles និងអ្នកនាំពាក្យសាលាឧទ្ធរណ៍។

អ្នកស្រី Tammy Davis-Charles និងប្រជាពលរដ្ឋខ្មែរពីររូបផ្សេងទៀតក្នុងនោះមានឈ្មោះពេញ រិទ្ធី វ័យ ២៨ឆ្នាំ ជាមន្ត្រីក្រសួងពាណិជ្ជកម្ម និងឈ្មោះ សំរឹទ្ធ ចាន់ចរិយា វ័យ ៣៥ឆ្នាំ ជាគិលានុប្បដ្ឋាយិកានៅមន្ទីរពេទ្យបង្អែកភ្នំពេញ ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសរកាលពីចុងឆ្នាំ២០១៦ ពីបទ«ធ្វើជាអន្តរការីរវាងអ្នកសុំ ហើយនិងស្ត្រីពពោះ និងសុំឲ្យផ្ដល់ឯកសារដោយទុច្ចរិត»។

លោក ឈាង សោភ័ណ មេធាវីការពារក្តី អ្នកស្រី Tammy Davis-Charles ដែលជាស្ថាបនិកគ្លីនិកព្យាបាល Fertility Solutions PGD បានប្រាប់ VOA ថា សាលាឧទ្ធរណ៍មិនអនុញាតិឲ្យកូនក្តីលោកស្ថិតនៅក្រៅឃុំនោះទេ ដោយសារតែសាលាដំបូងរាជធានីភ្នំពេញ ទើបបញ្ចប់កិច្ចស៊ើបសួរ និងត្រៀមបើកសវនាការជំនុំជម្រះ។ «ក្នុងសាលដីកាគេប្រកាស គេយល់ឃើញថា រឿងហ្នឹង ចៅក្រមស៊ើបសួរបានបិទការស៊ើបសួរហើយ អញ្ចឹងគាត់ ត្រូវគេបញ្ជូនទៅជំនុំជម្រះ ដល់អញ្ចឹងគេអត់ឲ្យយើងនៅក្រៅឃុំ»។ លោកមេធាវីបន្តថា លោកនឹងព្យាយាមសុំឲ្យកូនក្តីលោក បានស្ថិតនៅក្រៅឃុំ ដោយសារបទល្មើសកូនក្តីរបស់លោក គឺជាបទល្មើសមជ្ឈឹម ខណៈដែលការឃុំខ្លួនបណ្តោះអាសន្នបានអូសបន្លាយពេលអស់ជាងបីខែមកហើយ។ ជនដែលរងការចោទប្រកាន់ទាំងបីនាក់នេះ ក្នុងនោះមានអ្នកស្រី Tammy Davis-Charles ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅតុលាការ ដោយសារប្រទេសកម្ពុជា ពុំមានច្បាប់បើកឲ្យធ្វើការផ្ដល់សេវាពពោះនោះឡើយ។ មន្ត្រីរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា ការតាក់តែងសេចក្តីព្រាងច្បាប់មួយដើម្បីគ្រប់គ្រងសេវានេះ បានកំពុងធ្វើឡើង។ ទោះជាយ៉ាងណា ពួកគេមិនអាចបញ្ជាក់បានថា សេចក្តីព្រាងច្បាប់នោះ នឹងផ្តល់ភាពស្របច្បាប់ដល់សេវាដែលប្រជាពលរដ្ឋខ្មែរពុំសូវដឹងនេះឡើយ។

លោក ទូច ថារិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍ប្រាប់ VOA ថា សាលាឧទ្ធរណ៍សម្រេចច្រានចោលបណ្តឹងសារទុក្ខរបស់ អ្នកស្រី Tammy Davis-Charles ដោយហេតុ សាលាដំបូងនឹងបើកសវានាការកាត់ទោសស្រ្តីរូបនេះ។ លោកបញ្ជាក់ថា៖«សភាស៊ើបសួរនៅសាលាឧទ្ធរណ៍ មិនបានពិចារណា ទៅលើការស្នើសុំរបស់ជនល្មើសហ្នឹងឲ្យនៅក្រៅឃុំបានទេ»។លោកបន្ថែមថា៖«សាលាដំបូងហ្នឹងគាត់បានបិទការស៊ើបសួរ គាត់បានបញ្ជូនសំណុំរឿងនេះ ទៅធ្វើការជំនុំជម្រះ នៅពេលខាងមុខហ្នឹង»។

បើតាមការបញ្ជាក់ពីអាជ្ញាធរប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា អ្នកស្រី Davis-Charlses ស្ថាបនិកគ្លីនិកព្យាបាល Fertility Solutions PGD បានផ្ទេរអាជីវកម្មរបស់ខ្លួនមកប្រទេសកម្ពុជា កាលពីឆ្នាំទៅ នៅពេលដែលរដ្ឋាភិបាលយោធានៅប្រទេសថៃ បានបិទគ្លីនិកពពោះកូនជំនួស នៅក្នុងប្រទេសដែលមានព្រំប្រទល់ជាប់កម្ពុជានេះ។

គ្លីនិករបស់អ្នកស្រីបានយកថ្លៃសេវាពីអតិថិជនរបស់ខ្លួនប្រហែល ៥០.០០០ដុល្លារអាមេរិក និងបានបង់ប្រាក់ចន្លោះពី ១០.០០០ ទៅ ១២.០០០ដុល្លារអាមេរិក ដល់ស្ត្រីកម្ពុជាពពោះកូនជំនួស ដែលមានចំនួន៥នាក់។

អ្នកធ្វើការពង្រឹងសិទ្ធិស្ត្រី បានបង្ហាញទស្សនៈប្រឆាំងនឹងការធ្វើឲ្យមានភាពស្របច្បាប់នៃសេវាពពោះកូនជំនួសនេះ ព្រោះស្ត្រីខ្មែរមិនយល់ច្រើនពីលក្ខខណ្ឌស្មុគស្មាញរបស់សេវានេះទេ និងមិនទទួលបានផលប្រយោជន៍ច្រើននោះឡើយ៕

website_news/2017030302.txt · Last modified: 2017/03/03 10:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki