website_news:2017030303

ត្រឹមរយៈពេល១ខែ ថៃបញ្ជូនពលករខ្មែរខុសច្បាប់មកកម្ពុជាវិញ ជិត៤០០០ពាន់នាក់ តាមច្រកទ្វារអន្តរជាតិដូង

http://ann.com.kh/blog/detail ថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧ ដោយ: រៀម សាលី

បាត់ដំបង៖ គិតក្នុងរយៈពេល១ខែ គឺខែកុម្ភៈ ឆ្នាំ២០១៧ ពលករខ្មែរឆ្លងដែនខុសច្បាប់ចំនួនជិត៤០០០ពាន់នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង។

លោកប្រធានច្រកអន្តរជាតិដូង បានឲ្យដឹងកាលពីរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៧ មានពលករខ្មែរឆ្លងដែនដោយខុសច្បាប់ជិត៤០០០នាក់ ត្រូវបានអាជ្ញាធរ និងទាហានថៃ ចាប់បញ្ជូនឲ្យត្រឡប់មកកម្ពុជាវិញ។

ដោយឡែកនៅថ្ងៃទី០១ ទី០២ ដើមខែមីនា នេះ ក៏មានពលករប្រមាណ២០០០នាក់ទៀត ត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនជាបន្តបន្ទាប់មកកាន់កម្ពុជា។ ពលករខ្មែរទាំងនោះភាគច្រើនជាបុរស ពួកគេបានធ្វើដំណើរពីតាមបណ្តាខេត្តនានា ពិសេសប្រជាពលរដ្ឋរស់នៅតាមតំបន់បណ្តោយព្រំដែនកម្ពុជា-ថៃ តែម្តង។

លោក អ៊ុច អ៊ុំភីនីហ្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បានបញ្ជាក់ដែរថា កាលពីឆ្នាំ២០១៦ អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរចំណាកស្រុកខុសច្បាប់ ចំនួន១៦៣លើក សរុបពលករទាំងអស់ ចំនួន៧៣២៨នាក់ ក្នុងនោះមានស្ត្រី៣៦១២នាក់ និងកុមារ៤៧៩នាក់។ ដោយឡែកពលករខ្មែរដែលចូលបំពេញបែបបទស្របច្បាប់ទៅធ្វើការងារនៅក្នុងប្រទេសថៃ គឺមានចំនួនសរុបជាង២លាននាក់៕

website_news/2017030303.txt · Last modified: 2017/08/24 15:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki