website_news:2017030503

ពលការិនីខ្មែរម្នាក់ធ្វើការនៅម៉ាឡេស៊ីស្វែងរកការសង្គ្រោះពីក្រុមអាជ្ញាធរ

http://www.rfa.org/khmer/news/ ដោយ រដ្ឋា វិសាល 2017-05-02

គ្រួសារស្ត្រីខ្មែរដែលទៅធ្វើការជាអ្នកបម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ី មួយរូប កំពុងស្វែងរកជំនួយសង្គ្រោះពីសមត្ថកិច្ចខ្មែរ ខណៈដែលកូនស្រីរបស់គាត់អះអាងថា បានចាញ់បោកថៅកែជនជាតិម៉ាឡេស៊ី មិនព្រមបើកប្រាក់ឈ្នួលពលកម្មរយៈពេលពីរឆ្នាំ និងដកហូតលិខិតឆ្លងដែនមិនឲ្យនាងវិលត្រឡប់មកស្រុកកំណើតវិញបាន។

ម្តាយពលការិនីខ្មែរមួយរូប អំពាវនាវសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធនៃប្រទេសកម្ពុជា ឲ្យជួយសង្គ្រោះកូនរបស់គាត់ពីប្រទេសម៉ាឡេស៊ី ខណៈកូនរបស់គាត់ត្រូវបានថៅកែដកហូតលិខិតឆ្លងដែន មិនអាចវិលត្រឡប់មកស្រុកកំណើតវិញបាន។ ការអំពាវនាវនេះ ធ្វើឡើងនៅថ្ងៃទី២ ខែឧសភា ក្រោយពេលម្តាយពលការិនីខ្មែររូបនេះ បានស្វែងរកកិច្ចអន្តរាគមន៍ពីអង្គការការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តរតនគិរី កាលពីថ្ងៃទី១ ខែឧសភា។

ស្ត្រីឈ្មោះ មាស សំភ័ស្ត អាយុ ៤៨ឆ្នាំ មានស្រុកកំណើតនៅភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្ន លោកស្រីមកធ្វើជាកម្មករសំណង់ស្នាក់នៅក្រុងបានលុង ខេត្តរតនគិរី បញ្ជាក់ថា កូនស្រីគាត់ឈ្មោះ វីន ណារ៉ន អាយុ ២១ឆ្នាំ បានទូរស័ព្ទពីប្រទេសម៉ាឡេស៊ី ប្រាប់ពីបំណងចង់វិលមកស្រុកកំណើត ក្រោយពេលទៅធ្វើការនៅប្រទេសនេះអស់រយៈពេលជាង ២ឆ្នាំ ក៏ប៉ុន្តែថៅកែមិនបើកប្រាក់ឈ្នួល និងដកហូតលិខិតឆ្លងដែនមិនឲ្យនាងវិលមកស្រុកវិញបាន។ លោកស្រីបន្តថា ក្រុមគ្រួសារគាត់ទទួលបានប្រាក់ ១លានរៀលពីមេខ្យល់ គ្រាដែលកូនស្រីរបស់គាត់ចេញដំណើរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៤ ហើយបាត់ដំណឹងតាំងពីពេលនោះមក។

រហូតបច្ចុប្បន្ន ទើបនាងទូរស័ព្ទផ្តល់ដំណឹងថា នាងបានរត់ចេញពីថៅកែចាស់ទៅធ្វើកម្មករដាំបន្លែនៅកសិដ្ឋានមួយកន្លែងនៅប្រទេសម៉ាឡេស៊ី ប៉ុន្តែគាត់មិនស្គាល់ទីតាំងនោះទេ៖ «ជួយកូនខ្ញុំឲ្យបានមកស្រុកវិញ។ គេថាកូនខ្ញុំលួចលុយ តែកូនខ្ញុំអត់លួចទេ។ កូនគេទេដែលលួច»។

ចំណែកពលការិនីឈ្មោះ វីន ណារ៉ន បញ្ជាក់តាមទូរស័ព្ទពីប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២ ខែឧសភា ថា នាងកំពុងឋិតក្នុងសភាពភ័យខ្លាច ដោយសាររស់នៅទីតាំងថ្មីដោយគ្មានលិខិតឆ្លងដែន។ នាងចង់វិលមកស្រុកកំណើតតាមរយៈមេខ្យល់តាមច្រករបៀងព្រំដែនខុសច្បាប់ ក៏ប៉ុន្តែនាងបារម្ភពីសុវត្ថិភាព ទើបផ្តល់ដំណឹងមកម្តាយឲ្យជួយស្វែងរកការអន្តរាគមន៍ពីអាជ្ញាធរកម្ពុជា៖ «ពីរឆ្នាំហើយអ៊ំ អត់លុយផង សូម្បីតែមួយរៀលក៏គ្មានដែរ ប៉ាសស្ព័រគេយកទុកមានតែខ្លួន»។

នៅថ្ងៃទី២ ខែឧសភា លោកស្រី មាស សំភ័ស្ត បានធ្វើដំណើរទៅកាន់ស្នងការដ្ឋានប៉ូលិសខេត្តរតនគិរី ដើម្បីផ្តល់ព័ត៌មានជុំវិញរឿងរ៉ាវរបស់កូនស្រីគាត់ និងស្នើសុំឲ្យសមត្ថកិច្ចប៉ូលិសអន្តរាគមន៍ជួយសង្គ្រោះកូនស្រីគាត់បានត្រឡប់មកស្រុកកំណើតដោយសុវត្ថិភាព។

ស្នងការរងប៉ូលិសខេត្តរតនគិរី អ្នកស្រី កែវ ដាវី បញ្ជាក់ថា តាមការផ្តល់ព័ត៌មានរបស់ម្តាយជនរងគ្រោះ គឺពួកគេចាញ់បោកមេខ្យល់នាំពលករទៅប្រទេសម៉ាឡេស៊ី ដោយខុសច្បាប់ ទើបកើតរឿងបែបនេះ។ អ្នកស្រីបន្តថា បានអន្តរាគមន៍ទៅស្នងការដ្ឋានប៉ូលិសខេត្តក្រចេះ ដើម្បីសហការរកវិធីសង្គ្រោះជនរងគ្រោះមកវិញ៖ «ខាងស្នងការរងក្រចេះ គេធ្វើការឲ្យគាត់ហើយ រឿងនេះបើទៅដាក់បណ្ដឹងគេធ្វើការលឿន។ កូនហ្នឹងចាញ់បោកមេខ្យល់អត់មានក្រុមហ៊ុននាំទៅទេ»។

សេចក្តីរាយការណ៍របស់ពលការិនីឈ្មោះ វីន ណារ៉ន ឲ្យដឹងថា មានស្ត្រីខ្មែរដែលរួមដំណើរជាមួយក្រុមនាងច្រើននាក់ សុទ្ធតែចាញ់បោកមេខ្យល់យកទៅលក់ធ្វើកម្មករនៅប្រទេសម៉ាឡេស៊ី តាំងពីឆ្នាំ២០១៤ ហើយត្រូវបានថៅកែមិនបើកប្រាក់ឈ្នួល និងដកហូតលិខិតឆ្លងដែនដូចគ្នា។ បច្ចុប្បន្ន ជនរងគ្រោះខ្លះលួចរត់ចេញពីថៅកែ ហើយធ្វើដំណើរដោយគ្មានលិខិតស្នាមឆ្លងកាត់ច្រករបៀងព្រំដែនពីប្រទេសម៉ាឡេស៊ី ចូលមកប្រទេសថៃ និងឆ្លងចូលមកកម្ពុជា វិញ៕

website_news/2017030503.txt · Last modified: 2017/05/03 14:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki