website_news:2017030504

ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី អន្តរាគមន៍ ជួយពលការិនីខ្មែររងគ្រោះ ២នាក់

http://www./dap-news.html ថ្ងៃពុធ, 03 ឧសភា ២០១៧ 08:44 ដោយ: មង្គល ID:013

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍ របស់ពលការិនីខ្មែរ ចំនួន២នាក់ ដែលបានចាញ់បោកមេខ្យល់ និងចូលទៅធ្វើការដោយខុសច្បាប់។យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី៣ឧសភានេះ បានឲ្យដឹងថា ពលការិនីខ្មែរចំនួន២នាក់នោះ រួមមាន៖

(១) ពលការិនី ស.ឃ អាយុ៣៣ឆ្នាំ មកពីស្រុកសន្ទុក ខេត្តកំពង់ធំ បានទៅម៉ាឡេស៊ី ធ្វើការងារតាមផ្ទះ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយធ្វើការលំបាក នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ នាងបានស្នើសុំស្ថានទូត ជួយទាមទារប្រាក់ខែ ដែលនៅសល់ពីនិយោជក និងជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត និយោជករបស់ពលការិនី បានប្រគល់ប្រាក់ខែដែលនៅសល់ ជូននាងចំនួន ២៣០៨៩ រីងហ្គីត (ប្រហែល ៥២៤៧ដុល្លារអាមេរិក) នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ។

និងទី(២) ពលការិនី វ.ស.ម អាយុ២៥ឆ្នាំ មកពីស្រុកសំបូរ ខេត្តក្រចេះ បានទៅម៉ាឡេស៊ីខុសច្បាប់ដោយខ្លួនឯង និងធ្វើការក្នុងភោជនីយដ្ឋានមួយកន្លែង កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៥។ ដោយចង់ត្រឡប់មកកម្ពុជាវិញ នាងបានស្នើសុំកិច្ចអន្តរាគមន៍ពីស្ថានទូត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៧ ហើយស្ថានទូតបានសម្របសម្រួល ជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី។ ក្នុងអំឡុងពេល រង់ចាំត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ ដល់ពលការិនីទាំងពីរនាក់ ហើយពួកគេបានមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង០៧:៣៥នាទីព្រឹក តាមជើងយន្តហោះ AK536 ។

គួរកត់សម្គាល់ថា ក្នុងត្រីមាសទី១ (ពីថ្ងៃទី០១ ខែមករា ដល់៣១ ខែមីនា) ឆ្នាំ២០១៧ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមជួយដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍ ជូនពលរដ្ឋខ្មែរ ចំនួន៦០នាក់ (ស្រី៥១នាក់ និងប្រុស៩នាក់)

website_news/2017030504.txt · Last modified: 2017/05/03 14:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki