website_news:2017030702

កន្លែងណាទៅដែលថា កាត់បន្ថយភាពក្រីក្រនោះ បើលិខិតឆ្លងដែន១ជាង៣លានទៅហើយ

http://www.kaoh-santiphap-news.html ៖ ម៉ុត សារុន ថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧ ម៉ោង ១៤:១៦

ខេត្តបន្ទាយមានជ័យ ៖ ពលករវិលត្រលប់ពីថៃ ដើម្បីមកធ្វើលិខិតឆ្លងដែនប្រភេទការងារជាច្រើននាក់ បានរអ៊ូរទាំថា តម្លៃលិខិតឆ្លងដែននៅកម្ពុជាម្តេចក៏ថ្លៃម្លេះ? ។ ការលើកឡើងបែបនេះ ខណៈពួកគេចុះពីរថយន្តទ្រុងរបស់ថៃ នៅទីតាំងទទួលពលករបញ្ជូនពីថៃ នៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ។

ផ្តល់បទសម្ភាសផ្ទាល់មាត់ពីពលករម្នាក់ឈ្មោះ សេន ចាន់ថុល ភេទប្រុស អាយុ៤៦ឆ្នាំ ជាកម្មករសំណង់ធ្វើការនៅខេត្តសារ៉ាក់បូរី និងមានទីលំនៅភូមិអូរធំ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានឲ្យកោះសន្តិភាពដឹងថា ៖ គាត់វិលត្រលប់ពីថៃជាមួយពលករធ្វើការជាមួយគ្នាសរុប១៣៥នាក់ ដើម្បីមកធ្វើលិខិតឆ្លងដែនប្រភេទការងារ ។ ពលកររូបនេះបន្តថា លិខិតឆ្លងដែនការងារនោះ រយៈពេល១០ឆ្នាំ និងមានទិដ្ឋាការ (វីសា) រយៈពេល២ឆ្នាំ តម្លៃ៣១,០០០បាត (បីម៉ឺនមួយពាន់បាត) ប្រាក់ថៃគិតជាប្រាក់ខ្មែរជាង ៣លានរៀល ។ គាត់បន្តថា គ្រប់គ្នាមិនមានប្រាក់ផ្ទាល់ខ្លួនសម្រាប់ធ្វើទេ គឺថៅកែថៃជាអ្នកចេញជំនួស ប៉ុន្តែគេកាត់ប្រាក់រាល់ខែ ពេលពួកគាត់វិលត្រលប់ទៅធ្វើការលើទឹកដីថៃវិញ ។ មិនមែនតែពលករម្នាក់ទេ ដែលចង់ផ្តល់បទសម្ភាសក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ប៉ុន្តែនៅកន្លែងកើតហេតុ ហាក់មានអ្នករារាំងខ្សឹបខ្សៀវមិនឲ្យពលករនិយាយ ។ មិនតែប៉ុណ្ណោះ បានព្យាយាមនាំពលករចេញ បញ្ចៀសការសួរនាំទៀតផង ។

ពលករម្នាក់សុំមិនបញ្ចេញឈ្មោះ ដែលវិលត្រលប់ពីថៃតាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បានអះអាងថា ៖ បានទៅធ្វើលិខិតឆ្លងដែនការងារនៅភ្នំពេញរួចហើយ តាមរយៈក្រុមហ៊ុនខ្មែរមួយអស់ទឹកប្រាក់៣០,០០០បាត (បីម៉ឺនបាត) គិតជាប្រាក់ខ្មែរជាង3លានរៀល ។ ពលកររូបនេះអះអាងថា ខ្លួនពុំមានប្រាក់ធ្វើលិខិតឆ្លងដែន ហើយត្រូវថៅកែថៃចេញប្រាក់ធ្វើលិខិតឆ្លងដែនឲ្យដូចគ្នា ប៉ុន្តែថ្លៃធ្វើដំណើរចុះឡើង ស្នាក់នៅ និងការចាយវាយជាប្រាក់ខ្លួនឯង ដូចពលករទាំអស់ខាលើដែរ ។

ក្រោយពលករចុះពីរថយន្តនៅទីតាំងទទួលពលករក្នុងក្រុងប៉ោយប៉ែត គេឃើញមានអ្នកចាំទទួលពលករដឹកតាមរថយន្តផ្សេងៗ ដើម្បីយកទៅធ្វើលិខិតឆ្លងដែន នៅរាជធានីភ្នំពេញ ។ ប៉ុន្តែពេលឃើញអ្នកយកព័ត៍មានផ្ដិតយករូបភាព ឬសាកសួរអ្នកចាំទទួលពលករ បែជាបដិសេធថា ខ្លួនគ្រាន់តែជួយរករថយន្តឲ្យពលករជិះទៅភ្នំពេញតែប៉ុណ្ណោះ ។

website_news/2017030702.txt · Last modified: 2017/07/02 11:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki