website_news:2017030704

ទូតខ្មែរនៅថៃប្រាប់ពលករខ្មែរ រក្សាភាពស្ងប់ស្ងាត់ខណៈ ថៃបញ្ជូនពលករមកវិញ ជាបន្តបន្ទាប់

http://www.daem-ampil-news.html សៅរ៍, 01 កក្កដា ២០១៧ 17:04 ដោយ: ដើមអម្ពិល ID:049

ភ្នំពេញ៖ក្រោយពីមានការបញ្ជូន ពលករខ្មែរមកប្រទេសកំណើត វិញជាបន្តបន្ទាប់ ស្ថានឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសថៃ បានជូនដំណឹងប្រាប់ ក្រុមពលករកុំមានការភ្ញាក់ផ្អើល និងរក្សាភាពស្ងប់ស្ងាត់។

កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ក្រុមអាជ្ញាធរថៃ បានចាប់បញ្ជូនពលករខ្មែរជាង៥ ពាន់នាក់ មកកម្ពុជាវិញតាម ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោយថៃអនុវត្តន៍ច្បាប់ អន្តោរប្រវេសន៍៨ចំណុច និងបានបញ្ជូនជាបន្តបន្ទាប់ មករហូតមកដល់ថ្ងៃទី១ កក្កដានេះ។

គេហទំព័ររបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ នៅថ្ងៃទី១ កក្កដានេះ បានឲ្យដឹងថា រដ្ឋាភិបាលថៃ បានកែសម្រួលព្រះរាជក្រឹត្យ ស្តីពីការគ្រប់គ្រងការធ្វើការរបស់ ពលករបរទេស ឆ្នាំ២០១៧ ក្នុងគោលបំណងបន្ថែមទំងន់ ទោសដល់និយោជកដែលប្រើប្រាស់ ពលករបរទេសដែលពុំទាន់មានឯកសារស្របច្បាប់ និងក្រុមហ៊ុនដែលនាំពលករបរទេស មកធ្វើការនៅថៃដោយខុសច្បាប់តែប៉ុណ្ណោះ។

ប្រភពបន្តថា “សូមបងប្អូនពលករកម្ពុជាទាំងអស់ រក្សាភាពស្ងៀមស្ងាត់ ព្រោះស្ថានឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង៍ និងក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈកម្ពុជា កំពុងតែពិភាក្សាជាមួយអាជ្ញាធរ មានសមត្ថកិច្ចថៃ ជួយសម្រួលកុំឲ្យមានការចុះត្រួតពិនិត្យ ពលករកម្ពុជាដែលពុំមានឯកសារគ្រប់គ្រាន់ ក្នុងការស្នាក់នៅ និងធ្វើការនៅ ក្នុងប្រទេសថៃ”។

គេហទំព័រខាងលើបានឲ្យដឹងទៀតថា ចំពោះពលករកម្ពុជាដែលមានបំណង ចង់មកធ្វើការនៅប្រទេសថៃ ដើម្បីជៀសវាង ការចាញ់បោកមេខ្យល់ដែលឆ្លៀតឱកាស បោកប្រាស់ក្នុងការរៀបចំឯកសារមកធ្វើការ ស្របច្បាប់នៅបរទេស ត្រូវទំនាក់ទំនង ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ដែលបានទទួលការអនុញ្ញាត ពីក្រសួងការងារ ក្នុងការជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូនពលករកម្ពុជាទៅ ធ្វើការនៅបរទេស ។

ក្នុងករណីបងប្អូនពលករ-ពលការិនី មានជួបបញ្ហាទាក់ទងមកទូរស័ព្ទ មន្រ្តីស្ថានទូតកម្ពុជានៅក្រុងបាងកក លេខ ០២ ៩៥៧ ៥៨៥១/ ០៩២ ៨០៥ ០៥៦១ /០៩៤ ០៩២ ៥៩០៥ /០៨៦ ៧៩៩ ៩៩៥៧ /០៦៤ ៧៥៥ ៧៤០១៕

website_news/2017030704.txt · Last modified: 2017/07/02 12:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki